តំណាងរាស្រ្ត​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប

តំណាងរាស្រ្ត លោក អ៊ុំ សំអាន កាលពីកន្លងទៅ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រនេះ ក្នុងខេត្តសៀមរាប។

លោក អ៊ុំ សំអាន បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្រោយពីលោក​បាន​ចំណាយ​​ពេល​ជាង​៧ខែនៅក្រៅប្រទេស នៅពេល​បញ្ហា​ការ​ផ្ទៀងផ្ទាត់​ផែនទី​កំពុងឡើងកម្តៅ​ និងស្រប​ពេល​លោក​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ដាក់ទណ្ឌកម្ម​មិន​​ឲ្យចូល​រួម​ប្រជុំ​សភាពេញអង្គ​ចំនួន​១៥ដង។

មុន​ពេល​ចាប់ខ្លួន​លោក អ៊ុំ សំអាន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​ឡោម​ព័ទ្ធផ្ទះ​របស់​អនុប្រធាន​គណៈ​កម្មាធិការប្រតិបត្ត​ខេត្តរបស់​គណបក្ស​សង្រ្គោះជាតិ​និងជាសមាជិកក្រុមប្រឹក្សា​ខេត្ត​​ លោក សុខ គឹមសេង។

លោក សុខ គឹមសេង ប្រាប់វីអូឌីនៅយប់អធ្រាត្រនេះ​​ថា​លោក​ត្រូវបានប៉េអឹម​​ប្រមាណ​៤០នាក់​មកព័ទ្ធផ្ទះ​នៅម៉ោ​ង​ប្រមាណ​៩យប់ ហើយ​សាកសួរព័ត៌មានពី​លោក អ៊ុំ សំអាន។ លោក​បន្ត​ថា​សមត្ថកិច្ច​បាន​បង្ហាញរូបថត​របស់​លោក អ៊ុំ សំអាន និង​សួរ​ពីការស្នាក់នៅ​របស់ភ្ញៀវ។  លោក​បញ្ជាក់បន្ថែម​ថា​នៅ​ម៉ោង​ប្រមាណ​១២និង​៤៥នាទី សមត្ថកិច្ច​បាននាំខ្លួន​លោក​ទៅ​ស្នងការខេត្ត ដោយ​ពុំបាននិយាយអ្វីទាំងអស់ ហើយ​​បញ្ជូនមកផ្ទះវិញភ្លាមៗ។

លោក​បន្ត​ថា​នៅ​​ពេលមកដល់ផ្ទះវិញ ជំនួយ​ការរបស់​លោក អ៊ុំ សំអាន បានហៅទូរស័ព្ទ​មកថាលោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់ខ្លួន​។​

បើតាម លោក សុខ គឹមសេង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន​នៅ​ម៉ោង​ជិត​១យប់ នៅ​ម្តុំផ្សារ​កណ្តាល នៅពេល​លោក​ចុះដកលុយនៅទូរអេធីអឹមរបស់ធនាគារ។

លោកមានប្រសាសន៍ថា៖ “ម៉ោង៩និង​៣០នាទី ​ចាប់ផ្ដើមធ្វើសកម្មភាពសាកសួរប្រពន្ធរបស់ខ្ញុំក្នុងការស្វែងរកតំណាងរាស្ដ្រ អ៊ុំ សំអានហ្នឹង ម៉ោង១០ឃាត់ខ្លួននិយាយរួមយើងអាចនិយាយថាគេឃាត់ខ្លួនព្រោះតែគេមិនឲ្យ​យើងទៅណាគេឲ្យខ្ញុំនៅក្នុងផ្ទះហ្នឹងគេមិនឲ្យទៅណា ដើម្បីធ្វើការសាកសួរហើយចាំជួបស្នងការ ប៉ុន្ដែដំបូងគេបានយករូបថតហ្នឹងឲ្យប្រពន្ធខ្ញុំមើលថាតើបានស្គាល់ម្នាក់ហ្នឹងអត់ ដែលមកស្នាក់នៅហ្នឹងអត់”

ជំនួយការលោកអ៊ុំ សំអាន គឺលោក ឃូ ហាំងមាំង មានប្រសាសន៍ថា លោក អ៊ុំ សំអាន ត្រូវ​បានចាប់ខ្លួន​នៅ​ម៉ោង​១២និង៣៥នាទីយប់ នៅ​ម្តុំផ្សារ​កណ្តាល នៅពេល​លោក​ចុះដកលុយនៅ​ទូរអេធី​អឹម​របស់ធនាគារ។លោកមានប្រសាសន៍ថា៖ ពីរនាក់ ស្លៀកពាក់ស៊ីវិលពេលដែលគាត់ដកលុយបានហើយចេញ​មកវិញគេសុំ​អញ្ជើញបងសួរចឹង ហើយគេចាប់គាត់រុញចូលក្នុងឡានដល់ពេលខ្ញុំបត់ឡានទៅតាមមិនទាន់ខ្ញុំ​ថាប្រហែលគេយកទៅស្នងការវិញទៅអត់មានដាក់ខ្នោះទេ គេគ្រៀកដៃទាំងសងខាងគ្នាគេពីរនាក់ទៅដល់ស្នង​ការហ្នឹង បានគេដាក់ខ្នោះ”

ចំណែក​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​នៅ​រំលងអធ្រាត្រ​ថា​លោក អ៊ុំ សំអាន ត្រូវ​បាន​ឃាត់ខ្លួន​ពីសំណាក់​នគរបាលស្លៀកពាក់ស៊ីវិលនៅពេលលោក​កំពុង​ដកលុយពីទូរអេធីអឹមធនាគារកាណាឌីយ៉ា នៅ​លើ​ផ្លូវស៊ី​សុវត្ថា ម្តុំផ្សារចាស់ សង្កាត់ស្វាយ​ដង្គំ ក្រុងសៀមរាប។

វីអូឌីមិនទាន់អាចទាក់ទងសមត្ថកិច្ច​ដើម្បីសុំការឆ្លើយ​តប​បានភ្លាមៗនៅឡើយទេ។

​មុនពេលចាប់ខ្លួន​ លោក អ៊ុំ សំអាន ប្រាប់វីអូឌី​ថាលោក​មិនភ័យ​ខ្លាចនឹង​ការ​ចាប់ខ្លួននោះទេ។ កន្លងទៅ ​រដ្ឋាភិបាលព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ប្រឆាំងនឹង​និយាយ​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែង​ក្លាយ។ លោក អ៊ុំ សំអាន ត្រូវ​បាន​លើកឡើង​ថា​ជា​មនុស្ស​ម្នាក់​អាច​រដ្ឋាភិបាល​ចាត់វិធានការ។​

លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា​​លោក​នឹង​បន្ត​សិក្សា​បញ្ហាព្រំដែន​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្រៅប្រទេស ដោយ​លោក​ថា​ការងារ​នេះ​នឹង​បញ្ចប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​ថា​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​សើរើ​បញ្ហាព្រំដែន​ឡើង​វិញ ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត។​

លោក​មានប្រសាសន៍ថា៖ “គ្រាន់តែសិក្សាពីបច្ចេកទេស​ទាក់ទង​នឹង​បញ្ហាព្រំដែននិងឯកសារផ្សេងៗដែលទាក់ទង​នឹង​បញ្ហា ​ដើម្បីត្រៀមខ្លួន​នៅ​ពេលដែល​គណបក្ស​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ យើង​នឹង​អាច​សើរើការបោះបង្គោល​ព្រំដេន​ជាមួយវៀតណាម”។ លោក​បញ្ជាក់​ថា​ឯកសារ​ទាំងនោះ លោក​​បានមកពីក្នុងស្រុកនិងក្រៅស្រុក​ នៅពេល​លោក​ស្នាក់នៅក្រៅប្រទេស ​រួមមានពីប្រទេស​បារាំង សហរដ្ឋ​អាមេរិក បណ្ណាល័យសភាអាមេរិកនិង​អង្គការ​​សហប្រជាជាតិជាដើម។​

កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ច​ការ​ព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង បានអះអាង​ថា​លោក អ៊ុំ សំអាន បាន​​ញុះញង់​ឲ្យ​មាន​អស្ថិរភាពសង្គមនិង​មិន​អាច​អត់​ឱន​បាន​នោះទេ​៕ ដោយ បូ សាវី និង​ស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ