ក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយច្បាប់ ដោយជម្រាបមន្រ្តីអន្តោប្រវេសន៍ថាមិនអនុញ្ញាតឲ្យសកម្មជនអារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson)ចូលប្រទេសកម្ពុជាវិញ បើទោះលោកមានទិដ្ឋាការអេឡិចត្រូនិក(e-Visa)ក៏ដោយ។
លោក អាឡិច បានស្នើសុំទិដ្ឋាការចូលមកប្រទេសកម្ពុជា ដើម្បីប្រឈមមុខនឹងតុលាការ ខណៈចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុងបានចេញដីកាចាប់ខ្លួនរូបលោក។ លោក អាឡិច ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើគំរាមកំហែងនិងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តទៅនៅស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៥និងនៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥។
នៅក្នុងលិខិតមួយរបស់ក្រសួងការបរទេស ចុះថ្ងៃទី៨ ខែមេសា រដ្ឋលេខាធិការក្រសួង លោក ឡុង វិសាលោ បានជម្រាបជូនលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថាដោយសារប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅរបស់ប្រព័ន្ធe-Visaមានភាពរអាក់រអួល ហើយមិនផ្តល់សញ្ញាឲ្យដឹង បណ្តាលឲ្យការិយាល័យe-Visaបានចេញe-Visaឲ្យឈ្មោះអាឡិច កាលពីថ្ងៃទី៦ ខែមេសា។
លោកបញ្ជាក់ថា៖ “ក្រសួងបានជូនព័ត៌មានពីការលុបe-Visaដល់មន្រ្តីអន្តោប្រវេសន៍ តាមច្រកទ្វារអន្តរជាតិកម្ពុជាទាំងអស់មិនអនុញ្ញាតឲ្យឈ្មោះ Alejandro Gonzalez Davidson ចូលកម្ពុជាទេ ព្រោះe-Visa នេះត្រូវបានលុបហើយ”។

វីអូឌីមិនទាន់អាចទាក់ទងលោក អាឡិច បានភ្លាមៗនៅឡើយទេ ប៉ុន្តែកន្លងទៅលោកធ្លាប់បានប្រាប់ថានឹងចូលមកប្រទេសកម្ពុជា បើទោះលោកពុំមានទិដ្ឋាការក៏ដោយ។ សព្វថ្ងៃនេះ លោក អាឡិច ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីជនជាតិអេស្ប៉ាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោកអាឡិចធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។
កន្លងទៅ លោក អាឡិច បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ។ លោកបានហៅការចោទប្រកាន់របស់តុលាការថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោក អាឡិច មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគេចវេស ហើយខ្ញុំរីករាយក្នុងការចូលរួមក្នុងសវនាកាដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ…ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយសម្រួលឲ្យខ្ញុំបានចូលបំភ្លឺនៅតុលាការ”។
គួរបញ្ជាក់ថាលោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំ និងចេះនិយាយភាសាខ្មែរ បានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕