គណបក្សប្រឆាំងនិងអ្នកច្បាប់ថា ការចាប់ខ្លួនតំណាងរាស្រ្តធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ពេលត្រូវបាន​បញ្ជូន​មកក្រសួងមហាផ្ទៃ(រូបថតពីបណ្តាញសង្គមហ្វេសប៊ុក​)

គណបក្សប្រឆាំងនិងអ្នក​ច្បាប់​លើកឡើ​ងថា ការ​ចាប់ខ្លួនតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិដែលសកម្មរឿង​ព្រំដែននោះធ្វើឡើង​ដោយ​រំលោភច្បាប់រដ្ឋធម្មនុញ្ញ​ ដោយពួកគេបញ្ជាក់ថាវាមិនមែនជា​បទល្មើសជាក់ស្តែងនោះទេ។

លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែនត្រូវ​បាន​ជនស្លៀកពាក់ស៊ីវិល​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ក្នុងខេត្តសៀមរាបពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ។​

នៅថ្ងៃចន្ទនេះ គណបក្ស​សង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ដោយ​ចាត់ទុក​ថា ការ​ចាប់ខ្លួន​លោក អ៊ុំ សំអាន ជាការ​រំលោភ​បំពានធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញនិង​ទាមទារឲ្យដោះលែងជាបន្ទាន់។

មេធាវី សំ សុគង់ ពន្យល់​តាមនីតិវិធីច្បាប់ថាបើតាមការសិក្សា​អង្គហេតុកន្លងមកតាមរយៈការ​ចោទប្រកាន់ថាលោក អ៊ុំ សំអាន ប្រព្រឹត្តបទល្មើសជាក់ស្តែងមិនត្រូវនោះទេ។ លោកពន្យល់ថា បទល្មើសជាក់ស្តែងកើតចេញពីសកម្មភាពបុគ្គល​ម្នាក់​កំពុង​ប្រព្រឹត្តបទល្មើស​ផ្ទាល់ ហើយសមត្ថកិច្ចដេញចាប់ប៉ផាប់ចាប់ពភីង។ លោកថាការ​ចាប់ខ្លួនលោក អ៊ុំ សំអាន ធ្វើឡើង​ដោយរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ៖ ”ទាក់ទងនឹងរឿ​ងរបស់លោក អ៊ុំ សំអាន បើតាមខ្ញុំតាមដានព័ត៌មានមែន ដូច​មិនដែលឮសូរថាមានការ​ចោទប្រកាន់​ ហើយទីពីរយើងឃើញថាការចាប់ខ្លួននេះចាប់ពេលយប់ ហើយ​ទាក់ទងទៅនឹងការ​ចាប់ខ្លួនដែលអ្នកដែលទៅចាប់ខ្លួនជាជនស៊ីវិលពាក់អាវស៊ីវិលដោយមិនមែនពាក់អាវជាឯកសណ្ឋានជាសមត្ថកិច្ច​ បើយើងគិត​ពីផ្លូវច្បាប់​គឺមិនត្រឹមត្រូវ​តាមលក្ខណៈផ្លូវច្បាប់ទេ”។

មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ការ​ចោទប្រកាន់​ ការចាប់ខ្លួន ការ​ឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹង​អាចធ្វើទៅកើត លុះត្រា​តែអនុវត្តត្រឹមត្រូវ​តាមច្បាប់​។

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​លោក គល់ បញ្ញា យល់ប្រហាក់ប្រហែលលោក​មេធាវី សុគង់ ដែរ ដោយលោកថាការ​ចាប់ខ្លួនលោក អ៊ុំ សំអាន ធ្វើដោយ​រំលោភច្បាប់និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ។ លោកថាការ​ចាប់ខ្លួននេះធ្វើឡើងក្រោមហេតុនយោ​បាយ ដោយលោកថាតំណាងរាស្ត្ររូបនោះតែងតែនិយាយរិះគន់រដ្ឋាភិបាលពី​​រឿងព្រំដែនកម្ពុជា/វៀតណាម។ លោកបន្តថា៖ ”រឿងអ្វីក៏វាទាក់ទងនឹង​នយោបាយខ្លះដែរ ប៉ុន្តែយើងរំលោភលើរដ្ឋធម្មនុញ្ញវាហួ​ស​​ពីរឿង​បញ្ហា​មូលហេតុនៃនយោបាយ​ វាមានការ​បំពានលើរដ្ឋធម្មនុញ្ញ នេះជា​ការ​ព្រួយបារម្ភធំ”។

អ្នកនាំពាក្យ​រដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទ​ល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​ លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

ប៉ុន្តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានសរសេរលើ​ហ្វេសប៊ុករបស់លោកថា យោងមាត្រា៨០នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះចាប់ខ្លួនក្រោមហេតុផលនៃបទល្មើសជាក់ស្តែងក៏ដោយ ក៏តុលាការមិនអាចចោទប្រកាន់ឬឃុំខ្លួន លោក អ៊ុំ សំអាន បានឡើយ បើគ្មានការយល់ព្រមពីរដ្ឋសភាដោយសម្លេង២ភាគ៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ