ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសអេក្វាទ័រកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញកើនដល់៧៧នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស និង បានបំផ្លាញទីក្រុងនានា នៅតាមតំបន់ឆ្នេរ។
កាលពីយប់ថ្ងៃសៅរ៍កម្លាំងរញ្ជួយដី៧,៨ រិច្ឆទ័រ បានញ័រនៅឆ្នេរមហាសមុទ្រប៉ាស៊ីភិច ប៉ះចំប្រទេសអេក្វាទ័រ បានជះឥទ្ធិពលដល់រដ្ឋធានីគីតូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងរញ្ជួយ ដូចជាទីក្រុងពាណិជ្ជកម្មដ៏ធំគឺទីក្រុងហ្គាយ៉ាហ្គីល។ នេះបើតាមសារ ព័ត៌មាន Channel News Asia។
អគារ និង ស្ពានជាច្រើនកន្លែងនៅក្នុងទីក្រុងបានបាក់រលំសង្កត់ លើមនុស្ស និង រថយន្តនៅតាមដងផ្លូវ។ មន្ត្រីអេក្វាទ័របាន និយាយថា ការរញ្ជួយដីនេះ ជាហេតុការណ៍អាក្រក់បំផុតនៅក្នុងទសវត្សរ៍កន្លងទៅមិនធ្លាប់មាន។ រដ្ឋាភិបាលបានប្រកាសអាសន្ន នៅក្នុងខេត្ត ចំនួន៦ ដែលជួបគ្រោះមហន្តរាយរញ្ជួយដីនេះ៕