រដ្ឋាភិបាលទទួលស្គាល់ថាមានពលកររាប់រយនាក់ត្រូវបានថៃបញ្ជូនមកកម្ពុជាវិញក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ

រដ្ឋាភិបាលទទួលស្គាល់ថាមានពលករចំណាកស្រុករាប់រយនាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃដោយសារតែពួកគេមិនមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។

បើតាមរបាយការណ៍បូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងឱកាសបុណ្យចូលឆ្នាំរបស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី១៧ខែមេសាឲ្យដឹងថាក្នុងរយៈពេលចូលឆ្នាំចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសាមានពលករខ្មែរចំនួន៤០៤នាក់ត្រូវបានភាគីថៃចាប់បញ្ជូនឲ្យត្រឡប់មកកាន់កម្ពុជាវិញ។

អភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ មានប្រសាសន៍ថាចំនួនពលករដែលត្រូវបានភាគីថៃចាប់បញ្ជូនមកកាន់កម្ពុជាវិញក្នុងឱកាសបុណ្យចូលឆ្នាំនោះមានការថយចុះបើប្រៀបធៀបនឹងថ្ងៃធម្មតា។ លោកបន្ថែមថាជារៀងរាល់ថ្ងៃមានពលករជាង១០០នាក់ដែលត្រូវបានអាជ្ញារថៃចាប់បញ្ជូនមកវិញតាមច្រកប៉ោយប៉ែតដោយសារពួកគេលួចចូលទៅធ្វើការខុសច្បាប់។

លោកបន្ថែមថា៖ “អ្នកខ្លះគាត់ឆ្លងទៅអត់មានច្បាប់ទំលាប់ត្រឹមត្រូវតាមច្រកល្បៀង ជួនកាលអ្នកខ្លះទៀតមិនដឹងថាយ៉ាងម៉េចគាត់ចង់ត្រឡប់មកវិញគាត់បង្ហាញខ្លួនឲ្យគេចាប់បញ្ជូនមកតាមហ្នឹងដែរ ហើយគាត់ត្រឡប់ទៅវិញដដែលបើគាត់ចង់ទៅគាត់ទៅតាមច្រកល្បៀងព្រោះប្រជាជនយើងខ្លះគាត់ទៅធ្វើការនៅគេឯណោះវិលល្ងាច ហើយបើគាត់ទៅដើររពីរពៀសគេចាប់បញ្ជូនមកវិញ”។

លោក សួន បវរ បន្ថែមថាមានអាជ្ញាធរខេត្តក៏មានវិធានការអប់រំណែនាំដល់ពលរដ្ឋក្នុងខេត្តដើម្បីឲ្យពួកគាត់ឆ្លងដែនទៅធ្វើការតាមច្បាប់ទំលាប់ត្រឹមត្រូវ ជៀសវាងការចាប់បញ្ចូនមកវិញ។ ប៉ុន្តែលោកបន្ថែមថាក៏មានពលរដ្ឋមកពីខេត្តផ្សេងៗលួចឆ្លងចូលទៅធ្វើការនៅប្រទេសថៃដែលពិបាកក្នុងការទប់ស្កាត់។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមនអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចាន់គា មានប្រសាសន៍ថាការចាប់បញ្ជូនពលករមកកាន់កម្ពុជាវិញនេះគឺជាការអនុវត្តច្បាប់របស់ប្រទេសគេ។ ប៉ុន្តែលោកបន្ថែមថាពលរដ្ឋចូលទៅធ្វើការខុសច្បាប់នេះ ក៏ជាការទទួលខុសត្រូវមួយរបស់អាជ្ញាធរកម្ពុជាដែរ។

លោកបន្ថែមថា៖ បើគាត់សម្រាកពីការងារហើយមកលេងស្រុកខ្មែរខ្ញុំគិតថាវាអត់មានប៉ះពាល់ទេ ប៉ុន្តែវាប៉ះពាល់ទៅលើអ្វីដែលគាត់ត្រូវត្រឡប់ទៅវិញថាតើគាត់ត្រូវធ្វើការលិខិតឆ្លងដែនឬក៏ត្រូវធ្វើជាប័ណ្ណពណ៌ស៊ីជម្ពូទៀតឬក៏គាត់គួរតែទៅតាមច្រកល្បៀង អានេះខាងរដ្ឋាភិបាលគួរតែពិចារណា គួរតែគិតថាតើគួរជួយពួកគាត់តាមរបៀបណា ព្រោះកន្លងមកគិតថាលិខិតឆ្លងដែនតម្លៃថោក តម្លៃទាបអីហ្នឹង ហាក់ដូចជាការអនុវត្តនៅលើលិខិតហ្នឹងមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ

មន្រ្តីការពារសិទ្ធិមនុស្សរូបនោះបន្ថែមថាជៀសវាងមានភាពអនាធិបតេយ្យ អាជ្ញាធរកម្ពុជាគួរតែមានឆន្ទះក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដូចអាជ្ញាធរថៃចំពោះជនអន្តោរប្រវេសន៍ខុសច្បាប់ដែលមករស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំ២០១៤ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាង២២ម៉ឺននាក់មកប្រទេសកម្ពុជាវិញ ក្រោយពីរកឃើញថាពួកគេចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ ក្រោយមកអាជ្ញាធរថៃបានទទួលយកពលករខ្មែរវិញដោយឲ្យបំពេញបែបបទតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ