កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដែលត្រូវបានគេដាក់ការសង្ស័យថា ជាស្រីកំណាន់ របស់ប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការកោះហៅ ជាថ្មីឲ្យចូលបំភ្លឺករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
បើតាមដីកាកោះចុះថ្ងៃទី១១ ខែ មេសា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានកោះហៅកញ្ញាស្រីមុំចូលបំភ្លឺនៅថ្ងៃទី១៩ ខែ មេសា វេលាម៉ោង ៨ និង ៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋាន ប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនបង្ហាញថាមានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
គួរបញ្ជាក់ថា កាលថ្ងៃទី៨ ខែ មេសា កន្លងទៅ កញ្ញាស្រី មុំ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះឲ្យចូលបំភ្លឺម្ដងរួចហើយ ទាក់ទងនឹងករណីផ្ដល់សក្ខីកម្មក្លែង និង មានអំពើពេស្យាចារ។ តែដោយសារតែភាគី ដែលជាជនសង្ស័យមិនទាន់មានមេធាវីការពារក្ដីទើបស្នើសុំពន្យារពេលចូលបំភ្លឺ។
ដោយឡែកទាក់ទងនឹងការចេញដីកាកោះរបស់តុលាការនេះ ត្រូវបានក្រុមអង្គការការពារសិទ្ធិស្ដ្រីចេញសេក្ដីថ្លែងការណ៍រួមថ្កោលទោសចំពោះការចេញខ្សែអាត់សំឡេងជាបន្តបន្តាប់ និងការចេញដីកាកោះរបស់តុលាការនេះ ដោយថាជាការចោទប្រកាន់គ្មានឈរលើមូលដ្ឋានច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់កញ្ញា ស្រី មុំ៕