ក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសថាក្រសួងនឹងរុះរើរាល់បញ្ជរបង់លុយ ទាំងបីកន្លែងនៅតាមផ្លូវជាតិលេខ៤ ក្រោយពីរដ្ឋាភិបាលបានប្រកាសឈប់យកលុយផ្លូវពីអ្នកធ្វើដំណើរ។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃចន្ទនេះ ក្រសួងបានឲ្យដឹងថាបញ្ជរបង់ប្រាក់កំបូល ស្ទឹងច្រាលនិងបញ្ជរបង់ប្រាក់អូរចំណារនៅតាមដងផ្លូវជាតិលេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន អេហ្សិត ឌីស្ទ្រីប្យូហ្សិន នឹងត្រូវរុះរើចាប់តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះតទៅ។ ក្រសួងបញ្ជាក់ថាការរុះរើចោលបញ្ជរទាំងនេះនឹងត្រូវបិទចរាចរណ៍មិនឲ្យឆ្លងកាត់បណ្តោះអាសន្ននៅត្រង់ចំណុចនីមួយៗ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់កើតឡើងដោយថាហេតុ ដោយសារកម្ទេចកម្ទីថ្មបាក់ឬខ្ទាតលើមនុស្សនិងយាន្តយន្តដែលបានមកឈប់ចតនៅក្បែរទីតាំងនោះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្តីពីការយកកម្រៃសេវាថែនិងជុសជុលផ្លូវជាតិលេខ៤។ ការសម្រេចនេះធ្វើឡើងភ្លាមៗបន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕