ស្ថានទូតអាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ពន្យល់មូលហេតុនៃ​ការ​ចាប់ខ្លួន​លោក អ៊ុំ សំអាន​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​ កាលពីថ្ងៃ​ចន្ទ​

ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាបដែល​មានសញ្ជាតិអាមេរិកផងដែរ។​

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌី​តាមរយៈ​អ៊ីម៉េល​ថាក្រសួងការបរទសអាមេរិកមាន​កាតព្វកិច្ច​ផ្តល់ជំនួយដល់​ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅ​ក្រៅប្រទេស​យ៉ាងយកចិត្ត​ទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិ​អាមេរិក​នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែក​កុងស៊ុលគ្រប់កាលៈទេសៈ”

​ក្រោយ​ពី​ការ​សាកសួរ​ជាង​៧ម៉ោង នាយកដ្ឋាន​ប្រឆាំងភេរវកម្ម បាន​សម្រេច​បញ្ជូន​លោក អ៊ុំ សំអាន ទៅ​តុលាការ​នៅ​ម៉ោង​ជាង​៤រសៀលនេះ ដោយ​លោក អ៊ុំ សំអាន ថា​លោក​ត្រូ​វបាន​ចោទ​ប្រកាន់​ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។​

លោក អ៊ុំ សំអាន ប្រាប់អ្នក​សារព័ត៌មាន​ក្រោយពេលបញ្ចប់ការសាកសួរថា​នេះ​ជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោក​បន្ត​ថា​លោក​មិន​ស្តាយក្រោយនោះទេ ដែល​មក​កម្ពុ​ជា​ ហើយ​​ត្រូវបានចាប់ខ្លួន។

កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”

លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាទង្វើទាក់ទងនឹងរឿងទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ  គឺជាកាតព្វកិច្ចដែលអ្នកតំណាងរាស្រ្តត្រូវតែបញ្ចេញមតិ ខ្ញុំយល់ឃើញថាការចាប់ខ្លួននេះធ្វើឲ្យអ្នកដែលគិតគូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជាពលរដ្ឋមានការភ័យខ្លាច ប្រជាពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទងនឹងបញ្ហាព្រំដែន)”

គួរបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០០៤ លោក អ៊ុំ សំអាន ​បាន​សុំ​​សិទ្ធិ​ជ្រកកោន​ផ្នែក​​នយោបាយ​នៅ​សហរដ្ឋអាមេរិកដែល​ជា​កន្លែង​​លោក​បាន​បន្តការ​សិក្សា​​ថ្នាក់អនុបណ្ឌិត​​ផ្នែក​​គ្រប់គ្រងនិង​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ តាមរយៈ​ការ​ផ្តល់ជំនួយ​ដោយ​រដ្ឋាភិបាល​អាមេ​រិក នៅពេល​ដែល​​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេ​សកម្ពុជា​​​មិន​សូវល្អ។ ​រស់នៅសហរដ្ឋអាមេរិក​​អស់​រយៈ​ពេលជាង​​៨ឆ្នាំ​ លោក អ៊ុំ សំអាន ​ទើ​បតែ​ទទួល​បាន​សញ្ជា​តិ​អាមេរិក​ កាល​​ពីចុងឆ្នាំ​២០១២។​ បន្ទាប់​ពី​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ លោក​ អ៊ុំ សំអាន បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជាវិញ ហើយ​ក្នុង​​ឆ្នាំ​២០១៣ លោក​បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​មណ្ឌលខេត្ត​សៀមរាប​ហើយ​លោក​ក៏មាន​ឱកាស​ជាប់​ជា​តំណាងរាស្រ្ត​មួយ​រូប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ