រដ្ឋាភិបាល​សិក្សា​​បង្កើត​ឧទ្យានជាតិសមុទ្រ​កោះរុង

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានតួនាទីសិក្សាពីលទ្ធភាពបង្កើតឧទ្យានជាតិសមុទ្រកោះរុង ដែលមានទីតាំងនៅតំបន់កោះរុង ខេត្តព្រះសីហនុ។

នៅក្នុងសេចក្តីសម្រេចមួយ ចុះថ្ងៃទី៣ខែមីនា ហើយវីអូឌីទើបតែទទួលបាន រដ្ឋាភិបាលបានបញ្ជាក់ថាសមាសភាពនៃគណៈកម្មការនេះមានរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាប្រធាន និងលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីជាអនុប្រធាន។ សមាសភាពជាសមាជិកក៏មានអភិបាលខេត្តព្រះសីហនុ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃនិងក្រសួងដែនដីផងដែរ។

បើតាមសេចក្តីសម្រេច គណៈកម្មការនេះនឹងសិក្សាស្រាវជ្រាវពីសារៈសំខាន់ខាងផ្នែកជីវចម្រុះ សណ្ឋានដី ភូគព្ភសាស្រ្ត ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សេដ្ឋកិច្ចនិងសង្គម ដែលជាសក្តានុពលសម្រាប់ការរៀបចំបង្កើតឧទ្យានជាតិសមុទ្រកោះរុង។ គណៈកម្មការក៏សិក្សាកំណត់ព្រំប្រទល់និងធ្វើផែនទីសម្រាប់ការបង្កើតឧទ្យានជាតិសមុទ្រកោះរុង។ គណៈកម្មការនេះនឹងសិក្សា វាយតម្លៃ កំណត់និងបែងចែកតំបន់គ្រង់គ្រងឲ្យស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

កោះរុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។ វាមានផ្ទៃដី៧៨គីឡូម៉ែត្រការ៉េនិងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកំពុងតែសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥នៅលើកោះរុងនេះ ដែលមានតម្លៃទៅដល់៣០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ