សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ លោកត្រូវបានបញ្ជូនខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ល្ងាចនេះ។
លោក ហុក ផល្លា មេធាវីការពារក្ដីឲ្យលោក ស៊ុត ឌីណា បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លី ពេលចេញពីតុលាការនៅល្ងាចនេះថា តុលាការបានចោទប្រកាន់កូនក្ដីរបស់លោកចំនួន២បទចោទ និងឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្នដើម្បីបន្តការស៊ើបអង្កេត។
ចំណែកលោក ស៊ុត ឌីណា មិនបានថ្លែងអ្វីនោះទេពេលត្រូវនាំខ្លួនចេញពីតុលាការ ដែលខុសពីពេលដែលលោកត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានីកាលពីព្រឹកមិញ ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានភ្លាមៗនៅឡើយទេ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះថា អង្គភាពបានស្នើតុលាការចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួនពីរបទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងរំលោភអំណាចដោយមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថាក្នុងនោះមានការយកលុយស្ទីកឃ័រសម្រាប់ទិដ្ឋាការសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននិងការកេងយកលុយពីក្រុមគ្រួសារពលករដែលស្លាប់នៅប្រទេសកូរ៉េ។ លោកបន្តថាលោកបានរកឃើញបួនប្រាំបទល្មើសទៀត តែលោកថាអង្គភាពបញ្ជូនទៅតុលាការតែពីរបទល្មើសជាមុនសិន។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសផងដែរថា អង្គភាពរកឃើញថា លោក ស៊ុត ឌីណា មានលុយចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។
លោក ឱម យ៉ិនទៀង ក៏បានអះអាងដែរថា អង្គភាពបានដឹងថាលោក ស៊ុត ឌីណាមានដី១០កន្លែងធំៗនិងត្បូងប្រមាណ៥០០គ្រាប់ បន្ថែមលើលុយសុទ្ធក្រៅធនាគារជាង៧លានដុល្លារអាមេរិក។
ទោះយ៉ាងណា ម្តាយរបស់លោក ស៊ុត ឌីណា អ្នកស្រី យ៉ាំ ឈីវអេង អាយុ៦៧ ឆ្នាំ បានបដិសេធនឹងការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយថាកូនរបស់អ្នកស្រីមិនមានលុយទៅដល់ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង មានមាសប៉ុន្មាន១០គីឡូ អាណាស្អី។ ឲ្យដើរសួរធនាគារគ្រប់ទៅ វាមិនពិតទេអូន ខ្ញុំឲ្យគាត់ដើរសួរតាមធនាគារទាំងអស់ទៅ ទៅដាក់ធនាគារឯណា៧លាន ៧សែន ឯណោះ បើមានលុយប៉ុណ្ណោះ ទិញឡានជិះ ខ្ញុំលើកផ្ទះថ្មនៅ”។
អ្នកស្រីបន្តថាលោកត្រូវបានរដ្ឋមន្រ្តីក្រសួងការបរទេសលោក ហោ ណាំហុង ហៅមកប្រជុំ ទើបលោកមក ហើយមានការចាប់ខ្លួននៅក្រសួងការបរទេសកាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕