សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ នឹងដឹកនាំក្រុមរាំអមដោយអ្នករៀបចំសម្លៀកបំពាក់ផ្ទាល់ខ្លួនផងប្រមាណ២០នាក់ ចេញទៅច្រៀងនៅប្រទេសវៀតណាម ក្នុងកម្មវិធីតន្ត្រីលក់សំបុត្រធំមួយដែលរៀបចំនៅខេត្តព្រះត្រពាំង ដែនដីខ្មែរកម្ពុជាក្រោមក្នុងឱកាសបុណ្យចូលឆ្នាំ។ នេះជាការចេញច្រៀងលើកទី១ ដែលលោកបានជាន់ទឹកដីដែលសម្បូរដោយពលរដ្ឋខ្មែររស់នៅក្នុងប្រទេសវៀតណាម ដោយក្រៅពីលោកក៏មានតារាចម្រៀងល្បីឈ្មោះជាច្រើនទៀតទៅជាមួយផងដែរ។
លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់VOD ថា នៅថ្ងៃទី១៣ ខែមេសាដ៏ខ្លីនេះ លោកនឹងចេញទៅច្រៀងលក់សំបុត្រក្នុងខេត្តត្រាវិញ អតីតខេត្តឈ្មោះព្រះត្រពាំង នៅក្នុងប្រទេសវៀតណាមដែលមានបងប្អូនខ្មែរភាគច្រើនរស់នៅ។ លោកថា គ្រាន់តែសមាជិកក្រុមរាំ និងអ្នកចាត់ចែងសកម្មភាពចេញច្រៀងរបស់លោកមានចំនួនមិនតិចជាង២០នាក់នោះទេ ដោយលោកថា ដោយសារតែលោកចង់ឲ្យការសម្ដែងរបស់ខ្លួនមានភាពរស់រវើកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
លោកមានប្រសាសន៍ថា៖ “ការពិតកម្មវិធីហ្នឹង(ការប្រគំតន្ត្រីលក់សំបុត្រនៅវៀតណាម) ដូចជាគេឧស្សាហ៍ធ្វើណាស់ ប៉ុន្តែកន្លងមកចំតែបងរវល់ ទើបអត់ដែលបានទទួល។ ទើបតែឆ្នាំនេះទេដែលអាចឆ្លៀតបាន ក៏សម្រេចយកម៉ាក្រុមប្រហែល២០នាក់ទៅជាមួយតែម្ដង ហ្នឹងតែរាប់តែក្រុមផ្ទាល់ខ្លួនរបស់បងទេ ចំណែកខាងគាត់(អ្នករៀបចំ)មានច្រើនទៀត”។ លោកថា ហេតុផលដែលនាំលោកសម្រេចចិត្តយកក្រុមរាំ និងក្រុមអ្នករៀបចំសម្លៀកទៅជាមួយច្រើនបែបនេះ គឺមិនមែនដោយសារតែបានទទួលតម្លៃខ្ពស់ណាស់ទើបហ៊ានចំណាយនោះទេ ប៉ុន្តែមកពីលោកក៏ចង់នាំក្រុមការងារដើរកម្សាន្តផង និងចង់ឲ្យការសម្ដែងមានភាពល្អឥតខ្ចោះផងទើបសម្រេចចិត្តចំណាយបន្ថែមផ្ទាល់ខ្លួន។
លើសពីនេះ លោកបានប្រកាសមិនជិះយន្តហោះនោះទេ ដោយសុខចិត្តធ្វើដំណើរតាមរថយន្តជាមួយក្រុមការងារ និងតារាផ្សេងទាំងអស់ដោយមិនខ្លាចឈឺខ្លួនផ្លូវឆ្ងាយនោះផង ដោយលោកថាដើម្បីបានមើលទិដ្ឋភាពរបស់ដែនដីខ្មែរកម្ពុជាក្រោម។ លោកបន្ថែមថា៖ “ការចេញច្រៀងហ្នឹង គេគិតឲ្យយើងជាថ្ងៃៗ ហើយបើតាមការជជែកគ្នា កម្មវិធីលក់សំបុត្រហ្នឹងគេធ្វើតែ២យប់ទេ គឺយប់ថ្ងៃទី១៤ និងថ្ងៃ១៥(ខែមេសា) ចំថ្ងៃចូលឆ្នាំ គឺ អត់មានតអីទៀតទេ ប៉ុន្តែបានគេថែមមានអីបានលុយច្រើនតើ…(សើច)”។
លោកបដិសេធបង្ហើបឲ្យដឹងពីតម្លៃខ្លួន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេសុទ្ធតែដឹងថាលោក ព្រាប សុវត្ថិ មានតម្លៃខ្លួនយ៉ាងហោច៣ពាន់ដុល្លារសម្រាប់មួយកម្មវិធី។ អ៊ីចឹងហើយទើបគេជឿជាក់ថា លោកពិតជាទទួលបានតម្លៃខ្ពស់ជាងនេះ ទើបលោកសុខចិត្តដឹកនាំក្រុមរាំ និងក្រុមការងាររហូតដល់២០នាក់ ដោយចំណាយលើប្រាក់ចំណូលរបស់ខ្លួន។
លោក ព្រាប សុវត្ថិ ប្រាប់ថា បទថ្មីៗជាច្រើន ដូចជាបទ «យក្សរាំធុងបាស» បទ«សារ៉ាវ៉ាន់ វង្វេងទិស» និងបទ «កន្តុំអឺត» ដែលសុទ្ធតែជាបទល្បីឆ្នាំនេះ និងបទល្បីកាលពីអតីតកាលយកទៅច្រៀងនៅក្នុងកម្មវិធីនោះ។
យោងតាមតារាងកម្មវិធីតារាដែលមានវត្តមានចេញទៅច្រៀងនៅក្នុងវេទិការួមគ្នាជាមួយលោកព្រាប សុវត្ថិ នៅ២យប់នោះរួមមាន អ្នកនាង ម៉េង កែវពេជ្ជតា លោក វង្ស តារារតនា ម្ចាស់បទស៊ូឃ្លាត លោក វី ជីវ័ន្ត និងតារាជាច្រើនរូបទៀត អមដោយវង់ភ្លេងរបស់លោក រ៉េតធី ដូណា។
ចំណែកលោក ណូយ វ៉ាន់ណេត ដែលឧស្សាហ៍ចេញទៅច្រៀងក្នុងកម្មវិធីនេះកន្លងមក បានប្រាប់VOD ថា រាល់បទចម្រៀងរបស់តារាខ្មែរដែលត្រូវចេញច្រៀង ត្រូវបានអាជ្ញាធរវៀតណាមទាមទារឲ្យអ្នករៀបចំយកទៅឆ្លងពីខ្លឹមសារ និងអត្ថបទយ៉ាងម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យយកបទចម្រៀងណាមួយដែលមានអត្ថន័យបញ្ឆេះទឹកចិត្តបងប្អូនខ្មែរនៅកម្ពុជាក្រោមឲ្យមានគំនិតរើបបំរះជាមួយអាជ្ញាធរជាដាច់ខាត។ លោកថា បងប្អូនខ្មែររស់នៅប្រទេសវៀតណាម ជាពិសេសគឺខេត្តព្រះត្រពាំង ចូលចិត្តការសម្ដែងរបស់តារាខ្មែរណាស់ ដោយលោកថា ក្នុងទីលានដែលហ៊ុមព័ទ្ធដោយរបងបិទជិតធំប៉ុណ្ណា ក៏មិនខ្វះអ្នកទិញសំបុត្រចូលទស្សនានោះដែរ។
លោក ណូយ វ៉ាន់ណេត ដែលនឹងខកខានមិនបានចេញទៅសម្ដែងក្នុងឆ្នាំនេះ បានរៀបរាប់បន្ថែមថា ការសម្ដែងរបស់តារាខ្មែរកន្លងមក គឺមានអ្នកទិញសំបុត្រចូលទស្សនារហូតដល់រាប់ពាន់នាក់ក្នុងមួយយប់ ដោយពួកគេក៏មានសកម្មភាពរាំរែក និងឱបរឹតតារាទៅច្រៀងសឹងតែលើសពីអ្នកគាំទ្រតារានៅក្នុងស្រុកទៅទៀត។ អ៊ីចឹងហើយទើបមានការប៉ាន់ស្មានថាវត្តមានរបស់លោក ព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្ជតា នៅថ្ងៃទី១៤ និង១៥ មេសា ខាងមុខ ពិតជាធ្វើឲ្យកក្រើកនៅទឹកដីកម្ពុជាក្រោម ដោយសារតែកេរ្តិ៍ឈ្មោះរបស់លោក និងតារាទាំងនោះសុទ្ធតែល្បីនៅក្នុងប្រទេសកម្ពុជា៕