ឯកអគ្គរាជទូត​ថ្មី​អះអាង​ពី​ភាព​ស្អាតស្អំ​ពេល​ទៅ​បំពេញ​ការងារ​នៅ​កូរ៉េខាងត្បូង​

លោក ឡុង ឌីម៉ង់ កាលពីកន្លងទៅ

​មន្ត្រី​មួយ​រូបដែល​រដ្ឋាភិបាលតែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​អះអាង​ថា នឹង​បំរើ​ការងារ​ជូន​ពលករ​ឲ្យ​ខ្មែរ​នៅ​ទី​នោះ​ឲ្យបាន​ល្អ ខណៈ​អតីត​អតីត​ឯកអគ្គរាជទូត​លោក ស៊ុត ឌី​ណា ត្រូវបាន​ចាប់ឃុំខ្លួន ចោទប្រកាន់​ពីបទ​ពុករលួយ​។​

​ក្រោយពីលោក ស៊ុត ឌី​ណា ត្រូវបាន​តុលាការ​នៅ​កម្ពុជា សម្រេច​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ ចោទ​ពី​បទ​ពុករលួយ រដ្ឋាភិបាល​បាន​សម្រេច​តែងតាំង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ទៅ​ជំនួស​វិញ​។​

​លោក ឡុង ឌី​ម៉ង់ ឲ្យវីអូឌី(​VOD)​នៅ​ថ្ងៃ​ទី​៩ ​ខែ​មេសា​នេះ​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ស្នើ​សុំ​តែងតាំង​រូបលោកឲ្យធ្វើ​ជា​ឯកអគ្គរាជទូ​ត​វិសាមញ្ញប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ប៉ុន្តែ​លោក ឡុង ឌី​ម៉ង់ ថារហូតមកដល់​ពេលនេះ លោក​មិន​ទាន់ទទួលដំណឹង​ថា​នឹង​ត្រូវ​ទៅ​កាន់​តួនាទី​នោះនៅ​ថ្ងៃ​ណា​នៅឡើយ​ទេ ដោយ​លោក​ថា រង់ចាំ​ការ​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​។​

​យ៉ាងណា​ក៏​ដោយ​លោក ឡុង ឌី​ម៉ង់ បញ្ជាក់ថា លោក​នឹង​ខិតខំ​បំពេញ​តួនាទី​ថ្មី​នេះឲ្យបាន​ល្អ​ប្រសើរ​ជូន​ពលករ​គ្រប់រូប​ជាពិសេស​ការទំនាក់ទំនង​កិច្ចការ​អន្តរជាតិ​ ​លោក​ថា​៖”​ខ្ញុំ​នឹង​ខិតខំ​អនុវត្ត​នូវ​ភារកិច្ច​ដែល​សម្តេច​ប្រមុខ​រដ្ឋាភិបាល​ប្រគល់ជូន ធ្វើ​យ៉ាងម៉េច​ការពារ​ឧត្តម​ប្រយោជ​ន៍​ជាតិ និង​ប្រជាជន​ជាតិ​ទៅដល់​ណាក៏ដោយ ចំណុច​មួយទៀត ការទំនាក់ទំនង​អន្តរជាតិ​ក្នុងនាម​កម្ពុជា​យើង​ដែល​ជា​ប្រទេស​មួយ​ស្មើមុខ ស្មើមាត់​ជាមួយ​ប្រទេស​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នោះ​”​។​

លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​កាល​កាលពី​ថ្ងៃ​ទី​៤​ខែ​មេសា​។​
​ក្រោយ​មក​តុលាការ សម្រេច​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ថា កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​រំលោភ​អំណាច​ដោយ​មាន​ប្រសិទ្ធភាព​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​អះអាង​ថា លោក ស៊ុត ឌី​ណា ពិត​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដោយ​លោក​ថា បាន​រកឃើញថា អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូត​រូប​នោះ មាន​លុយ​ចំនួន​៧,២​លាន​ដុល្លារ​អាមេរិក​និង​មាន​មាស​៣៣៩​តម្លឹង​ឬ​ស្មើនឹង​ជិត​១៣​គីឡូក្រាម​។​

​សូម​ជំរាប​ជូន​ថា លោក ឡុង ឌី​ម៉ង់ ជា​កូនប្រុស​លោក ឡុង វីសាលោ។​ ​លោក ឡុង វីសាលោ​ បច្ចុប្បន្ន​ជារដ្ឋលេខាធិកា​រក្រសួងការបរទេស​។​

​ក្រោយ​ចាប់ខ្លួន​លោក ស៊ុត ឌី​ណា ក្រសួងការបរទេស បាន​បញ្ជូនមន្ត្រី​មួយ​រូប​របស់​ខ្លួន​គឺ​លោក ហុង បញ្ញា​រិទ្ធ ដែល​ត្រូវជា​កូនប្រសា​រលោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យទៅ​កាន់​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បណ្ដោះអាសន្ន ជំនួស​អតីត​ឯកអគ្គរាជទូត​ចាស់​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​៨​ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី​បានទូល​ព្រះមហាក្សត្រ​សុំ​ព្រះរាជទានតែងតាំង លោក ឡុង ឌី​ម៉ង់ ទៅកាន់​កិច្ចការ​ជំនួស​លោក ស៊ុត ឌី​ណា​វិញ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ