ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទៅលើភាគកណ្តាលនៃប្រទេសឈីលីដោយបានសម្លាប់មនុស្សម្នាក់និង៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈមនុស្សប្រមាណជា៤លាននាក់គ្មានទឹកស្អាតបរិភោគ ហើយអណ្ដូងរ៉ែទង់ដែងធំជាងគេរបស់ពិភពលោកនៅក្នុងប្រទេសនេះត្រូវបានផ្អាកដំណើរការ។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថាស្ត្រីម្នាក់បានស្លាប់ដោយការបាក់ដីនៅជ្រលង San Jose de Maipo ដែលជាតំបន់ភ្នំ ភាគអាគ្នេយ៍នៃរដ្ឋធានី Santiago ខណៈមនុស្ស៧នាក់ផ្សេងទៀតនៅបាត់ខ្លួន។
បើយោងតាមការិយាល័យសង្គ្រោះបន្ទាន់របស់ឈីលី ផ្ទះចំនួន៩៥បានរងការខូចខាតធ្ងន់ធ្ងរ ហើយមនុស្សប្រមាណ៨ម៉ឺននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់។
មន្ត្រីឧតុនិយមលោក Cristobal Torres បានឲ្យដឹងថាក្នុងរយៈពេលបួនថ្ងៃកន្លងមករដ្ឋធានី Santiago ទទួលរងទឹកភ្លៀងកម្ពស់៨០មីលីម៉ែត្រ ដែលចំនួននេះស្មើនឹងជិតប្រាំដងនៃចំនួនទឹកភ្លៀងដែលទីក្រុងនេះទទួលបានជាធម្មតាក្នុងរយៈពេលពេញមួយខែមេសា។ លោកបន្តថាភ្លៀងរលឹមនឹងបន្តធ្លាក់នៅថ្ងៃចន្ទនេះមុននឹងភ្លៀងឈប់ធ្លាក់នៅថ្ងៃព្រឹកថ្ងៃអង្គារ។
ភក់និងកម្ទេចកំទីពីតំបន់ភ្នំ Andes នៅក្បែរនោះបានហូរចូលទៅកន្លែងផ្គត់ផ្គង់ទឹកស្អាតរបស់ទីក្រុង Santiago ធ្វើឲ្យមនុស្សប្រមាណជា៤លាននាក់ពុំទទូលបានការផ្គត់ផ្គង់ទឹកនេះ ហើយអាជ្ញាធរបានប្រាប់ឲ្យអ្នកស្រុកស្វែងរកទិញទឹកផឹកទុក។ ភ្លៀងធ្លាក់ខ្លាំងនោះក៏បានធ្វើឲ្យក្រុមហ៊ុនរុករករ៉ែ Anglo American Plc និងក្រុមហ៊ុនរបស់រដ្ឋ Codelco ផ្អាកប្រតិបត្តិការរបស់ខ្លួននៅអណ្ដូងរ៉ែទង់ដែងធំពីរកន្លែងផងដែរ។
សាលារៀនជាច្រើននៅរដ្ឋធានី Santiago និងទីក្រុងជាប់ឆ្នេរសមុទ្រដែលនៅក្បែរនោះបានផ្អាកនៅថ្ងៃចន្ទនេះ ខណៈដងផ្លូវនៅក្នុងផ្នែកខ្លះនៃទីក្រុងពោរពេញទៅដោយទឹកជំនន់ បន្ទាប់ពីទឹកទន្លេ Mapocho ឡើងហួសមាត់ច្រាំង៕