មេធាវីការពារឲ្យដឹងថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា បានអះអាងនៅចំពោះមុខចៅក្រមស៊ើបសួរថាលោកទទួលស្គាល់ថាលោកបានប្រព្រឹត្ត”កំហុសរដ្ឋបាលខ្លះៗ” ដោយសារលោកមិនមាន”បទពិសោធន៍ច្រើន”ក្នុងការងារកាទូត។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមស៊ើបសួរលោក លាង សំណាត់ បានសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។
លោក ហុក ផល្លា មេធាវីការពារក្ដីឲ្យលោក ស៊ុត ឌីណា ប្រាប់វីអូឌី(VOD)នៅថ្ងៃសុក្រនេះថាកូនក្តីរបស់លោកបានទទួលស្គាល់ថាមានដំណើរការអសកម្មមួយចំនួន នៅពេលលោកបំពេញការងារជាឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង តែលោកថានេះគ្រាន់តែជាកំហុសរដ្ឋបាល មិនមែនជាការរំលោភអំណាចអ្វីនោះទេ។
លោកមេធាវីមានប្រសាសន៍ថា៖ “គ្រាន់តែថាអ្វីដែលគាត់និយាយហ្នឹងមិនមែនជាការរំលោភដូចការចោទប្រកាន់របស់តុលាការទេ គ្រាន់តែគាត់ធ្វើការងារហ្នឹងទៅតាមតួនាទីរបស់គាត់ ហើយដំណើការអសកម្មមួយចំនួន វាជារឿងដែលការគ្រប់គ្រងរដ្ឋបាលរបស់គាត់មិនបានល្អ ហើយគាត់បានបំភ្លឺចំពោះមុខតុលាការ វាជាកិច្ចការ ធ្វើទៅដូចជាខ្វះបទពិសោធន៍នៅក្នុងការទូត ដោយសារការងារទំហំធំ ហើយគាត់មិនមានបទពិសោធន៍ច្រើនក្នុងការងារហ្នឹង អ្វីដែលគាត់ធ្វើហ្នឹងវាជាកំហុសរដ្ឋបាលខ្លះៗក្នុងការគ្រប់គ្រង”។
លោកមេធាវីមិនទាន់អាចបញ្ជាក់ពីការលើកឡើងរបស់ACU រឿងកំណើនលុយប្រមាណ៣លានដុល្លារអាមេរិករបស់លោក ស៊ុត ឌីណា ក្នុងពេលលោកបំពេញការងារជាឯកអគ្គរាជទូតអស់រយៈពេលជាង២ឆ្នាំនោះទេ។ លោកបញ្ជាក់ថាលោកនឹងសិក្សាលើការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោកមានប្រសាសន៍ថាលោកនឹងជួបកូនក្តីនិងក្រុមគ្រួសាររបស់កូនក្តី ក្នុងពេលឆាប់ៗនេះ។
លោកមានប្រសាសន៍បន្ថែមថា៖ “ចំពោះទ្រព្យសម្បត្តិអីដែលខាងACUចោទ វាមានដំណាក់កាលខាងអយ្យការ ហើយនិងខាងចៅក្រមស៊ើប ប៉ុន្តែចៅក្រមស៊ើបគាត់ទទួលបានប៉ុណ្ណឹង ហើយខាងអយ្យការគាត់ចោទប្រកាន់ គាត់រុញមកចៅក្រមស៊ើបហើយ ប៉ុន្តែដំណើរការខាងអយ្យការ ខ្ញុំអត់ទាន់បានចូលទេ ខ្ញុំចូលដំណាក់កាលចៅក្រមស៊ើប អ្វីៗដូចខ្ញុំបានជម្រាបជូនអញ្ចឹង ខ្ញុំមិនទាន់បានពិនិត្យសិក្សាលើសំណុំរឿង ឯកសារឲ្យបានមូលនៅឡើយទេ”។
កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ុត ឌីណា មិនបានថ្លែងអ្វីនោះទេ ពេលត្រូវនាំខ្លួនចេញពីតុលាការទៅឃុំបណ្តោះអាសន្ន ដែលខុសពីពេលដែលលោកត្រូវនាំខ្លួនចូលទៅតុលាការ ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថានេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាអង្គភាពបានស្នើតុលាការចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួនពីរបទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់និងរំលោភអំណាចដោយមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថាក្នុងនោះមានការយកលុយស្ទីកឃ័រសម្រាប់ទិដ្ឋាការសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននិងការកេងយកលុយពីក្រុមគ្រួសារពលករដែលស្លាប់នៅប្រទេសកូរ៉េ។ លោកបន្តថាលោកបានរកឃើញបួនប្រាំបទល្មើសទៀត តែលោកថាអង្គភាពបញ្ជូនទៅតុលាការតែពីរបទល្មើសជាមុនសិន។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសផងដែរថា អង្គភាពរកឃើញថា លោក ស៊ុត ឌីណា មានលុយចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។
លោក ឱម យ៉ិនទៀង ក៏បានអះអាងដែរថាអង្គភាពបានដឹងថាលោក ស៊ុត ឌីណាមានដី១០កន្លែងធំៗនិងត្បូងប្រមាណ៥០០គ្រាប់ បន្ថែមលើលុយសុទ្ធក្រៅធនាគារជាង៧លានដុល្លារអាមេរិក។
ទោះយ៉ាងណា ម្តាយរបស់លោក ស៊ុត ឌីណា អ្នកស្រី យ៉ាំ ឈីវអេង អាយុ៦៧ ឆ្នាំ បានបដិសេធនឹងការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយថាកូនរបស់អ្នកស្រីមិនមានលុយទៅដល់ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង មានមាសប៉ុន្មាន១០គីឡូ អាណាស្អី។ ឲ្យដើរសួរធនាគារគ្រប់ទៅ វាមិនពិតទេអូន ខ្ញុំឲ្យគាត់ដើរសួរតាមធនាគារទាំងអស់ទៅ ទៅដាក់ធនាគារឯណា៧លាន ៧សែន ឯណោះ បើមានលុយប៉ុណ្ណោះ ទិញឡានជិះ ខ្ញុំលើកផ្ទះថ្មនៅ”។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕