តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថារដ្ឋសភាធ្វើការងារ”មិនច្បាស់លាស់” ករណីអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដោយចាត់ទុកថារដ្ឋសភានឹងខូចឈ្មោះ ប្រសិនបើចាត់ទុកករណីចាប់ខ្លួនលោក អ៊ុំ សំអាន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថាគណបក្សនឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍និងកិច្ចប្រជុំសភាពេញអង្គពិភាក្សាលើបញ្ហាលោក អ៊ុំ សំអាន ដែលគ្រោងធ្វើនៅថ្ងៃនេះនោះទេ ដោយលោកថាប្រសិនបើចូលរួមប្រជុំ គឺបង្ហាញថាគណបក្សចូលរួមធ្វើសកម្មភាពមិនស្របច្បាប់។
លោក សុន ឆ័យ បន្តថាគណបក្សសង្រ្គោះជាតិមិនបណ្តែតបណ្តោយឲ្យស្ថាប័នជាតិរដ្ឋសភាធ្វើ”ការងារមួយមិនច្បាស់លាស់” ដោយលោកបញ្ជាក់ថា៖ “ដូច្នេះយើងអត់ទៅចូលរួមធ្វើខុសទេ” ។ លោកមានប្រសាសន៍ថាប្រសិនបើរដ្ឋសភាសម្រេចថាការចាប់ខ្លួនតំណាងរាស្រ្តស្របច្បាប់ វានឹងធ្វើឲ្យខូចមុខមាត់របស់ប្រធានរដ្ឋសភា លោក ហេង សំរិន និងស្ថាប័នរដ្ឋសភា។
លោក សុន ឆ័យ ក៏បានលើកឡើងពីការបកស្រាយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញពីបទល្មើសជាក់ស្តែងនិងការដកអភ័យឯកសិទ្ធិ។ លោកចាត់ទុកថាការសម្តែងមតិរបស់លោក អ៊ុំ សំអាន ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងជាការបញ្ចេញសកម្មភាព ទៅលើបញ្ហាធំៗរបស់ជាតិ រួមមានអំពើពុករលួយ បញ្ហារំលោភដីធ្លីនិងបញ្ហាបូរណភាពទឹកដីជាដើម។ លោកបន្តថាកម្ពុជាមិនទាន់មានស្ថាប័នជាតិណាមួយដែលអាចបកស្រាយពីពាក្យនៃបទល្មើសជាក់ស្តែងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីកាលពីថ្ងៃចន្ទថាការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។ លោកបន្ថែមថាអ្វីៗអាស្រ័យលើតុលាការ។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃអង្គារនេះក៏បានអំពាវនាវឲ្យ”បញ្ឈប់ហែកហួរគ្នា” ស្របពេលរដ្ឋាភិបាលបានចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន។ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះថា៖ “ឆ្នាំថ្មី ខ្ញុំសូមអំពាវនាវដល់ខ្មែរគ្រប់និន្នាការ បញ្ឈប់ការហែកហួរគ្នា បែកបាក់គ្នាពីពេលនេះតទៅ ដោយចាប់យកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិខ្មែរពិតប្រាកដវិញ”។
គួរបញ្ជាក់ថាលោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
ស្ថានភាពនយោបាយចាប់ផ្តើមឡើងកម្តៅឡើងវិញមួយរយៈពេលចុងក្រោយនេះ ស្របពេលមានការចាប់ខ្លួនតំណាងរាស្រ្ត និងលោក កឹម សុខា កំពុងប្រឈមនឹងការចោទប្រកាន់រឿងអាស្រូវស្នេហាហើយអង្គភាពប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតករណីនេះ៕ ដោយកញ្ញា កាន់ វិច្ឆិកា និងលោក ស៊ុន ណារិន