គ្រាប់បែកច្នៃចំនួនប្រាំគ្រាប់ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការឆែកឆេរដោយវាយឆ្មក់របស់នគរបាលកាលពីព្រឹកថ្ងៃអាទិត្យនៅខុនដូមួយកន្លែងក្នុងតំបន់ ដាម៉ាន់សារ៉ា ពើដាណា (Damansara Perdana) ក្នុងទីក្រុង ប៉ឺតាលីង ចាយ៉ា (Petaling Jaya) ប្រទេសម៉ាឡេស៊ី។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃអាទិត្យនៅខុនដូឈ្មោះ Metropolitan Square ដោយប្រជាពលរដ្ឋរស់នៅប្លុកខុនដូនោះត្រូវបានជម្លៀសចេញតាំងពីព្រឹកព្រលឹម។
មន្ត្រីនៃអង្គភាពប្រឆាំងភេរវកម្មរបស់ម៉ាឡេស៊ីបានឲ្យដឹងថាអាជ្ញាធរមានការសង្ស័យថាក្រុមក្មេងទំនើងជាអ្នកនៅពីក្រោយការផលិតគ្រាប់បែកទាំងនោះគឺមិនមែនក្រុមភេរវករនោះទេ។
ជំនួយការអធិការនគរបាលទីក្រុង Petaling Jaya លោក ម៉ូដ ហ្សានី (Mohd Zani) បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ នគរបាលក៏បានរកឃើញម្សៅធ្យូងថ្មនិងបំពង់ជាច្រើននៅក្នុងខុនដូនោះ ដោយគេជឿថាម្សៅ និងបំពង់ទាំងនោះគឺសម្រាប់ធ្វើជាគ្រាប់បែក។
លោក ម៉ូដ ហ្សានី បន្ថែមថា៖ “យើងបានរកឃើញប្រអប់ចំនួន៣រុំក្នុងផ្លាស្ទិចនៅក្នុងបន្ទប់ខុនដូនៅជាន់ទី១៧។ យើងជឿជាក់ថា ប្រអប់ទាំងនោះត្រូវបានច្រកជាមួយសារធាតុផ្ទុះ”។ លោកបន្តថា ក្រុមអ្នកដោះគ្រាប់បែកបានបំផ្ទុះគ្រាប់បែកទាំងនោះនៅកន្លែងយកថ្មមួយកន្លែងនៅក្បែរនោះ។
លោក ម៉ូដ ហ្សានី ឲ្យដឹងទៀតថា សមត្ថកិច្ចក៏រឹបអូសបានថ្នាំញៀននិងកូកាអ៊ីននៅក្នុងខុនដូនោះផងដែរ។ លោកបន្ថែមថា សមត្ថកិច្ចជឿថាជនជាតិម៉ាឡេស៊ី២នាក់បានស្នាក់នៅខុនដូជួលនោះ ហើយពួកគេបានចាកចេញពីទីនោះមុនពេលប្រតិបត្តិការត្រូវបានធ្វើឡើង ដោយពេលនេះសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ជនសង្ស័យ៕