លោក ហ៊ុន សែន ថានឹងធ្វើការជិតស្និទ្ធ​ជាមួយនាយករដ្ឋមន្រ្តីថ្មីវៀតណាម ​

នាយក​រដ្ឋមន្រ្តី​ថ្មី​វៀត​ណាម​លោក ង្វៀន សួនហ្វ៊ុក(រូបថតដោយAFP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ជូន​នាយក​រដ្ឋមន្រ្តី​ថ្មី​វៀត​ណាម​លោក ង្វៀន សួនហ្វ៊ុក ដោយ​បាន​សម្តែងនូវ​អំណរសាទរ​​ ក្រោយ​នាយក​រដ្ឋមន្រ្តី​​រូបនោះ​ត្រូវ​បាន​ជ្រើស​តាំងជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារ​ណរដ្ឋសង្គម​និយម​វៀតណាម ដោយ​ថា​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា។​

ក្នុង​លិខិត​សាទរ​ដែល​ចេញ​នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន សរសេរថា៖ “ស្រប​តាម​ស្មារតី​នៃភាព​ជាអ្នក​ជិត​ខាង​ល្អ​ មិត្តភាព​ជាប្រពៃណី​​ សាមគ្គីភាពនិង​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​បាន​លើកកម្ពស់និង​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​​ឲ្យ​កាន់​តែស៊ីជម្រៅ​ ដើម្បី​ផល​​ប្រយោជន៍​ទៅវិញ​ទៅ​មក​សម្រាប់​ប្រជាជន​ទាំងពីរ ក៏​ដូចជា​ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ដ៏​រឹង​មាំ​និង​សម​ស្រប”

លោក ហ៊ុន សែន បន្ត​ក្នុង​លិខិត​ដដែល​​ថា៖ “ខ្ញុំ​រង់ចាំធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ឯក​ឧត្តម​និង​ឆ្លៀត​ឱកាស​នេះ​សូម​​ប្រសិទ្ធ​ពរ​ជូន​ឯក​ឧត្តម​ សូម​ប្រកប​ដោយ​សុខភាព​ល្អ​ សុភមង្គលនិងសូម​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​ក្នុងការ​បំពេញភារកិច្ច​ដ៏ឧត្តុង្គឧត្តម​របស់​ឯក​ឧត្តម​ ពិសេស​ការ​អនុវត្ត​ផែនការ​អភិ​វឌ្ឍសេដ្ឋកិច្ច​សង្គម សម្រាប់​៥​ឆ្នាំ​ខាងមុខ ២០១៦-២០២០ ដើម្បី​នាំ​ម​នូវ​និរន្តរភាព​នៃ​សុភមង្គលនិង​ភាព​សំបូរ​រុង​រឿង​ជូន​ប្រជាជន​វៀតណាម”

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​​ពី​ការ​កោះ​ហៅ​របស់​តុលាការ​កម្ពុជា លោក សម រង្ស៊ី កាលពីម្សិល​មិញ​នេះ ក៏​បាន​សរសេរជូន​ពរ​ លោក ង្វៀន សួនហ្វ៊ុក ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកផង​ដែរ។ ក្នុង​សារ​បាន​បង្ហោះ​នោះ​លោក សម រង្ស៊ី បាន​សរសេរថាលោកជូនពរឲ្យលោក ង្វៀន សួនហ្វ៊ុក បំពេញការងាររបស់លោក ប្រកបដោយជោគជ័យនិង​ជឿជាក់ថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម នឹងមានភាពកាន់តែល្អប្រសើរថែមទៀត នៅពេលអនាគត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ហើយសហការជាមួយគ្នា ដើម្បីភាពរុងរឿង នៃប្រទេសយើងទាំងពីរ។ លោក​បាន​កោតសរសើ​រប្រទេសវៀតណាម​ដែល​រៀបចំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរនាយករដ្ឋមន្រ្តី​ក្នុងរយៈ​ពេល​១០ឆ្នាំម្តង។​

លោកសរសេរ​បន្ថែម​ថា៖ “ខ្ញុំក៏សូមកោតសរសើរយ៉ាងស្មោះដែរចំពោះថ្នាក់ដឹកនាំ ជាសមូហភាពរបស់ប្រទេសវៀតណាមក្នុងការចាត់វិធានការយ៉ាងពិតប្រាកដនិងម៉ឺងម៉ាត់ ដើម្បីប្រឆាំងអំពើពុករលួយនិងក្នុងការរៀបចំឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី យ៉ាងយូរ១០ឆ្នាំម្តងយ៉ាងទៀង​ទាត់ ដើម្បីឲ្យមានឈាមថ្មី គំនិតថ្មីនិងទេពកោសល្យថ្មី ដែលជាបច្ច័យចាំបាច់ ធ្វើឲ្យការដឹកនាំប្រទេស មានលក្ខណៈល្អប្រសើរ”

គួរ​បញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញ រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី​ដើម្បីធ្វើ​ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចស្របពេលដែលមានសម្ពាធខ្លាំងជំរុញឲ្យមានការធ្វើកំណែទម្រង់លើបញ្ហាកំពុងប្រ​ឈមរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដោយបាន​ជ្រើស​តាំង លោក ង្វៀន សួនហ្វ៊ុក អតីតឧបនាយករដ្ឋមន្ត្រី​ក្នុងសំឡេង​៤៤៦​លើ៤៩០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ