កាលពីល្ងាចថ្ងៃទី១០ មេសា ពលរដ្ឋជាពុទ្ធបរិស័ទរហូតដល់រាប់ពាន់នាក់ ត្រូវគេឃើញប្រារព្ធពិធីថ្វាយភ្លេង ថ្វាយផ្កាភ្ញី ថ្វាយរបាំ ធ្វើពិធីស្រោចទឹកនិងបួងសួងយ៉ាងណែនតាន់តាប់អស់រយៈពេលប៉ុន្មានម៉ោង នៅខាងមុខរូបសំណាកលោកតាម៉ៅឬតាខ្មៅ ស្ថិតនៅរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះជាប្រពៃណីដែលអ្នកក្រុងតាខ្មៅទម្លាប់ធ្វើរាល់មុនឱកាសបុណ្យចូលឆ្នាំខ្មែរមកដល់ម្ដងៗ ប៉ុន្តែពិធីលើកនេះមានសភាពកកកុញជាងមុន ដោយបាននឹងធ្វើឲ្យរង្វង់មូលក្រុងតាខ្មៅកកស្ទះអស់ប្រមាណ៣ម៉ោងពេញ។
កម្មវិធីដែលត្រូវបានអ្នកស្រុកអះអាងថាប្រារព្ធធ្វើជាលើកទី១២ ចាប់តាំងពីរូបសំណាកលោកតាម៉ៅត្រូវបានស្ថាបនានេះ មិនមានមានការចូលរួមតែប្រជាពលរដ្ឋនៅខេត្តកណ្ដាលជាពិសេសអ្នករស់នៅក្រុងតាខ្មៅនោះទេ គឺអ្នកចម្ងាយនិងអ្នកដំណើរឆ្លងកាត់ក៏ចូលរួមច្រើនណាស់ដែរ។ ពលរដ្ឋដែលធ្វើឲ្យពិធីបួងសួងនៅក្រុងតាខ្មៅកកស្ទះនាថ្ងៃនោះ មានទាំងវត្តមានតារាសិល្បៈ ព្រះសង្ឃនិងពុទ្ធបរិស័ទមកពីគ្រប់ទិសទីតែម្ដង ជាពិសេសគឺអ្នកមានជំនឿមកពីរាជធានីភ្នំពេញនិងតំបន់ឆ្ងាយៗ។ ពិធីនេះត្រូវគេឃើញឃុំរោងកណ្ដាលផ្លូវតាំងពីម៉ោង៤រសៀល ហើយរហូតដល់ម៉ោងជិត៩យប់ទើបរំសាយ។
លោកស្រី សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលរៀបចំធ្វើពិធីនេះបានអះអាងថាការប្រារព្ធពិធីក្នុងឆ្នាំនេះ លោកស្រីកត់សម្គាល់ថាមានពុទ្ធបរិស័ទចូលរួមច្រើនជាងមុន ដើម្បីជាការរំឭកដល់គុណរបស់លោកតាម៉ៅ ដែលបានឃុំគ្រងកូនចៅនិងអ្នកបន់ស្រន់ទាំងឡាយឲ្យបានសុខសប្បាយរហូតមក។ លោកស្រីបង្ហាញជំនឿថាលោកតាម៉ៅនៅតែមានបារមីស័ក្តសិទ្ធិ ទើបធ្វើឲ្យមនុស្សជិតឆ្ងាយនៅតែមកបន់ស្រន់។ ជាក់ស្ដែងជារៀងរាល់ថ្ងៃលោកស្រីថាអ្នកដំណើរទាំងឡាយទាំងពួងនៅតែមកថ្វាយចេកនិងដង្វាយផ្សេងៗដល់លោកតាជារៀងរាល់ថ្ងៃ ដោយក្នុងសីល(មួយសប្ដាហ៍) ក៏មានការថ្វាយភ្លេងដល់រូបសំណាកមួយលើកមិនដែលខាននោះផង។ ដោយសារតែភាពជាក់ជាក់នេះ ទើបការប្រារព្ធពិធីបួងសួងនិងរំឭកគុណដល់លោកតាខ្មៅកាលពីថ្ងៃទី១០ មេសា លោកស្រីថាសឹងមិនមានច្រកឲ្យឡានម៉ូតូធ្វើដំណើរព្រោះតែអ្នកចូលរួមច្រើន។ លោកស្រីចាត់ទុកថាការចូលរួមរបស់អ្នកមានជំនឿគឺជាកម្លាំងសាមគ្គី ដែលមិនខុសពីការរួមគ្នាថែរក្សាវប្បធម៌ប្រពៃណីរបស់ដូនតាមិនឲ្យបាត់បង់នោះទេ ជាពិសេសគឺជំនឿទៅលើអ្នកតា។
ព្រះគ្រូ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្តមានសង្ឃដីកាថាព្រះអង្គបានដឹកនាំតាជីដូនជីនិងពុទ្ធបរិស័ទជាច្រើនមកចូលរួមនៅក្នុងពិធីនេះ ដោយសារតែព្រះអង្គក៏មានជំនឿលើបារមីរបស់លោកតាម៉ៅមិនខុសពីពុទ្ធបរិស័ទភាគច្រើន។ លោកថាបន្ទាប់ពីផ្កាភ្ញី សូត្រចំរើនបារមីពីសំណាក់ព្រះសង្ឃ ថ្វាយភ្លេងនិងថ្វាយរបាំ ត្រូវបានបញ្ចប់នៅក្នុងបរិវេណរូបសំណាកលោកតាម៉ៅរឹតមានអ្នកចូលរួមកកកុញ ដោយសូម្បីតែអ្នកដំណើរក៏សំចតមកសុំទឹកមន្ត ហើយប្រោះព្រំឲ្យគ្នាដើម្បីបួងសួងសុំសេចក្ដីក្នុងឱកាសឆ្នាំថ្មី។
លោក គុន រាមរតនៈ ជាតារាសម្ដែង និងជាអ្នកចម្ងាយទៅពីភ្នំពេញបានអះអាងថាគ្រាន់តែឃើញការបង្ហោះថាមានពិធីបួងសួងនៅរូបសំណាកលោកតាម៉ៅ លោកក៏ធ្វើដំណើរដោយមិនមានការអញ្ជើញតែម្ដង ដោយសារតែលោកក៏មានជំនឿខ្លាំងលើលោកតានិងធ្លាប់បួងសួងសុំសេចក្ដីសុខពីលោកតាហើយបានសម្រេចមិនដែលខាន។ លោកថាការចូលរួមរបស់ពលរដ្ឋមានសភាពកកកុញ ដោយសារតែអ្នកដំណើរបណ្ដាក់គ្នាឈប់ ដោយធ្វើឲ្យនៅរង្វង់មូលតាខ្មៅ នឹងមិនមានចរាចរណ៍អស់ច្រើនម៉ោង។
យ៉ាងណាក៏ដោយនៅក្នុងពិធីនោះគេឃើញមានការអន្តរាគមន៍ជាច្រើនពីសំណាក់នគរបាលចរាចរណ៍ និងអាជ្ញាធរខេត្តដើម្បីឲ្យយាន្តយន្តដែលត្រូវការឆ្លងនៅតែអាចធ្វើដំណើរបាន។ នៅក្នុងពិធីនោះ គេក៏ឃើញមានការចែកទានពីសំណាក់អ្នកមានទ្រព្យដែលមកធ្វើពិធី ជូនដល់ចាស់ៗនិងក្មេងៗជាការចែករំលែកផងដែរ៕