យ៉ាងហោចណាស់មនុស្ស២៧២នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់និងជាង១៥០០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសអេក្វាទ័រ។
កាលពីល្ងាចថ្ងៃសៅរ៍ ប្រទេសអេក្វាទ័របានរងគ្រោះរញ្ជួយដីមួយកម្រិត៧,៨ រ៉ិចទ័រ ដែលនេះជាគ្រោះរញ្ជួយដីដែលអាក្រក់បំផុតសម្រាប់ប្រទេសនេះចាប់តាំងពីឆ្នាំ១៩៧៩មក។
ទាហានប្រមាណ១០ ០០០នាក់ និងមន្ត្រីនគរបាលប្រមាណ៣៥០០នាក់ត្រូវបានដាក់ពង្រាយនៅតាមតំបន់រងផលប៉ះពាល់ ខណៈពេលដែលប្រតិបត្ដិការជួយសង្គ្រោះកំពុងបន្តធ្វើ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC។
ក្រុមមន្ត្រីអេក្វាទ័របានឲ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើង។
ប្រធានាធិបតីអេក្វាទ័រលោក Rafael Correa បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអ៊ីតាលីមុនពេលកំណត់ដើម្បីដោះស្រាយវិបត្តិនេះ។ លោកបានប្រកាសពីភាពអាសន្ននិងបាននិយាយថាអាទិភាពចម្បងគឺការស្វែងរកអ្នកនៅរស់រានមានជីវិត។
ឧទ្ធម្ភាគចក្រនិងរថយន្តក្រុងបានដឹកជញ្ជូនកងទ័ពទៅកាន់តំបន់រងគ្រោះនៅភាគខាងជើង ប៉ុន្តែត្រូវបានរំខានដោយការបាក់ដី។ នៅតំបន់ខ្លះពលរដ្ឋបានប្រើប្រាស់ដៃទទេរបស់ពួកគេដើម្បីព្យាយាមជីករកអ្នកនៅមានជីវិត៕