ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ដោយទទួលបានសំឡេងគាំទ្រ៤០សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភា៤៦រូបដែលមានវត្តមាន ខណៈព្រឹទ្ធសមាជិកមកពីគណបក្ស សម រង្ស៊ី មិនបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភាបានឲ្យដឹងថា អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ដោយឥតកែប្រែ ក្នុងសំឡេង៤០នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែលមានវត្តមាន។
អ្នកនាំពាក្យព្រឺទ្ធសភាលោក ម៉ម ប៊ុននាង បានឲ្យវីអូឌី (VOD)ដឹងបន្ថែមថា សមាជិកព្រឹទ្ធសភាចំនួន៤៦រូបបានមានវត្តមានក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះ។ លោកបន្តថា ក្នុងការបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់នេះ សមាជិកព្រឺទ្ធសភាមកពីគណបក្ស សម រង្ស៊ី ចំនួន៦រូបដែលមានវត្តមានមិនបានបោះឆ្នោតគាំទ្រទេ តែលោកថា អ្នកទាំង៦បានចូលរួមផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់នេះ។
លោក ម៉ម ប៊ុននាង ឲ្យដឹងទៀតថា ព្រឹទ្ធសភានឹងបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងពេលឆាប់ៗខាងមុខ តែលោកពុំទាន់អចបញ្ជាក់ថ្ងៃច្បាស់នៅឡើយទេ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឺទ្ធសភា អង្គប្រជុំក៏បានប្រកាសទទួលលោកស្រី ជិន សុងីម ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ កំពត និងកែប) ជំនួសលោក ប៉េង ប៉ាត់ ដែលបានទទួលមរណភាព និងលោក យឹម ឃុនឃឿន ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងស្វាយរៀង) ជំនួសលោក គង់ គាំ ដែលបានសុំចូលនិវត្តន៍។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដែលមាន១៧ជំពូក ១០០ មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែមសា ដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានលើកឡើងថា ច្បាប់ស្តីពីសហជីពនេះគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា ការបោះឆ្នោតអនុម័តច្បាប់សហជីពដែលអង្គការនេះចាត់ទុកថាខុសពីស្ដង់ដាអន្តរជាតិ ថាជាការបង្ហាញពីធ្លាក់ចុះនៃសិទ្ធការងារនៅក្នុងប្រទេសកម្ពុជា។
សហជីពមួយចំនួនបានបង្ហាញការមិនពេញសេចក្ដីព្រាងច្បាប់នេះ ដោយពួកគេទាមទារឲ្យមានការកែប្រែចំណុចមួយចំនួនដែលពួកគេគិតថានឹងរឹតបន្តឹងដល់សេរីភាពរបស់សហជីព។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង ថ្លែងក្នុងនាមអ្នកការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា ការស្នើឲ្យកែប្រែ និងលុបចោលនូវមាត្រាមួយចំនួន គឺពុំមានភាពចាំបាច់ឡើយ ដោយលោកថា ខ្លឹមសារ និងមាត្រាដែលបានចែងមានភាពពេញលេញក្នុងការការពារផលប្រយោជន៍ទាំងកម្មករនិយោជិត និងនយោជក។ លោកបន្ថែមថា ការអនុម័តច្បាប់នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភាក្នុងការធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមណីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ក្រុមសហជីពដែលមិនពេញចិត្តនឹងការអនុម័តច្បាប់នេះអះអាងថា ពួកគេនឹងពិភាក្សាគ្នាបន្តដើម្បីស្នើទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងអង្គការពាក់ព័ន្ធមួយចំនួនដើម្បីពិនិត្យច្បាប់នេះឡើងវិញ។ ពួកគេបន្ថែមថា ប្រសិនជាការអនុវត្តច្បាប់នោះមានភាពខ្វះខាត ឬអាក្រក់ពេក នោះកម្មករ និងសហជីពនឹងតវ៉ាប្រឆាំងដើម្បីឲ្យមានការកែប្រែ៕