ក្រសួងការបរទេសឲ្យដឹងថា អាជ្ញាធរថៃបានអនុញ្ញាតឲ្យពលករខ្មែរ និងអ្នករស់នៅក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ ដែលពុំទាន់មានឯកសារត្រឹមត្រូវ អាចធ្វើដំណើរមកប្រទេសកម្ពុជា និងអាចវិលត្រឡប់ទៅប្រទេសថៃវិញបានក្រោយឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ដើម្បីបន្តធ្វើការងារនៅកន្លែងដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសបានឲ្យដឹងថា ពលករ-ពលការិនី អាចធ្វើដំណើរចេញពីប្រទេសថៃគិតចាប់ពីថ្ងៃទី១១ ខែមេសា និងត្រូវវិលត្រឡប់ទៅកន្លែងការងារនៅថៃវិញ មិនឲ្យហួសពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦ ដោយពុំតម្រូវឲ្យបង់ថ្លៃសេវាកម្មអ្វីទាំងអស់នៅច្រកព្រំដែន។
ក្រសួងការបរទេសបន្តថា ដើម្បីអាចធ្វើដំណើរចេញចូលតាមការអនុញ្ញាតនេះបាន ពលករ-ពលការិនីត្រូវមានកាន់ឯកសារច្បាប់ដើមមួយចំនួនដូចជា ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន(ប័ណ្ណស៊ីជំពូ) ឯកសារធ្វើដំណើរផ្សេងៗមានជាអាទិ៍លិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារធ្វើដំណើររបស់ពលករនៅបរទេស។ ក្រសួងបញ្ជាក់ផងដែរថា ទោះបីឯកសារទាំងនោះផុតសុពលភាព ឬគ្មានទិដ្ឋាការក្តីក៏អាចប្រើបានទាំងអស់។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសឲ្យដឹងដែរថា កាលពីថ្ងៃទី១៥ ខែមីនា អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៣៥នាក់(ប្រុស១៨នាក់ ស្រី១៧នាក់) នៅខេត្តឈុនបុរី នៅពេលដែលពួកគេបានធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតធ្វើដំណើរ។
ក្រសួងបន្តថា ពលករទាំងនោះបានចូលទៅប្រទេសថៃធ្វើការដោយខុសច្បាប់ ហើយក្រោយមកបានចុះឈ្មោះបម្រើការជាពលកររបស់ក្រុមហ៊ុនសំណង់ថៃឈ្មោះ Nattaphorn Co., Ltd. ដែលយល់ព្រមរត់ការរៀបចំឯកសារអោយពួកគាត់បានក្លាយជាពលករស្របច្បាប់តាមប្រព័ន្ធMOU។ ក្រសួងបន្តថា ពួកគាត់ត្រូវបាននគរបាលថៃឃាត់ខ្លួន នៅពេលតំណាងក្រុមហ៊ុននេះនាំធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដើម្បីទទួល លិខិតឆ្លងដែន និងឯកសារចាំបាច់សំរាប់បំពេញបែបបទធ្វើជាពលករស្របច្បាប់នៅថៃ។
ទោះយ៉ាងណាក៏ដោយ ក្រសួងបន្ថែមថា អាជ្ញាធរថៃបានយល់ព្រមដោះលែងពលករទាំង៣៥នាក់នេះ ក្រោយពីមានអន្តរាគមន៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ហើយស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ដើម្បីឲ្យយពួកគាត់ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ៕