លោក ស៊ុត ឌីណា ដែលជាអតីតប្រធានចលនានិស្សិតធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជានោះបានចុះចូលជាមួយគណបក្សកាន់អំណាចបានរយៈពេល៧ឆ្នាំគិតមកដល់ពេលត្រូវចាប់ខ្លួន។
លោក ស៊ុត ឌីណា ពីមុនគឺមនុស្សស្និទ្ធនឹងសម្តេចក្រុមព្រះ។ ប៉ុន្តែក្រោយពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានតែងតាំងលោកឲ្យធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានពលករខ្មែររាប់សែននាក់ធ្វើការនៅទីនោះ។
ក្នុងតួនាទីជាឯកអគ្គរាជទូតបានតែ២ឆ្នាំនិង១ខែអង្គភាពប្រឆាំងអំពើពុករលួយអះអាងថាលោក ស៊ុត ឌីណា មានលុយសល់ប្រហែល៣លានដុល្លារជាលុយកើនលើសពីលុយដែលបានប្រកាសប្រាប់អង្គភាពថាមានប្រហែល៤លានដុល្លារពីមុនមកនោះ។
បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយប្រកាសដូចនេះមជ្ឈដ្ឋានជាច្រើនបានលើកជាចម្ងល់ថាគ្រាន់តែឯកអគ្គរាជទូតម្នាក់ធ្វើការបានតែ២ឆ្នាំមានលុយសល់ទៅ៣លានដុល្លារចុះអ្នកកាន់តំណែងខ្លះ១០ឆ្នាំ ខ្លះ២០ឆ្នាំ និងខ្លះទៀតរហូត៣០ឆ្នាំនោះ តើសល់លុយប៉ុន្មានទៅ? ទាំងនេះជាសំណួរដែលត្រូវបានគេលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
អ្នកលេងហ្វេសប៊ុកបានលើកឡើងថាអង្គភាពប្រឆាំងអំពើពុករលួយនៅមានការងារច្រើនទៀតដែលត្រូវបើកការស៊ើបអង្កេត។
គេនៅចាំបានថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រសួងសេដ្ឋកិច្ចធ្លាប់ប្រកាសថាក្រសួងសង្គមកិច្ចបានចាយលុយខុសខ្ទង់រាប់លានដុល្លារ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយកាលណោះដូចជាមិនបានស៊ើបអង្កេតទេ។ ថ្មីៗនេះមន្រ្តីក្រសួងប្រៃសណីយ៍ម្នាក់ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុកលរលួយរកឃើញថាបានកឹបកេងថវិការដ្ឋរាប់ម៉ឺនដុល្លារ តែមន្រ្តីរូបនោះមិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជួនខ្លួនទៅតុលាការឡើយ។ ចំណែកករណីដែលព័ត៌មានអន្តរជាតិផ្សាយថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានលាក់លុយនៅក្រៅប្រទេសនោះ អង្គភាពប្រឆាំងអំពើពុករលួយអះអាងថាខ្លួនកំពុងស្រាវជ្រាវព័ត៌មាននេះបន្ថែមទៀត។
តើមានមូលហេតុអ្វីនៅពីក្រោយការចាប់ខ្លួនឯកអគ្គរាជទូត លោក ស៊ុត ឌីណា?
ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើករណីលោក ស៊ុត ឌីណា ត្រូវបានសាទរផងនិងរិះគន់ផង។ រិះគន់ ត្រង់ថាអង្គភាពនេះហេតុអ្វីទើបតែចាត់ការនៅពេលនេះ ឬក៏អង្គភាពនេះចង់ស្តាមុខមាត់ឡើងវិញបន្ទាប់ពីមានការរិះគន់ខ្លាំងៗរឿងស្ថាប័នរបស់រដ្ឋមួយនេះទៅខំចាត់ការតាមបណ្តឹងរបស់មនុស្សមួយក្រុមដែលប្រឆាំងនឹងលោក កឹម សុខា?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថារដ្ឋាភិបាលកំពុងតែសំដែងធ្វើឲ្យមានការចាប់អារម្មណ៍ដើម្បីស្ទង់ទឹកចិត្តមហាជន។ លោកប្រៀបធៀបថា៖ ”វង់ភ្លេងហ្នឹង[ពីមុនមក]គឺមានតែរដ្ឋាភិបាល តុលាការ និងសភាទេដែលពេលខ្លះលេងទៅក៏ពីរោះពេលខ្លះមិនពីរោះ។ ឥឡូវនេះហាក់ដូចជារដ្ឋាភិបាលចាប់ផ្តើមយកឧបករណ៍ថ្មីមួយទៀត[ACU]ចូលទៅលេងបញ្ចូលឧបករណ៍ភ្លេងពីមុនមក។ វាជាពេលវេលាមួយដែលអាចឲ្យសាធារណៈជនតាមដានមើលថាការបញ្ចូលភ្លេងថ្មីទៀតតើពីរោះជាងមុនឬពិបាកជាងមុនហើយអ្នកស្តាប់គេដើរចេញ…”។
អ្នកវិភាគនិយាយថាការចាប់ខ្លួនលោក ស៊ុត ឌីណា នៅពេលនេះក៏ជាការគម្រាមដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាផ្សេងទៀតដែលចុះចូលជាមួយគណបក្សកាន់អំណាចនេះហើយចង់ដើរចេញពីគណបក្សនេះវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះក៏បានទម្លាក់ការទទួលខុសត្រូវនៃភាពអសកម្មរបស់មន្រ្តីសាធារណៈក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះថាពួកគេជាមនុស្សរបស់គណបក្សនៅក្រៅរដ្ឋាភិបាលទៅវិញ។ លោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីទាំងនោះដោយលោកចោទថាធ្វើការងារអសកម្មបែបនេះដើម្បីឲ្យខូចឈ្មោះរដ្ឋាភិបាល។
ក្រោយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីដែលគេហៅថា “ជាបុរសខ្លាំង” នោះ អង្គភាពប្រឆាំងអំពើពុករលួយក៏ចាត់ការ លោក ស៊ុត ឌីណា ដែលមិនមែនមានដើមកំណើតជាមន្រ្តីគណបក្សប្រជាជនកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ហៅលោក ស៊ុត ឌីណា ថា ”ជាជនរងគ្រោះ” ដោយសារអំពើរបស់ខ្លួន តែលោកថាអ្នកប្រព្រឹត្តអំពើពុករលួយច្រើនទៀតនៅមានសំណាងជាងលោក ឌីណា។ លោកមានប្រសាសន៍ថា៖ “មន្រ្តីពុករលួយនៅប្រទេសកម្ពុជាយើងមានច្រើន ហើយលោក ស៊ុត ឌីណា ជាជនរងគ្រោះបន្ទាប់ពីជនរងគ្រោះប្រហែល១២នាក់ទៀត ដូច្នេះ[ACU]មានការងារច្រើនទៀតដែលត្រូវធ្វើ…”។
បើតាមលោក ព្រាប កុល ទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយចាត់ការលោក ស៊ុត ឌីណា មួយករណីនេះទៀតក៏ដោយតែលោកមិនរំពឹងថាកម្ពុជាមានចំណាត់ថ្នាក់ល្អជាងមុនផ្នែកប្រឆាំងនឹងអំពើពុករលួយនោះទេ។
ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជាឆ្នាំ២០១៥ជាប់លេខបាតតារាងដែលមានន័យថានៅតែមានអំពើពុករលួយច្រើន។
លោកបណ្ឌិត មាស នី យល់ថាអង្គភាពប្រឆាំងអំពើពុករលួយគ្រាន់តែជាឧបករណ៏មួយរបស់រដ្ឋាភិបាលដើម្បីបង្រ្កាបលើនរណាម្នាក់ដែលរដ្ឋាភិបាលគិតថាទុកទៅមិនមានប្រយោជន៍តទៅទៀត។ លោកមានប្រសាសន៍ថា៖ “ACUគ្រាន់តែជាសត្វស្ទាំងមួយដែលបង្កើតមកសម្រាប់ឲ្យហើរមកចាប់តែមាន់ណាដែលអាចចាប់បានឬក៏ប្រើសម្រាប់កម្ចាត់មាន់ណាមួយដែលគេមិនពេញចិត្តឬស្ទាំងហ្នឹងមិនមើលគ្រប់មាន់ទាំងអស់ដែលទាក់ទិននឹងអំពើពុករលួយ។ យើងចាំមើលថាតើសត្វស្ទាំងមួយហ្នឹងត្រូវបានគេប្រើសម្រាប់រកយុត្តិធម៌សង្គមឬសម្រាប់ធ្វើបាបតែលើក្រុមណាមួយ…”។
ចំណាត់ការកន្លងទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺការចាប់ខ្លួនឧត្តមសេនីយ៍ឯក មឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងការចាប់ខ្លួនលោក តុប ចាន់សេរីវុឌ្ឍ ព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ដែលធ្វើស្របពេលពលរដ្ឋកំពុងតែចាប់អារម្មណ៍រឿងករណីស្លាប់មនុស្សរាប់រយនាក់នៅកោះពេជ្រ ប៉ុន្តែមិនមានមន្រ្តីរដ្ឋាភិបាលម្នាក់ត្រូវបានដកចេញពីតំណែង៕