ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បទថ្មីរបស់អ្នកនាង ពេជ្រ សោភា និងលោកដេវីត ក្រោមចំណងជើងថា«រាំញីកែងជើង» ត្រូវគេកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការរាំកម្សាន្ត។ តាមរយៈវីដេអូឃ្លីបខ្លីបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ ពេជ្រ សោភា គឺមានទាំងចាស់ទាំងក្មេង និងជនបរទេសនៅឯក្រៅប្រទេសបានរាំបទនេះយ៉ាងពេញនិយម។ ប៉ុន្តែភាពខ្ទរខ្ទាររបស់បទនេះក៏ក្លាយជាប្រធានបទចម្រូងចម្រាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅលើគណនេយ្យរបស់អ្នកនាងពេជ្រ សោភា និងលោកដេវីដ តារាចម្រៀងរបស់ផលិតកម្មហង្សមាស ពាក់ព័ន្ធនឹងបទ «រាំញីកែងជើង» ដែលបទល្បីថ្មី។ យុវវ័យភាគច្រើនបានសរសើរនៅលើទំព័រហ្វេសប៊ុករបស់នាងថានេះជាបទដែលនិពន្ធដោយសារខ្មែរ ហើយមានកម្រិតទាក់ទាញស្រទាប់មហាជនមិនធ្លាប់មានពីមុនមក ទាំងចង្វាក់ភ្លេង ក្បាច់រាំ និងអត្ថន័យចាប់តាំងពីបានចេញលក់។ ប៉ុន្តែនៅក្នុងចំណោមនោះក៏មានអ្នកចេញមុខរិះគន់ និងប្រកាសយ៉ាងក្ដែងៗថា នោះជាបទចម្លងពីថៃ និងខ្លះថាចម្លងពីបទផ្សេងពីថៃ ដែលគ្រាន់តែក្រឡៃសាច់ភ្លេងហើយយកមកអួតថាជាបទនិពន្ធថ្មីផងដែរ។
យ៉ាងណាក៏ដោយ ម្ចាស់បទនាង ពេជ្រ សោភា ត្រូវគេឃើញចេញមុខការពារម្ដងហើយម្ដងហើយទៀត និងបានទទូចឲ្យអ្នករិះគន់ឲ្យផ្ញើតំណភ្ជាប់ (Link) បទចម្រៀងបរទេសណាមួយ ដែលសង្ស័យថាមានចង្វាក់ ឬក្បាច់រាំដូចគ្នានឹងបទរបស់នាង។ ចំណែកអ្នកគាំទ្របទនេះ ក៏ត្រូវគេឃើញបញ្ចេញទស្សនៈវាយប្រហារទៅកាន់អ្នករិះគន់ ធ្វើឲ្យសង្គ្រាមពាក្យសម្ដីរវាងអ្នកស្រប និងអ្នកប្រឆាំងឡើងកំដៅកាន់តែខ្លាំង។ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Srey Na Make Up បានប្រកាសឲ្យ ពេជ្រ សោភា ចេញមុខស្បថជាសាធារណៈ ប្រសិនបើបទ «រាំញីកែងជើង» ពិតជាបទនិពន្ធថ្មី ដែលមិនមានការចម្លង ឬក្រឡៃចេញពីបទណាមួយ។
តាមការនឹងរិះគន់ ពេជ្រ សោភា មិនត្រឹមតែស្បថនោះទេ បានទាំងសុំឲ្យអ្នករិះគន់ សុំទោសជាសាធារណៈបើរកមិនឃើញថាបទនេះចម្លងគេ ធ្វើឲ្យអ្នកគាំទ្ររបស់នាងបញ្ចេញសម្ដីវាយប្រហារយ៉ាងចាស់ដៃទៅលើអ្នករិះគន់ បណ្ដាលឲ្យក្លាយជាសង្គ្រាមពាក្យសម្ដីកក្រើកហ្វេសប៊ុកនោះផង។ ម្ចាស់គណនេយ្យជាច្រើនដែលអះអាងថារស់នៅប្រទេសថៃ និងនៅប្រទេសផ្សេងទៀត បានចេញមុខការពារ ពេជ្រ សោភា ដោយថាបទរាំញីកែងជើងមិនមែនជាបទចម្លងពីថៃ ឬបទមកពីណាឡើយ។ ជាក់ស្ដែងម្ចាស់គណនេយ្យឈ្មោះ Alex Kiko Real បានបង្ហោះវីដេអូថា ខ្លួនរស់នៅប្រទេសថៃប្រមាណ១០ឆ្នាំ ប៉ុន្តែមិនមានបទនេះដូចអ្វីដែលគេចោទពេជ្រ សោភា ចម្លងបទមកពីថៃនោះឡើយ។
ពេជ្រ សោភា បានថ្លែងប្រាប់VOD តាមទូរស័ព្ទថា បទ «រាំញីកែងជើង» គឺជាបទដែលនាង និងដេវីដ និពន្ធថ្មីទាំងស្រុង ទាំងចង្វាក់ភ្លេង ទាំងក្បាច់រាំ និងអត្ថន័យ។ នាងថា អ្នកចោទបទនាងជាបទចម្លង គឺជាការលាបពណ៌ និងជាបន្តុះបង្អាប់ស្នាដៃកូនខ្មែរ ដែលអ្នកនាងថា នាំឲ្យអ្នកប្រឹងប្រែងផលិតស្នាដៃខ្លួនឯងបាក់ទឹកចិត្ត។ នាងនិយាយថា៖ “កុំថាឡើយត្រឹមស្បថ ឲ្យតែរកឃើញថាបទហ្នឹងចម្លងគេ គឺពេជ្រ សោភា និងដេវីត សុខចិត្តលាឈប់ពីសិល្បៈតែម្ដង អត់នៅឲ្យអាម៉ាស់មុខហង្សមាសទេ ព្រោះយើងប្រកាសថានិពន្ធថ្មី ដល់ពេលមានរកឃើញថាបទហ្នឹងចម្លងគេ តើខ្ញុំ និងដេវីដ មានមុខអី? តែសួរថាគាត់អ្នកបង្កបញ្ហាហ្នឹង គាត់ហ៊ានទេត្រឹមតែសុំទោសបើរកឃើញថាបទហ្នឹងអត់ចម្លងគេ ក្រោយពេលដែលគាត់មកបង្កបាតុភាពអញ្ចឹងៗនោះ”។
តារាហង្សមាសរូបនេះបន្តថា ហេតុផលដែលនាំឲ្យមានចម្រូងចម្រាសរវាងអ្នកគាំទ្រនាង និងក្រុមអ្នករិះគន់ គឺប្រហែលមកពីបទ«រាំញីកែងជើង» ទទួលបានភាពល្បីខ្លាំង ដែលអ្នកនាងថាធ្វើឲ្យក្រុអ្នករិះគន់ទាំងនោះ មិនជឿថាកូនខ្មែរ អ្នកនិពន្ធខ្មែរអាចតាក់តែងបាន។ នាងនិយាយថា៖ “ខ្ញុំ និងដេវីដ មានមោទនភាពណាស់នៅពេលដែលគេបង្ហោះវីដេអូនៅកូរ៉េ នៅវៀតណាម នៅថៃ និងនៅប្រទេសជាច្រើនទៀត គេយកបទហ្នឹងទៅរាំឲ្យមើល។ សូម្បីតែចាស់ៗក៏ឃើញរាំបទញីកែងជើងហ្នឹងដែរ ប៉ុន្តែហេតុអ្វីខ្មែរមិនគាំទ្រខ្មែរ ហើយថែមទាំងមកថាបទហ្នឹងចម្លងគេ? បទហ្នឹងយកភ្លេងគេមកក្រឡៃអីអញ្ចឹងៗ តើគាត់ចង់បានអីដែលគាត់មកនាំគ្នាយល់ឃើញអញ្ចឹង”។
ពេជ្រ សោភា បន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ នាង និងដេវីដ និពន្ធបទថ្មីបាន២៥បទ ហើយបទទាំងនោះត្រូវបានហង្សមាសចេញលក់ទាំងអស់ ដោយក្នុងនោះក៏មានបទ «សារ៉ាវ៉ាន់វង្វេងទិស» បទ«យក្សរាំធុងបាស» បទ«កន្តុំអឺត» ច្រៀងដោយលោកព្រាប សុវត្ថិ និងបទចូលឆ្នាំរបស់លោក នី រតនា ជាដើម។ នាងថា សូម្បីតែបទ «ឡូយកប់លូ» បទ «សម្លសម្លក់» បទ «អូនស្អាត» និងផ្សេងទៀតក៏មានអ្នកវាយប្រហារថាជាបទចម្លងគេដូចគ្នាផងដែរ គ្រាន់តែភាពចម្រូងចម្រាសមិនខ្លាំងដូចបទ «រាំញីកែងជើង» ដែលសឹងតែធ្វើឲ្យអ្នកគាំទ្រនាង និងអ្នករិះគន់ផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នារហូតទប់មិនជាប់នោះ។ យ៉ាងណាក៏ដោយ នាងថាមិនខឹងនឹងការវាយប្រហារនោះទេ ដោយចាត់ទុកថាបណ្ដាលមកពីពួកគេចាប់អារម្មណ៍ចំពោះស្នាដៃនោះ ទើបឈានដល់ការរិះគន់ និងលាបពណ៌៕