ក្រសួងបរិស្ថានឲ្យដឹងថា ករណីទឹកសមុទ្រនៅឆ្នេរសមុទ្រក្នុងខេត្តកែបដែលបានប្រែទៅជាពណ៌បៃតងនោះ មិនមានសារធាតុគ្រោះថ្នាក់ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថានទឹកនោះទេ ដោយក្រសួងអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងបញ្ជាក់ថា ប្រជានេសាទនៅតែអាចធ្វើការនេសាទជាធម្មតា ប្រសិនបើករណីនេះកើតឡើងជាថ្មី។
កាលពីថ្ងៃសប្ដាហ៍មុន ទឹកសមុទ្រនៅភូមិសាស្ត្រខេត្តកែប បានប្រែទៅជាពណ៌បៃតងខុសពីធម្មតា ដោយសម្បូរទៅដោយស្លែ។ ក្រសួងបរិស្ថានប្រកាសឲ្យសាធារណជនផ្អាកចុះងូតទឹក និងបរិភោគអាហារសមុទ្រនៅក្នុងខេត្តកែបបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការប៉ះពាល់សុខភាព។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងបរិស្ថានបានឲ្យដឹងថា បន្ទាប់ពីមានបញ្ហាទឹកសមុទ្រប្រែពណ៌នេះ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថានបានចុះអង្កេតតាមដាននៅតាមទីតាំងកើតហេតុ និងតំបន់ជុំវិញ ដោយបានដងយកសំណាកទឹកនៅតាមទីតាំង៧កន្លែង ជាច្រើនលើកបន្តបន្ទាប់ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួង ដើម្បីសិក្សាពីមូលហេតុ និងផលប៉ះពាល់។
ក្រសួងបរិស្ថានឲ្យដឹងទៀតថា លទ្ធផលនៃការអង្កេតបង្ហាញថា គុណភាពទឹកនៅតំបន់នោះមិនមានវត្តមានសារធាតុគ្រោះថ្នាក់ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថានទឹកនោះទេ។
ក្រសួងបរិស្ថានឲ្យដឹងដែរថា មូលហេតុដែលបង្កឲ្យទឹកសមុទ្រនៅឆ្នេរសមុទ្រក្នុងខេត្តកែបប្រែទៅជាពណ៌បៃតងកាលពីសប្ដាហ៍មុននោះគឺបណ្ដាលមកពីប្លង់តុងមួយប្រភេទដែលបានកកើតមានពាសពេញទឹកសមុទ្រនៅតំបន់ដែលមានទឹករាក់ ជាពិសេសតំបន់តំបន់នៅជិតព្រំប្រទល់ដែនទឹករវាងកម្ពុជា វៀតណាម។
ក្រសួងបន្តទៀតថា ប្លង់តុងទាំងនោះបានវិវត្តខ្លួនទៅជាបណ្ដុំសារាយពណ៌បៃតងខ្ចីអណ្ដែតលើផ្ទៃទឹកសមុទ្រខុសប្រក្រតី ដោយក្រសួងបញ្ជាក់ថា ដោយសារការកើនឡើងនៃសីតុណ្ហភាពក្នុងទឹកសមុទ្រ ពន្លឺ និងការប្រែប្រួលនៃសារធាតុចិញ្ចឹមក្នុងសមុទ្រ។ ក្រសួងបន្ថែមថា ស្ថានភាពនោះអាចបន្តកើតមានឡើងសារជាថ្មីប្រសិនបើសីតុណ្ហភាពក្នុងទឹកសមុទ្របន្តកើនលើសពី៣២អង្សាសេ។
ក្រសួងក៏បានអំពាវនាវឲ្យសាធារណជនកុំឲ្យមានការភ្ញាក់ផ្អើល និងកុំឲ្យមានការព្រួយបារម្ភ ប្រសិនបើមានការលេចចេញជាថ្មីនូវត្តមានបណ្ដុំសារាយនេះ ដោយក្រសួងបញ្ជាក់ផងដែរថា ប្រជានេសាទអាចធ្វើការនេសាទជាធម្មតា។
វីអូឌី (VOD) មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព បាននៅឡើយទេ ដោយទូរស័ព្ទលោកពុំអាចទាក់ទងបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបភាពស្ថានផាពទឹកសមុទ្រនៅខេត្តកែបដែលបានប្រែទៅជាពណ៌បៃតង ដោយរូបភាពខ្លះបានបង្ហាញថាត្រីជាច្រើនបានងាប់ក្នុងទឹកសមុទ្រពណ៌បៃតងនោះផងដែរ។ នៅថ្ងៃដដែល ក្រសួងបរិស្ថានបានចេញសេកចក្ដីប្រកាសព័ត៌មានមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកចុះងូតទឹក និងបរិភោគអាហារសមុទ្រនៅក្នុងខេត្តកែបផងដែរ៕