អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ចំនួន២០ ជំរុញរដ្ឋាភិបាលឲ្យចាត់វិធានការជាបន្ទាន់ ទៅលើអ្នកដែលបញ្ចេញខ្សែអាត់សំឡេង ធ្វើឲ្យស្ត្រីមា្នក់ឈ្មោះ កញ្ញា ខុម ចាន់តារាទី ក្លាយជាជនសង្ស័យដោយសង្គមស៊ីវិលយល់ថា ទង្វើនោះធ្វើឲ្យស្ត្រីរងគ្រោះព្រោះតែចង់កេងចំណេញផ្នែកនយោបាយ។
អង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការសីលីកា អង្គការអាដហុក អង្គការខុមហ្វ្រែល អង្គការស្ត្រីខ្មែរ អង្គការបន្ទាយស្រី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសមធម៌កម្ពុជា និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា រួមទាំងអង្គការផ្សេងៗទៀត។
ក្នុងសេចក្តីថ្លែងការរួម ចុះថ្ងៃទី៩ ខែមេសា អង្គការទាំងនោះបានលើកឡើងថា បញ្ហាអំពើហិង្សាផ្អែក យេនឌ័រចេះតែបន្តកើតឡើងមិនចេះឈប់ឈរ ដោយពួកគេថា ការបញ្ចេញខ្សែអាត់សំឡេងជាសាធារណៈ ដែលគេសង្ស័យថា ជាសំឡេងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ សន្ទនាជាមួយលោក កឹម សុខា សង្គមស៊ីវិលថា គឺជាការជ្រៀតជ្រែកពីជីវិតឯកជន និងរំលោភសិទ្ធិមនុស្សផ្ទុយពីច្បាប់ជាតិនិងអន្តរជាតិ។
សេចក្តីថ្លៃការណ៍ដដែលបានអំពាវនាវទៅរដ្ឋាភិបាលត្រូវចាត់វិធានការច្បាប់លើជនដែលបញ្ចេញខ្សែអាត់សំឡេងដែលសង្គមស៊ីវិលថា ដើម្បីលើកកំពស់សិទ្ធិស្ត្រីនិងសិទ្ធិមនុស្ស និងបញ្ឈប់ជាបន្ទាន់នូវការយកស្ត្រីធ្វើជាកម្មវត្ថុ កេងចំណេញប្រយោជន៍នយោបាយ៖”យើងទាំងអស់គ្នា សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាត្រូវធានាដល់ការគោរពនិងការពារសិទ្ធិមនុស្ស ដើម្បីបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភបំពាន និងគំរាមកំហែងលើសិទ្ធិបុគ្គល និងត្រូវផ្តន្ទាទោសដល់ជនណាដែលបរិហាកេរ្តិ៍ គំរាមកំហែងលើសិទ្ធិបុគ្គល និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីជាគំរូដល់ជនដទៃទៀត”។
សង្គមស៊ីវិលបានលើកយកមាត្រាមួយចំនួននៃច្បាប់ជាតិ និងអន្តរជាតិមកសំអាង ដូចជា មាត្រា១៧នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មានខ្លឹមសារថា “គ្មានជនណាម្នាក់ត្រូវទទួលរងការជ្រៀតជ្រែកតាមអំពើចិត្តឬដោយខុសច្បាប់ក្នុងជីវិតឯកជន គ្រួសារ លំនៅឋាន សំបុត្រឆ្លើយឆ្លងរបស់ខ្លួន ឬត្រូវរងប៉ះពាល់ដោយខុសច្បាប់ទៅលើកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើយ”។
ចំណែកមាត្រា៤០នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា “ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លង តាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទត្រូវបានធានា”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ការលួចថតនិងបញ្ចេញសំឡេងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។
ប៉ុន្តែលោកថា ករណីលោក កឹម សុខា និងកញ្ញាស្រីមុំ មិនប្តឹងអ្នកដែលបញ្ចេញខ្សែអាត់សំឡេងនោះទេលោកថា សមត្ថកិច្ចមិនអាចស៊ើបអង្កេតករណីនេះបានទេ។
លោកបញ្ជាក់ថា៖”យើងដឹងថាច្បាប់វាមានហើយ អ្នកណាលួចថតចំលងគេ គេចាត់ទុកថាខុសច្បាប់ ក៏ប៉ុន្តែសាមីខ្លួនដែលពាក់ព័ន្ធអត់មានបណ្តឹងទេ បើអត់បណ្តឹងទេ អាជ្ញាធរមានសមត្ថកិច្ច គេមិនអាចដោះស្រាយបានទេ ឥឡូវបើឯកឧត្តមកឹម សុខា គាត់ជាតួឯកមានឈ្មោះ ហើយគាត់ប្តឹង គេស៊ើបអង្កេតភ្លាម”។
ទោះជាយ៉ាងណា អង្គការលើស្ទួយសិទ្ធិស្ត្រី ដែលរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមនោះអះអាងថា ទាំងច្បាប់ជាតិនិងអន្តរជាតិដែលរដ្ឋផ្តល់សច្ចាប័ន បានចែងថា គ្មានជនណាម្នាក់ ត្រូវរងការជ្រៀតជ្រែកតាមអំពើចិត្ត ឬដោយខុសច្បាប់ក្នុងជីវិតឯកជនគ្រួសារ លំនៅឋាន សំបុត្រឆ្លើយឆ្លង របស់ខ្លួន ឬត្រូវប៉ះពាល់ដោយសុខច្បាប់ទៅលើកិត្តិយ៌សនិងកេរ្តិ៍ឈ្មោះ របស់ខ្លួនឡើង។
ជាងនេះទៅទៀត សង្គមស៊ីវិលចាត់ទុកថា ការដែលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះកញ្ញាស្រី មុំ ចោទប្រកាន់ពីរបទល្មើសផ្សេងគ្នា គឺករណីផ្តល់សក្ខីកម្មក្លែង និងអំពើពេស្យាចារ។
ករណីនេះសង្គមស៊ីវិលថា ជាការចោទប្រកាន់គ្មានឈរលើមូលដ្ឋានច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់កញ្ញា ស្រី មុំ៕ លោក ណាត សុភាព