អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានលើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ដោយលោកថា សភានឹងដកអភ័យឯកសិទ្ធិរបស់លោក ប្រសិនមានការស្នើពីតុលាការ និងទទួលបានការគាំទ្រពីសំឡេង២ភាគ៣ នៃសមាជិករដ្ឋសភា។
លោក ឡេង ប៉េងឡុង លើកឡើងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំរបស់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភាដោយសំឡេង៦៣លើ៦៣ ដោយសម្រេចឲ្យតុលាការបន្តនីតិវិធីលើលោក អ៊ុំ សំអាន ដែលត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារកាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារនេះ។
លោក ឡេង ប៉េងឡុង បន្ថែមថា លោក អ៊ុំ សំអាន នៅតែជាសមាជិកក្នុងរដ្ឋសភាកម្ពុជា បើទោះជាលោកត្រូវបានរដ្ឋសភាសម្រេចឲ្យតុលាការបន្តឃុំខ្លួនក៏ដោយ។ យ៉ាងណាក៏ដោយ លោកពុំបានបញ្ជាក់ក្នុងករណីដែលសភាមិនអាចទទួលបានសំឡេងគាំទ្រ២ភាគ៣ក្នុងការដកអភ័យឯកសិទ្ធិនោះទេ។
លោកមានប្រសាសន៍ថា៖ “ប្រសិនជាតុលាការចេញដីកាស្ថាពរថាគាត់មានកំហុសជាបទព្រហ្មទណ្ឌកម្រិតណាៗ ប្រហែលជាតុលាការនឹងអាចស្នើសុំដកអភ័យឯកសិទ្ធិដូចលោក សម រង្ស៊ី ចឹង…ច្បាប់គឺថាប្រសិនជាក្នុងករណីត្រូវដកអភ័យឯកសិទ្ធិត្រូវតែមានសំឡេង២ភាគ៣ ចំពោះផ្សេងទៀតខ្ញុំមិនបកស្រាយបានទេ”។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺផ្អែកលើបទល្មើសជាក់ស្ដែង ដោយលោកអះអាងថាដូចដែលបានចែងក្នុងតាមរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងដាក់លោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។
គណបក្សសង្រ្គោះជាតិ និងអង្គការសង្គមស៊ីវិលនិងអន្តរជាតិមួយចំនួនបានចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ថាជាការរំលោភលើរដ្ឋធម្មនុញ្ញ ដោយគណបក្សបក្សប្រឆាំងអំពាវនាវឲ្យមានការដោះលែងតំណាងរាស្ត្ររបស់ខ្លួន។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការចាប់ខ្លួនលោក អ៊ុំ សំអាន នេះគឺផ្អែកទៅលើបទល្មើសជាក់ស្តែង។
ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយសារលោកក៏មានសញ្ជាតិអាមេរិកផងដែរ៕