គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធសង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិនទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរសុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែកស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។
លោកបានបញ្ជាក់ថា៖ “ក្នុងឋានឯកឧត្តមជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលតំណាងឲ្យក្រុមអ្នកបោសសំអាតអំពើពុករលួយក្នុងប្រទេស ខ្ញុំសូមឯកឧត្តមបង្ហាញនូវតម្លាភាពដើម្បីស្រាយបំភ្លឺឲ្យបានច្បាស់ប្រាប់ទៅសាធារណជនជាពលរដ្ឋខ្មែរឲ្យបានដឹងថាតើក្នុងស្រោមសំបុត្រនោះមានអ្វី? ជាលុយសុទ្ធឬជាអ្វីផ្សេង? បើជាលុយសុទ្ធ តើវាមានចំនួនប៉ុន្មានរៀលក្នុងមួយសំបុត្រ?បានពីណា? ជាថវិកាផ្ទាល់របស់ឯកឧត្តមដែលសល់ពីប្រាក់ខែឬបានមកពីខាងណា?ឬជាលុយរបស់រដ្ឋ? សរុបទាំងអស់ប៉ុន្មានស្រោមសំបុត្រ?”
នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីថាក្នុងករណីដែលប្រធានអង្គភាពមិនឆ្លើយតបនឹងលិខិតរបស់លោក លោកថានេះបង្ហាញថាលោក ឱម យ៉ិនទៀង មិនមានតម្លាភាពក្នុងការងារ។ លោកមានប្រសាសន៍ថា៖ “បើសិនបើACUមិនឆ្លើយ គឺមានន័យថាប្រធានACUខ្លួនឯង គឺជាមនុស្សដែលកំពុងតែប្រព្រឹត្តអំពើពុករលួយ លាក់លាមមួយ ដែលមិនមានតម្លាភាពទេ ដែលអត់មានការទទួលខុសត្រូវទេ អញ្ចឹងក្នុងនាមជាប្រធានដែលត្រឹមត្រូវ ហើយដែលចង់ជម្រះអំពើពុករលួយ ត្រូវតែឆ្លើយ ហើយបើមិនឆ្លើយ គឺថាវាខ្វះទាំងសីលធម៌ ខ្វះទាំងការទទួលខុសត្រូវ ហើយរឹតតែបញ្ជាក់ថាអង្គភាពនេះមិនមានសមត្ថភាពនៅក្នុងការលាងសម្អាតមន្រ្តីខ្លួនឯង ថ្នាក់ដឹកនាំខ្លួនឯងឲ្យបានច្បាស់ទេ បែរទៅជាចង្អុលគេពាសណាពាសណី”។
លោក សួន សេរីរដ្ឋា ក៏បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាមិនទាន់បានធ្វើកិច្ចអ្វីមួយឲ្យមានប្រសិទ្ធភាពនោះទេ ដោយលោកថាអង្គភាពមិនបានចាប់បានត្រីឆ្តោនិងត្រីរ៉ស់ធំៗ ដោយលោកប្រៀបធៀបទៅនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកថាកំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
វីអូឌីមិនទាន់អាចទាក់ទងលោក ឱម យ៉ិនទៀង ដើម្បីសូមការឆ្លើយតបភ្លាមៗបាននៅឡើយទេ ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
លោក គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទដែលបានចូលរួមក្នុងពេលលោក ឱម យ៉ិនទៀង ចុះសួរសុខទុក្ខកងទ័ព ប្រាប់វីអូឌីថាក្រុមការងាររបស់អង្គភាពពិតបានចុះសួរសុខទុក្ខនិងចែកអំណាចដល់នាយទាហានពិតមែន។ លោកបន្តថាការចុះសួរសុខទុក្ខនេះជា”ការចងសម្ព័ន្ធមេត្រីភាព”រវាងអង្គភាពនិងកងទ័ព។
នៅពេលសួរពីរឿងចែកស្រោមសំបុត្រ លោក គន់ គីម ស្ទាក់ស្ទើរមិនចង់ឆ្លើយហើយក៏លើកឡើងថានោះជាលិខិតជូនពរហើយក៏ចុចបិទទូរស័ព្ទ។ នៅពេលទាក់ទងទៅម្តងទៀត លោកបង្វែរសំណួរនេះទៅលោក ឱម យ៉ិនទៀង វិញ។ លោកមានប្រសាសន៍ថា៖ “អ្ហែងសួរធ្វើអី? អ្ហែងមិនទៅសួរម្ចាស់គេ អញម៉េចដឹង”។
ការសិក្សាមួយក្នុងឆ្នាំ២០១៥ របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញថាក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ។
គួរបញ្ជាក់ថានៅពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីអំពើពុករលួយមួយទៅលើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពថាលោកមានកំណើនចំណូលដល់ទៅ៣លានដុល្លារអាមេរិកក្នុងរយៈពេលជាង២ឆ្នាំនៃការដឹកនាំស្ថានទូតនៅក្រៅប្រទេស៕