ធនាគារ​ពិភពលោកថា​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៅតែ​មាន​ភាព​រឹងមាំ​

របាយការណ៍​ថ្មី​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​តែ​មាន​ភាព​រឹង​មាំ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ថយចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​កំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​ បើ​ទោះ​បី​ជា​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ ធនាគារ​ពិភព​លោក​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្ដា​ប្រទេសកំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ីបូព៌ា​ត្រូវ​គេ​រំពឹង​ថា​នឹង​ថយ​ចុះ​ពី​៦,៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥ មក​នៅ​៦,៣​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ និង​ថយ​ចុះ​មក​នៅ​៦,២​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការ​ព្យាករណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ថយ​ចុះ​យឺត​ៗ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ដែល​កំណើន​ថេរ ហើយ​និង​ត្រូវ​បាន​គេ​រំពឹង​ថា​ថយ​ចុះ​មក​នៅ​ត្រឹម​៦,៧​ភាគរយក្នុង​ឆ្នាំ​២០១៦ និង​៦,៥ភាគរយ​ក្នុង​ឆ្នាំ​២០១៧ បើ​ធៀបនឹង​ឆ្នាំ​២០១៥​គឺ​៦,៩​ភាគរយ​។

សេចក្ដី​ប្រកាស​ព័ត៌មានបន្ថែម​​ថា ការ​ប្រមើលមើល​នេះ​គឺ​ផ្ដោត​លើ​ហានិភ័យ​ដែលបាន​កើតឡើង ហើយ​ប្រទេស​ជា​ច្រើន​គួរ​តែ​បន្ត​កំណត់​អាទិភាព​លើ​គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​សារពើពន្ធ ​ដែលធនាគារ​ពិភព​លោក​អះអាង​ថា​​នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​ងាយ​រងគ្រោះ និង​ពង្រឹង​ភាព​ជឿជាក់​ ខណៈ​ដែល​កំពុង​តែ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​។

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ដែល​មាន​ចំណង​ជើង​ថា បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក បាន​ស្នើ​ឲ្យ​មាន​ការ​គិតគូរ​ជា​បន្ត​លើ​ម៉ាក្រូសេដ្ឋកិច្ច និង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ប្រកប​ចោយ​និរន្តរភាព​។ របាយការណ៍​នេះ​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ចំណាយ​សាធារណៈ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ជា​សេវាសាធារណៈ ដូច​ជា​វិស័យ​អប់រំ សុខភាព និង​ជំនួយ​សង្គមកិច្ច ព្រមទាំង​ការការ​ពារបរិស្ថាន​។

ក្នុង​រយៈ​ពេល​វែង របាយការណ៍​នេះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នានា​បង្កើន​តម្លាភាព និង​ពង្រឹង​គុណភាព​គណនេយ្យ​ភាប​ផងដែរ​។ ក្រៅពីនោះ របាយការណ៍​ជំរុញ​ឲ្យ​ប្រទេស​នានា​កាត់​បន្ថយ​រនាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដូចជា​វិធានការ​អត់យក​ពន្ធ និង​រនាំង​នៃ​បទបញ្ជា​រួម​ទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្នែកសេវាកម្ម​។ របាយការណ៍​នេះ​សង្កត់​ធ្ងន់​ថា អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពីការ​ធ្វើ​បដិវត្ត​ឌីជីថល​នឹង​ត្រូវ​បាន​ពង្រី​តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​បទបញ្ជា​ដែល​គាំ​ទ្រ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង និង​តាម​រយៈ​ការ​ជួយ​ដល់​កម្មករ​ទទួល​យក​នូវ​ជំនាញ​របស់​ពួក​កែ​ឲ្យ​ស្រប​ទៅ​តា​មតម្រូវ​ការ​នៃសេដ្ឋកិច្ច​ថ្មី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ