មន្រ្តីចារកម្មជាន់ខ្ពស់របស់កូរ៉េខាងជើងចុះ​ចូល​ជាមួយ​កូរ៉េខាងត្បូង

ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បានរត់ភៀសខ្លួនចេញពីកូរ៉េខាងជើង ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់គឺកម្រមាន (រូបពី​BBC)

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានបញ្ជាក់នៅ​ថ្ងៃចន្ទនេះ​ថា​ មន្រ្តីចារកម្ម​យោធា​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើងដែល​មើល​ការ​ខុស​ត្រូវ​លើ​ការងារ​ចារកម្ម​ បានរត់ទៅចុះ​ចូល​ជាមួយ​កូរ៉េខាងត្បូង។

មន្រ្តីរូប​នោះ​មិនទាន់​ត្រូវបានគេ​បញ្ចេញឈ្មោះនៅឡើយ​ទេ ប៉ុន្តែក្រសួងការពារជាតិនៅទីក្រុងសេអ៊ូលបានឱ្យដឹងថា លោក​ជាវរសេនីយ៍ឯកជាន់ខ្ពស់នៅក្នុងការិយាល័យទូទៅឈ្លបយកការណ៍ ដោយ​បាន​ចាកចេញពីកូរ៉េខាង​ជើង​កាលពីឆ្នាំមុន។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយព័ត៌មាន​ BBC ។

ទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីប្រភពមួយដែលជានិយាយថា វរសេនីយ៍ឯករូប​នោះ​ត្រូវបានអ្នកផ្សេង​ទៀត​​ដែលបាន​​ចុះ​ចូល​ជាមួយកូរ៉េ​ខាង​ត្បូង​ ​មើលឃើញថាជា វរជន ។

មនុស្សជាង២៨០០០នាក់បានរត់ភៀសខ្លួនចេញ​ពី​កូរ៉េខាងជើងចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េ ប៉ុន្តែអ្នករត់ចោលជួរជា​មន្ត្រី​ជាន់ខ្ពស់បែប​នេះ​គឺកម្រមាន​ណាស់។

កាល​ពី​សប្តាហ៍មុន ជនជាតិ​កូរ៉េខាងជើង១៣​នាក់​ដែលធ្វើការក្នុងភោជនីយដ្ឋានមួយរបស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅបរទេសបាន​រត់​ផ្ដាច់​ខ្លួន​ជាក្រុម។

ទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ថ្មី​នេះ អ្នកនយោបាយជាន់ខ្ពស់មួយចំនួន​របស់​កូរ៉េ​ខាង​ជើង​បាន​រត់​ចោល​ស្រុក​នៅ​ពេល​ដែលពួកគេ​ធ្វើការនៅក្រៅប្រទេស ។ ភ្នាក់​ងារ​ព័ត៌មាន​នេះ​បាន​ស្រង់​សម្ដី​របស់​មន្ត្រីរដ្ឋាភិបាល​ថា នេះ​ជា​សញ្ញា​បង្ហាញ​ពី​ប្រេះ​ស្រាំ​នៃ​ការ​ដឹកនាំ​របស់​លោក គីម ជុងអ៊ុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ