បទយកការណ៍​៖ ស្ត្រីរកស៊ី​​ផ្លូវ​ភេទ​​តាម​ដង​ផ្លូវ​មិន​សូវ​ហ៊ាន​រក​អន្តរាគមន៍​ពេល​រង​ការ​ធ្វើ​បាប

ក្នុង​វ័យ​៣០​ឆ្នាំ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ឈ្មោះ បុប្ផា​ ដែល​ជា​ឈ្មោះ​វីអូឌី​ដាក់​ឲ្យរៀបរាប់ឲ្យ​ដឹង​ពី​ជីវិត​របស់​អ្នកស្រី​ថា ដោយ​សារ​តែ​រៀន​បានតិចពុំ​សូវ​មាន​ចំណេះ អ្នកស្រី​​បាន​សម្រេច​ចិត្ត​ប្រកបមុខ​របរ​រកស៊ី​ផ្លូវ​ភេទ​នេះ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​អាយុ​៧​ឆ្នាំ​របស់​នាង​។ ជាស្ត្រី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង បុប្ផា រៀបរាប់​ថាទោះបី​ការងារ​រកស៊ី​ផ្លូវ​ភេទ​នេះ​មាន​ជួបប្រទះ​​ការលំបាក​ច្រើនក្ដី​តែ​នាង​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ ដោយអះអាង​ថាដោយសារ​តែការងារ​នេះ​ជាការងារ​ដែល​ជួយ​ឲ្យ​នាង​អាច​ចិញ្ចឹម​កូន​ប្រុស​បាន​។

រៀបរាប់​ទាំង​អួល​ដើម​ក​លាយលំ​ជាមួយ​នឹង​ទឹក​ភ្នែក​ហូរ​កាត់​ផែនថ្ពាល់ទាំង​គូ​ បុប្ផា លើកឡើង​ថាក្នុង​ការ​ប្រកប​របរ​ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទអស់រយៈ​ពេល​បួនប្រាំ​ឆ្នាំ​មកនេះនាង​តែងជួប​ភ្ញៀវ​ដែល​ធ្វើបាបនិង​ពេល​ខ្លះ​វាយដំរាងកាយ​លើ​អ្នក​ស្រី​ប្រ​សិន​​​បើ​អ្នក​ស្រី​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​គេ​ចង់​បាន​។

អ្នកស្រី​រៀបរាប់​ថា​៖ “ដូច​ថា​យក​ទៅ​អញ្ចឹង​ទៅដូច​ថា​ដេក​នៅ​ជាមួយ​ហើយ​គាត់​អត់ឲ្យ​លុយ​ឲ្យ​កាក់ ហើយ​ខ្លះ​ណា​ទៅ​គាត់​គ្នា​ពីរ​បី​នាក់​ធ្វើ​បាប​យើង​ទៅ បើ​មិន​ព្រម​គាត់​វ៉ៃ​ធ្វើ​បាប​យើង​ក៏​មាន​ដែរ ហើយនេះ​ហើយ​អត់​ឲ្យ​លុយ​យើង​ទៀត”​។

ក្រៅ​ពី​បញ្ហា​ប្រឈម​ជាមួយ​អតិថិជន បុប្ផា រៀបរាប់​ឲ្យ​ដឹង​ទៀតថាអ្នកប្រកប​របរ​រកស៊ីផ្លូវ​ភេទ​ដូច​អ្នកស្រី​ក៏​ត្រូវ​ប្រឈម​ជាមួយ​អាជ្ញាធរក្នុង​ការ​ចុះ​ចាប់​ពួកនាងផងដែរ ដោយ​លើកឡើង​ថាពួក​នាងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់និង​សោ​ភ័ណភាព​ទីក្រុង​។ បុប្ផា បានរៀបរាប់​ថាប្រមាណ​បី​បួន​ថ្ងៃ​មុន​ផ្ដល់​បទ​សម្ភាសន៍ អ្នកស្រី​​ទើប​ត្រូវ​សមត្ថកិច្ច​វាយ​ដំបង​ឆក់​ចំ​ជើងពេល​​ព្យាយាម​រត់​គេច​ពី​ពួក​គេ​ដែល​ព្យាយាម​ប្រមូលស្ត្រី​រកស៊ី​ផ្លូវ​​ទៅ​កាន់​សាលា​ខណ្ឌឬ​សាលា​សង្កាត់​។

អ្នកស្រី​បន្ថែម​ថា​៖ “​ពេល​ចាប់​ទៅ​ចឹងខ្លះទៅ​ អ្នក​ខ្លះទៅ​ពេល​ចាប់​ទៅដល់​​ចឹង​ខ្លះ​គេ​ធ្វើ​បាប​ខ្លះ​ទៅនេះ​ទៅ ចាប់​ទៅ​មិន​ដែល​គេ​មិន​ធ្វើ​បាប​ទេ​បង គេ​ធ្វើ​បាបដូច​តែ​គ្នាដូច​ថា​វ៉ៃ​អី​ចឹង​ទៅខ្លះ​ទៅ​ទាត់។ ដូច​ខ្ញុំ​ត្រូវ​មួយជើង​អី​ចឹង​ទៅ”។

បុប្ផា បន្ត​ទៀត​ថាអ្នក​ស្រី​បាន​ជួប​ប្រទះ​ភ្ញៀវដែល​ធ្វើ​បាបឬ​អាជ្ញាធរ​ដេញ​ចាប់​ស្ទើ​​រ​រៀងរាល់​ខែ ប៉ុន្តែ​អ្នក​ស្រី​មិនហ៊ាន​តវ៉ាឬ​ប្ដឹង​​ទៅ​អ្នក​ណា​នោះ​ទេ ដោយ​អ្នក​ស្រី​ថាមាន​ការ​អៀនខ្មាសនិង​ភ័យ​ខ្លាច​អ្នក​ទាំង​នោះ​មាន​ការ​គុំគួន​នឹង​អ្នក​ស្រី​។ អ្នកស្រី​មាន​ប្រសាសន៍​ថា​៖ “ព្រោះខ្ញុំ​មិន​ដឹង​ទាក់ទង​ទៅ​ណា​បង ព្រោះគេ​ចេះ​តែ​ទាក់ទង​ដែរតែ​ខ្ញុំ​មិន​ហ៊ាន​ចឹង​ណា៎! ខ្ញុំ​អត់​ហ៊ាន​ទៅ​ប្ដឹង​ក៏​ខ្ញុំ​អត់​ហ៊ាន​ទៅនេះដូច​ថា​ខ្ញុំ​ធ្វើ​ការ​អញ្ចឹង​ ខ្លះ​ណា​ទៅ​មាន​ភ្ញៀវ​ខ្លះ​គុំ​ក៏​មាន​អី​ក៏​មាន”​។

ប្រហាក់ប្រហែល​គ្នា ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់​ឈ្មោះ​ គន្ធា ដែលជា​ឈ្មោះ​វីអូឌី​ដាក់​ឲ្យ​ផងដែរ​នោះថ្លែង​ឲ្យ​ដឹង​ថាអ្នកស្រី​បាន​ប្រកបមុខ​របរ​ផ្លូវ​ភេទ​នេះ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។ ក្នុង​វ័យ​៤៤​ឆ្នាំ គន្ធា​ រៀបរាប់​ឲ្យ​ដឹង​ថាអ្នកស្រី​បាន​ចាប់​ផ្ដើម​ប្រកប​របរ​នេះ​​តាំង​ពីទសវត្ស​​ឆ្នាំ​១៩៩០ ពោល​គឺ​តាំង​ពី​អាយុ​មិន​ទាន់​បាន​២០ឆ្នាំ ដោយ​អ្នកស្រី​ថាកាល​នោះ​អ្នកស្រី​ត្រូវ​គេ​លក់​ទៅ​ឲ្យ​ផ្ទះ​បន​។

ជាកូន​កំព្រា​ទាំង​ឪពុក​និង​ម្ដាយ គន្ធា ត្អូញត្អែរ​ថាបង​ប្អូនរបស់​អ្នក​ស្រី​រស់​នៅ​បែកខ្ញែក​គ្នាដោយ​អ្នក​ស្រី​បាន​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​មួយ ហើយ​​ត្រូវ​គេ​លក់​ជា​បន្តបន្ទាប់​តាំង​​ពី​ភ្នំពេញ​ទៅ​បាត់ដំបងទៅ​ស្វាយស៊ីសុផុននិង​រហូត​ដល់​ប៉ោយប៉ែត​។ ក្នុងការ​ប្រកបរបរ​ផ្លូវ​ភេទ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​នេះ គន្ធា រៀបរាប់​ថាអ្នកស្រី​បានឆ្លង​កាត់​ការ​លំបាក​ជាច្រើន ដោយ​បទពិសោធន៍​ខ្លះ​គឺ​​ប្រហាក់ប្រហែលនឹង​ បុប្ផា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាប​ពី​ភ្ញៀវ និង​សមត្ថកិច្ច​។

គន្ធា រៀបរាប់​ថា​៖ “​ប៉ូលីសចាប់ ហើយ​ជួន​ណា​យើង​អង្គុយ​រក​លុយ​ហ្នឹង​វា​ជិះ​ម៉ូតូ​មកវា​វ៉ៃយើង​។ រំពាត់​មួយ​វា​ដើរ​វ៉ៃ អញ្ចឹង​ហើយ​វា​ជិះ​ម៉ូតូ​ទៅ​អស់​ អញ្ចឹង ហើយ​ជួនណា​វា​ជិះ​មក​ទាំង​ហ្វូង​ទៅ​វា​ចាប់​យើង​ដាក់​ឡាន​។ និយាយ​រួម​គេ​វ៉ៃ​ធ្វើ​បាប​ ភាគ​ច្រើន ហើយ​ណាមួយជួនណា​​យើងទៅ​រក​លុយ​ទៅ​យើង​​អត់​ដឹង​ភ្ញៀវ​ណា​ល្អ​ភ្ញៀវ​ណា​អាក្រក់ទៅ​យក​យើង​ទៅ​ថា​តែ​ម្នាក់ទេយក​ទៅ​ដល់​នោះបួន​ប្រាំ​នាក់​ទៀត ហើយ​យើង​ទៅ​ស្រែក​ឯណា​គេ​ជួយ​ឯណាយប់​នោះហើយ​វា​ឆ្ងាយ​ស្ងាត់​ វា​ដាច់​ភូមិ​គេ​ទៀត ហើយ​យប់​ទាំង​គេ​ទាំង​យើង​គ្មាន​អ្នក​ជួយ។ ជួនណា​បង​ដើរ​មកដី​រាប់​គីឡូ​អី​ណោះ បង​ដើរ​មក​វិញ​គេ​យក​ទៅ គ្មាន​បាន​លុយ​មួយ​រៀល​ហើយ​ដើរ​មក​វិញ​ទៀត​”​

យ៉ាង​ណា​ក៏ដោយ គន្ធា​ ឲ្យ​ដឹង​ថាអ្នកស្រី​ជួប​បញ្ហា​អស់​ទាំង​នេះ​មិនសូវ​ញឹកញាប់​ដូច​បុប្ផាដែល​អះអាង​ថា​បាន​ជួប​ស្ទើ​ររាល់​ខែ​នោះ​ទេដោយ​ គន្ធា ប្រាប់​ថា​ប្រទះ​បញ្ហា​ដូច្នេះ​ប្រមាណ​៥​ទៅ​៦​ដង​​ក្នុង​១​ឆ្នាំ​។

ក្នុង​ទឹកមុខប្រពាប់ស្រពោន គន្ធា រៀបរាប់​បន្ត​ថាដោយសារ​អ្នកស្រី​អាយុ​កាន់​តែ​ច្រើន ដូច្នេះ​ពុំ​សូវមាន​អតិថិជន​ច្រើន​នោះ​ទេ ទើប​អ្នក​ស្រី​ត្រូវ​បញ្ជូន​កូន​ចំនួន​៣នាក់​របស់​អ្នកស្រី​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​អង្គការ​មួយ​ដែល​ជួយ​ទំនុក​បម្រុង​ដល់​ពួក​គេ​។ អ្នកស្រី​បន្ត​ថា អ្នកស្រីមិនមែន​ប្រកប​តែ​របរ​ផ្លូវ​ភេទ​មួយ​មុខ​ប៉ុណ្ណោះទេ គឺ​ធ្វើការងារ​មួយ​ចំនួន​ទៀត​ផងដែរ​ដូចជាកោសខ្យល់ បោកខោអាវ ច្របាច់ដៃច្របាច់ជើង។

ទោះយ៉ាងណា គន្ធា បន្ថែម​ថាដោយសារ​តែ​មុខ​របរ​ទាំង​នោះ​មិន​អាចផ្ដល់​ចំណូល​គ្រប់គ្រាន់​សម្រាប់​ជីវភាព ទើប​ធ្វើ​ឲ្យ​អ្នកស្រី​នៅ​តែ​បន្ត​មុខរបរ​រកស៊ី​ផ្លូវ​ភេទ​ដដែល​ ដោយ​អះអាង​ថាពុំ​មាន​ដើម​ទុន​សម្រាប់​ប្រកប​របរ​ផ្សេង​ទៀត​ ហើយ​ម្យ៉ាង​ទៀតអ្នកស្រី​មិនមាន​ចំណេះដោយ​មិនអាច​ទាំង​អាននិង​សរសេរ​អក្សរ​ខ្មែរ​បាន​នោះ​ផង​។ គន្ធា បន្ថែម​ថាអ្នកស្រី​តែង​រង​ការ​មាក់ងាយ​ពី​មនុស្ស​ទូទៅជាពិសេស​សមត្ថកិច្ច​ពេល​ពួក​គេ​ចុះ​ប្រមូល​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកស្រីបន្តថា៖ “កាល​ប៉ុន្មាន​ខែ​មុន​គេ​ចាប់​បង​បាន គេ​ចាប់​ហើយ​គេ​ទាត់​គេ​ធាក់ គេវ៉ៃ​ហើយ​ប្រមាថ​មើល​ងាយដៀល​។ បើ​ខ្ញុំ​ថាខ្ញុំ បើ​មាន​មុខរបរ​រកស៊ី បើ​ទៅ​ធ្វើ​ការ​រោងចក្រ​ទាល់​តែ​យើង​មាន​លុយ​ជួល​ផ្ទះគេមុន ហើយ​យើង​មានលុយ​ហូប​ចុក​ ប៉ុន្តែ​បើ​ខ្ញុំ​ធ្វើ​ការ​ដូច​រាល់​ថ្ងៃ​នេះ​អត់ទេ ខ្ញុំ​រក​ម្ង៉ៃ​យើង​ហូប​ម្ង៉ៃចឹង​ណា៎ ហើយ​ណាមួយ​ខ្ញុំ​អត់​ឪពុក​ម្ដាយ​ទៀត ​នៅ​ស្រុកមាន​តែ​បង ហើយ​បង​ក្រ​ដែរ​ហ្នឹង​!​

អ្នក​សម្របសម្រួលបណ្តាញរួបរួម​ស្រី្ត​ហៅកាត់​ថា WNU លោកស្រី ចាន់ គន្ធី មានប្រ​សាសន៍ថាស្រ្តីប្រ​កប​​​របរផ្លូវភេទដែល​រងអំពើ​ហិង្សាពី​អាជ្ញាធរឬ​ភ្ញៀវរបស់​ពួកគាត់ ភាគច្រើនមិន​សូវ​ហ៊ាន​ដាក់ពាក្យ​ប្ដឹង​​ពីករណី​ហិង្សា​ដែលកើតលើពួកគាត់នោះទេ។ លោកស្រី​ថាអ្នក​ទាំងនោះ​មិន​ចង់​ឲ្យមាន​រឿង​វែង​ឆ្ងាយទាំងជាមួយ​ភ្ញៀវនិង​សមត្ថកិច្ច។

លោកស្រី ចាន់ គន្ធី ឲ្យ​ដឹងដែរថា ស្រ្តី​ប្រ​កប​របរ​ផ្លូវ​ភេទតាម​ចិញ្ចើម​ផ្លូវ​ទាំងនោះ​តែងជួប​ហិង្សា​ដោយ​ពាក្យសម្តីពី​អាជ្ញាធរ និង​ម្តងម្កាល​ហិង្សាលើ​រាងកាយ។ លោកស្រី​បន្តថាអំពើហិង្សា​ដែលកើតចេញ​ពី​ភ្ញៀវមានញឹកញាប់​ផងដែរ តែ​លោកស្រី​ថាស្ត្រី​ទាំងនោះមិន​សូវបាន​ប្តឹង​ទៅតុលាការអ្វី​នោះ​ទេ ដោយថា​គ្រាន់តែ​សម្របសម្រួលទៅក្រៅប្រ​ព័ន្ធតុលាការ។

លោកស្រី​បន្ថែមថា៖ “ប៉ុន្តែ​ស្រ្តី​យើងគាត់​ក៏អត់ចង់ឲ្យមាន​បញ្ហាទៅមុខទៀតអ៊ីចឹងទៅគាត់​ក៏​បាន​ចុះកិច្ចសន្យា​មិន​ឲ្យ​កើតមាន​ហិង្សា​ជាបន្តទៀត បើ​មាន​គាត់​ប្តឹងអ៊ីចឹងណា…មាន​ខ្លះបាន​សម្របសម្រួល​នៅ​ខាងក្រៅ មាន​ខ្លះគាត់ត្រូវបានគេ​ដាក់ពិន័យទោសទណ្ឌតាមច្បាប់ តាមទង្វើដែលគាត់​បាន​ធ្វើ”។

លោក​ស្រី ចាន់ គន្ធី មានប្រ​សាន៍ទៀតថាដើម្បី​ឲ្យ​ស្រ្តី​ប្រ​កបរបរផ្លូវ​ភេទទាំងនេះទទួលបាន​សុវត្ថិភាព​ក្នុងពេលបំពេញការងារ លុះណាតែ​មុខរបរនេះត្រូវបាន​ទទួល​ស្គាល់​ដោយ​ច្បាប់ ​ដោយ​អ្នកស្រីថាបច្ចុប្បន្ននេះស្រ្តីប្រ​កប​របបរផ្លូវភេទនេះទទួលការរើសអើងពីប្រ​ជាពល​រដ្ឋមួយចំនួននិងអាជ្ញាធរផងដែរ។ អ្នកស្រី​បន្តថា៖ “អ៊ីចឹង​ទាល់តែទទួលស្គាល់ថាមុខរបរហ្នឹង​ជា​ការងារមួយ ជាជម្រើសនៃការងារមួយ ហើយមានការគាំទ្រទាំងផ្នែកសុខភាព សណ្តាប់ធ្នាប់ និងលុបបំបាត់ការរើសអើសលើពួកគាត់”។

លោក​ស្រី ចាន់ គន្ធី ឲ្យ​ដឹងដែរថា​ ស្ថិតិដែល​បណ្ដាញ​​របស់អ្នកស្រី​ទទួលបាន​ពី​អង្គការជាដៃគូឲ្យ​ដឹងថា បច្ចុប្បន្នមាន​ស្រ្តី​ប្រ​កបរបររកស៊ីផ្លូវ​ភេទប្រ​ហែលជា២០០០នាក់នៅ​ទូទាំងប្រ​ទេស។

យ៉ាងណា​ក៏ដោយអភិបាល​រង​រាជធានី​ភ្នំពេញលោក ឃួង ស្រេង មាន​ប្រសាសន៍ថាមន្ត្រីមាន​សមត្ថកិច្ចដែល​ចុះ​បំពេញ​ការងារ​ប្រមូល​ស្រ្តី​ប្រកបរបររកស៊ីផ្លូវភេទ សុទ្ធតែមានការ​អប់​រំនិងមានក្រមសីលធម៌។ លោក​​បដិសេធថាមិន​មាន​មន្ត្រី​ប្រើពាក្យសម្តីឬ​ហិង្សា​លើ​ស្រ្តីប្រកប​របរ​ផ្លូវ​ភេទ​នោះ​ទេ។

លោក​ ឃួង ស្រេង បន្តទៀត​ថាអាជ្ញាធរបាន​ណែនាំស្រ្តីទាំងនោះឲ្យ​ឈប់​ប្រកប​របររកស៊ីផ្លូវ​ភេទនិងពេល​ខ្លះ​បាន​ជួយ​ចេញ​ជា​សោហ៊ុយ​ឲ្យ​ត្រឡប់​ទៅ​កាន់ស្រុកកំណើតវិញ​ក៏មាន​ បើស្រ្តីទាំងនោះមាន​លំនៅដ្ឋាន​នៅ​តាម​ខេត្ត។ លោកបន្ថែមថា៖ “យើងណែនាំ​គាត់កុំ​ឲ្យ​មក​ធ្វើ​នៅ​កន្លែង​ហ្នឹង កន្លែងហ្នឹងជាមុខមាត់​របស់ប្រ​ទេសជាតិ ជារមណីយដ្ឋានជាតិ អ៊ីចឹង​យើងមិន​អាចទទួល​យកបាន​ទេជារាជធានីរបស់​បងដែរ ជារាជធានី​របស់យើង​ទាំងអស់គ្នា​ អ៊ីចឹងកុំ​ជឿគាត់ ខ្ញុំមិនមែន​ថាមិន​ឲ្យ​ជឿគាត់​សោះទេ ធម្មតាតែយើងមិន​ឲ្យ​គាត់ធ្វើមុខរបរដែលគាត់​ចង់ គាត់​តែងតែចង្អុលលើ​អាជ្ញាធរថាធ្វើអញ្ចេះៗលើគាត់ហើយ តែធាតុពិតអត់មាន​អ៊ីចឹងទេ ខ្ញុំធានាថាអត់អំពើហិង្សា​លើគាត់ទេ”។

បើតាមលោក ឃួង ស្រេង​ អាជ្ញាធរតែងតែជួយ​ស្រ្តី​ទាំងនោះនៅពេលមាន​អតិថិជន​របស់​គាត់​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួកគាត់ ដោយថា​មិន​បាន​រើសអើសអ្វីទាំងនោះទេ។ លោក​បន្តថា៖ “បើសិនជា​តុលាការកាត់ទោសថាគាត់មានពិរុទ្ធ ទើប​អាជ្ញាធរអត់ទទួល​បណ្តឹងគាត់ បើ​គាត់​នៅតែ​ជាពល​រដ្ឋធម្មតា អាជ្ញាធរនៅតែ​ទទួលពាក្យបណ្តឹងរបស់​គាត់”។

យ៉ាង​នេះ​ក្ដី បុប្ផា ដែល​កំពុង​ប្រកប​របរ​រកស៊ី​ផ្លុវ​ភេទ​នៅតាម​ផ្លូវ​និង​អះអាង​ថា​រង​ការ​ធ្វើ​បាប​ពី​អាជ្ញាធរ​នោះលើកឡើង​ថា អ្នកស្រី​ជ្រើសរើស​ប្រកប​របរ​នេះ​ដោយ​ពុំមាន​ជម្រើស។ បុប្ផា បន្ត​ថា​កូន​របស់​អ្នកស្រី​​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើរូប​អ្នកស្រី​ ដូច្នេះអ្នកស្រី​​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​កុំ​ឲ្យ​ចាប់​រូប​នាងក៏​ដូច​ជា​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​ផ្សេង​ទៀត ដោយ​នាង​ថាអ្វី​ដែល​នាង​ធ្វើ​ក៏​ជា​មុខ​របរស្រប​ច្បាប់​មួយ​ផងដែរគឺ​មិន​បាន​បៀតអ្នកណា​​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា​៖ “ខ្ញុំ​សុំ​តែ​សំណូម​ពរ​ថា​ពេល​ដែល​ថា​ខ្ញុំ​ធ្វើ​ការ​ចឹងដូច​ប៉ូលីស​ចាប់ អ្នក​នេះ​ចាប់​អី​ចឹង​ ខ្ញុំ​សុំ​ដូច​ថា កុំ​ចាប់​ខ្ញុំ​អី​ព្រោះខ្ញុំ​ពិបាក​ហើយ​បាន​ខ្ញុំ​ទៅ​ធ្វើ​ការ​ចឹង​ ហើយ​បើ​ខ្ញុំ​មិន​ធ្វើ​បាន​អី​ឲ្យ​កូន​ខ្ញុំ​ហូប? បើ​ចាប់​ខ្ញុំ​ទៅ​ កូន​ខ្ញុំ​នៅ​ណេះ​មាន​ពី​​ណា​មើល? ខ្ញុំ​សូម​តែ​ប៉ុណ្ណឹង”​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ