ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នឹងចូលរួមជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ជាមួយមន្ត្រីកម្ពុជា ដោយបំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះត្រូវគេអះអាងថាដើម្បីលើកកម្ពស់ការយល់ដឹងពីការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងដំណើរមើលព្រៃឡង់តាមឧទ្ធម្ភាគចក្រនេះមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក៏ចូលរួមផងដែរ ជាផ្នែកមួយនៃគំរោងគាំទ្រព្រៃឈើ និងជីវសាស្រ្តចំរុះ ដែលអនុវត្តដោយអង្គការ Winrock International ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងលើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការការពារព្រៃឈើ។ សេចក្ដីប្រកាសព័ត៌មានបន្តថា ការទៅជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ហើយនិងក្រសួងមហាផ្ទៃជួយបង្ហាញឲ្យឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្តការអន្តរក្រសួងក្នុងការការពារព្រៃឡង់។
ស្ថានទូតអាមេរិកបញ្ជាក់ថា លោក William A. Heidt នឹងត្រឡប់មកភ្នំពេញវិញនៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ ២០១៦ ដោយចុះចតនៅម៉ោង ១១:៣០ នាទីព្រឹក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញ លោក Heidt និងមន្រ្តីកម្ពុជានឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ៕