កាលណានិយាយពីថ្ងៃ១៧មេសាគេត្រូវនិយាយពីខ្មែរក្រហម។ តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរបស់អ្នកនិពន្ធ ឌី ខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ២០០៧ថា “ខ្មែរក្រហម” គឺជាឈ្មោះដែលសម្ដេចព្រះ នរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយ១៧មេសារបត់នយោបាយនៅឥណ្ឌូចិនបានផ្លាស់ប្ដូរ។ កម្ពុជានិងវៀតណាមមានជម្លោះព្រំដែននឹងគ្នា ហើយចិនបានក្រសោបយកទំនាក់ទំនងផ្ដាច់មុខជាមួយកម្ពុជាប្រជាធិបតេយ្យ។
ច្រកចេញចូលមកកាន់កម្ពុជាមានតែតាមរយៈទីក្រុងប៉េកាំងមួយគត់។ ផលិតផលកសិកម្មខ្មែរយ៉ាងច្រើនលើសលុបត្រូវដោះដូរជាមួយនឹងសព្វាវុធរបស់ចិនដើម្បីយកទៅធ្វើសង្គ្រាមជាមួយវៀតណាម ខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសរស់ក្នុងទុរភិក្សអត់ឃ្លាន។
តើពួកខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃ១៧មេសាដោយរបៀបណា?
តាមការសិក្សាមានកត្តារួមផ្សំជាច្រើនដែលជាបុព្វហេតុនាំឲ្យពួកខ្មែរក្រហមទទួលបានជ័យជម្នះដូចជា៖
១. របត់នយោបាយពិភពលោកដែលសម័យកាលនោះចលនាគាំទ្រកុម្មុយនីស្តរីកចម្រើនខ្លាំង។
២. ការបង្ក្រាបអ្នកប្រឆាំងយ៉ាងធ្ងន់ធ្ងរនៅអំឡុងទសវត្សរ៍១៩៦០ ដូចជាករណីសម្លាប់នៅត្រពាំងក្រឡឹងនិងការបង្ក្រាបនៅសំឡូតជាដើម។
៣. រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ជាកត្តាជំរុញឲ្យព្រះអង្គងាកទៅសហការជាមួយពួកខ្មែរក្រហមធ្វើឲ្យអ្នកគាំទ្រព្រះអង្គរត់ចូលទៅក្នុងចលនាខ្មែរក្រហមកាន់តែច្រើនឡើងដែលជាបុព្វហេតុធំបំផុតធ្វើឲ្យចលនានេះទទួលបានជ័យជម្នះ។
៤. អំពើពុករលួយនៅសម័យលោកសេនាប្រមុខ លន់ នល់ ក៏ជាកត្តាជំរុញចិត្តបញ្ញវន្តដែលស្អប់ខ្ពើមអំពើនេះងាកទៅគាំទ្រពួកកុម្មុយនីស្តខ្មែរក្រហមដែលគេគិតថាជាជនស្អាតស្អំ។
ពាក់ព័ន្ធនឹងរបត់នយោបាយពិភពលោកវិញ អ្នកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កាលណានិយាយពី១៧មេសា គឺត្រូវនិយាយពីការកកើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០។
ត្រង់ចំណុចនេះបណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនោះបានបន្ទោសលើភាពល្ងង់ខ្លៅរបស់អ្នកនយោបាយខ្មែរដែលទៅចាប់ដៃគូជាមួយវៀតណាម ដែលលោកគិតថាជាប្រទេសមិនដាច់ស្រឡះមានភាពវាក់វិនហើយរហូតដល់ផ្ដល់ដែនដីកម្ពុជាដែលជាដែនដីសុវណ្ណភូមិទៅឲ្យពួកយៀកកុងមករស់នៅរាប់សែននាក់។
លោក សុខ ទូច ឲ្យដឹងទៀតថានៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេថែមទាំងចិញ្ចឹមទាំងបាយ ទាំងទឹកទាំងជម្រក គឺដោយសារតែបុព្វហេតុនៃបក្សកុម្មុយនីស្តឥណ្ឌូចិននេះឯង។ លោកបណ្ឌិតបន្ថែមថាកុម្មុយនីស្តខ្មែរ គ្មានមនោគមច្បាស់លាស់ទេ គឺដើរតាមគេជាហេតុធ្វើឲ្យគេទាញយើងធ្លាក់ទៅក្នុងសង្គ្រាមយ៉ាងមហន្តរាយ។
លោកថា៖ “គេបានទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅកម្មុយនីស្ត គេរួមកម្លាំងគ្នាវាយសហរដ្ឋអាមេរិក ដើម្បីបណ្តេញសហរដ្ឋអាមេរិក។ នៅពេលហ្នឹងបើសិនជាខ្មែរមានគំនិតយកអ្នកនយោបាយធំៗជាអាការដឺម៉េចធំៗធ្វើជាការពិគ្រោះ ពេលហ្នឹងយើងអាចទទួលបានជោគជ័យដូចប្រទេសថៃអញ្ចឹង ពីដើមគេយកប្រទេសថៃធ្វើជាចំណុចសម្រាប់ទប់ស្កាត់របបកុម្មុយនីស្តទេ ក្រោយមកគេយកកម្ពុជាធ្វើជាចំណុចទប់ស្កាត់របបកុម្មុយនីស្តវិញ”។
លោកបណ្ឌិតបន្ថែមថាការរីកចម្រើនរបស់ខ្មែរជាគុជនៅអាស៊ីក្នុងអំឡុងទសវត្សរ៍១៩៦០ ដោយសារតែពួកបស្ចិមប្រទេសចង់ជួយខ្មែរ យកខ្មែរជាចំណុចទប់ស្កាត់ការរីករាលដាលនៃរបបកុម្មុយនីស្ត ក្នុងនោះចិនបានជួយធ្វើពេទ្យចិន រុស្សីជួយធ្វើផ្លូវធ្វើមន្ទីរពេទ្យ ជួយសាលាតិចណូ ឆេកូជួយរោងចក្រអគ្គិសនី រោងចក្រធ្វើកង់ឡាន រោងចក្រក្រដាស ចំណែកអាមេរិកវិញ ជួយធ្វើផ្លូវជាតិលេខ៤ជាដើម។
ប៉ុន្តែលោកថា ខ្មែរបានបាត់បង់ឱកាសនេះដោយចាប់សត្រូវឲ្យទៅវ៉ៃអាមេរិកធ្វើឲ្យអាមេរិកដកចំណុចទប់ស្កាត់នេះទៅដាក់នៅប្រទេសថៃវិញ។
តាមឯកសារទស្សនាវដ្ដីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហមដែលនៅរស់រានមានជីវិតឲ្យដឹងថា ពួកគេភាគច្រើនចូលរួមក្នុងចលនាខ្មែរក្រហមគឺតាមរយៈការអំពាវនាវរបស់សម្ដេចឪព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំងនៅឆ្នាំ១៩៧០។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក សំបូរ មាណ្ណារ៉ា ក៏មានប្រសាសន៍ស្របគ្នានឹងលោកបណ្ឌិត សុខ ទូច ដែរថារឿងរ៉ាវថ្ងៃ១៧មេសាវាជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ហើយរឿងរ៉ាវវាអូសបន្លាយរហូតដល់ថ្ងៃទី១៧មេសា១៩៧៥ ក្នុងនោះគេពង្រីកអ្នកគាំទ្រខ្លួនឲ្យកាន់តែច្រើនឡើងៗ ហើយធ្វើឲ្យខ្មែរស្អប់គ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងករណីទី២រឿងសម្លាប់អ្នកប្រឆាំងនៅត្រពាំងក្រឡឹងនិងនៅសំឡូតជាដើម លោកសាស្ត្រាចារ្យយល់ថាវាជានយោបាយដើម្បីការពារកុំឲ្យមានការរីករាលដាលនូវចលនាឆ្វេងនិយមខ្លាំង។ ថ្វីបើលោកយល់ថានោះជាការរំលោភបំពានលើសិទ្ធិមនុស្ស ប៉ុន្តែលោកបន្ថែមថានៅលើពិភពលោកនេះមានរឿងរ៉ាវធំៗជាងនេះទៅទៀត។
ពាក់ព័ន្ធនឹងចំណុចទី៤ឯណោះវិញ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថារបប លន់ នល់ បានបង្កើតគំនិតអាត្មានិយមយ៉ាងខ្លាំង ពួកទាហានបង្កើតអំពើពុករលួយជាប្រព័ន្ធលួចជំនួយអាមេរិកាំងធ្វើឲ្យប្រទេសជួបវិបត្តិ មានបាតុកម្មមិនឈប់ឈរ ហើយសង្គ្រាមកាន់តែរោលរាលឡើង។
លោកថា៖ “នេះហើយជាបញ្ហាដែលយើងត្រូវរៀនសូត្រសូមកុំឲ្យមានអញ្ចឹងទៀតដើម្បីកុំឲ្យមាន១៧មេសា ពីព្រោះអា១៧មេសានេះជោគជ័យតែពួកកុម្មុយនីស្តខាងពួកឆ្វេងនិយម និយមលទ្ធិកុម្មុយនីស្តនិយមហ្នឹង ពីព្រោះគេមើលឃើញភាពខ្សោយរបស់អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនហ្នឹងឯង”។
បើប្រៀបធៀបបុព្វហេតុដែលនាំឲ្យពួកខ្មែរក្រហមទទួលបានជ័យជម្នះនិងព្រឹត្តិការណ៍ក្នុងសង្គមយើងបច្ចុប្បន្នដែលមានអំពើអយុត្តិធម៌ក្នុងសង្គម ប្រជាពលរដ្ឋត្រូវបណ្ដេញចេញពីលំនៅដ្ឋាន ធនធានធម្មជាតិត្រូវបំផ្លាញ ពលរដ្ឋដែលចូលរួមតស៊ូមតិ ជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋខ្លះត្រូវគេគប់គ្រាប់បែកដាក់ក្នុងក្រុមអ្នកតវ៉ា ដូចជាករណីបោកគ្រាប់បែកនៅមុខមន្ទីររដ្ឋសភា បង្កឲ្យមានអ្នកតវ៉ាស្លាប់និងរងរបួស ប្រធានសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ការបាញ់សម្លាប់តារាចម្រៀង ពីសិដ្ឋ ពីលីកា ដោយមិនទាន់មានអ្នកទទួលខុសត្រូវ តើមានអ្វីខុសគ្នាពីព្រឹត្តិការណ៍មុន១៧មេសា?
តើព្រឹត្តិការណ៍១៧មេសាអាចជាមេរៀនសម្រាប់អ្នកនយោបាយខ្មែរបច្ចុប្បន្នដែរឬទេ? តើអ្នកនយោបាយខ្មែរនៅតែបន្តឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយអូសបន្លាយដល់ពេលណា? ឬមួយក៏អ្នកនយោបាយខ្មែរបច្ចុប្បន្នភ្លេចស្រមោល១៧មេសាទៅហើយ?