សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក

សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង (រូបថតហ្វេសប៊ុក​អ៊ូច ឡេង)

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)ក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក។

បុគ្គល៦នាក់មកពីទូទាំងពិភពលោកត្រូវបានផ្តល់នូវពានរង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។ ពានរង្វាន់នេះត្រូវផ្តល់ទៅបុគ្គលដែលមានការប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹងការបំផ្លាញបរិស្ថាន។

លោក អ៊ូច ឡេង ប្រាប់វីអូឌី(VOD)ថា៖ “ពិភពលោកបានបង្ហាញអំពីស្នាដៃខាងខ្ញុំបានខិតខំ តស៊ូ ក្រាញននៀល ដើម្បីការពារព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ទោះបីដឹងថាត្រូវប្រឈមមុខគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ខ្ញុំមកនេះគឺថាអំពាវនាវឲ្យមនុស្សនៅក្នុងពិភពលោក ក៏ដូចប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងអស់ នាំគ្នាក្រោកឈរឡើង ហើយភ្ញាក់រឭកជួយការពារព្រៃឈើដែលនៅសល់បន្តិចបន្តួចទាំងអស់គ្នា បើសិនជាយើងមិនការពារទេ គឺថាក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះ នឹងត្រូវបានវិនាសហិនហោច”

លោក អ៊ូច ឡេង បានរៀបរាប់ថាលោកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវរយៈពេលប្រមាណ៣ឆ្នាំទៅលើការរកស៊ីឈើខុសច្បាប់របស់ឧកញ៉ានិងកងកម្លាំងប្រដាប់អាវុធ ដោយលោកបានបន្លំខ្លួនធ្វើជាកម្មករ ជាអ្នកដាំស្លនៅក្នុងព្រៃ ដើម្បីប្រមូលរូបភាព វីដេអូនិងព័ត៌មានផ្សេងៗនៃការកាប់បំផ្លាញព្រៃឈើ ជិះម៉ូតូតាមរថយន្តដឹកឈើនិងតាមដានការដឹកឈើតាមច្រកព្រំដែន។

លោកមានប្រសាសន៍ថា៖ “ខ្ញុំមកនេះមិនមែនថាវាយប្រហារ មករាយការណ៍រឿងអាក្រក់ អាស្រូវរបស់រដ្ឋាភិបាលនោះទេ។ ប៉ុន្តែបង្ហាញពីសភាពពិតនៅក្នុងប្រទេសកម្ពុជា អំពីតថភាពថាតើប្រទេសកម្ពុជាមានសភាពយ៉ាងម៉េច ហើយយើងត្រូវការឲ្យពិភពលោកជួយយ៉ាងម៉េច ដើម្បីស្រោចស្រង់ស្ថានភាពឲ្យបានល្អឡើងវិញ”

ទាក់ទងនឹងពានរង្វាន់វីរជនបរិស្ថាននេះ លោក ឡេង ទទួលបានប្រាក់ចំនួន១៧៥០០០ដុល្លារអាមេរិក ដើម្បីបន្តការងារការពារបរិស្ថាននៅកម្ពុជា។ លោកបញ្ជាក់ថាតាមពិតទៅ សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១២ ត្រូវទទួលពានរង្វាន់នេះ។

លោក ឡេង បញ្ជាក់ថារដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។ លោកបន្តថាសកម្មជនការពារបរិស្ថានត្រូវបានរដ្ឋាភិបាលចាត់ទុកជាសត្រូវប្រឆាំងនឹងរដ្ឋាភិបាល។

គួររំឮកថា លោក អ៊ូច ឡេង ធ្លាប់បានចេញរបាយការណ៍មួយដោយបង្ហាញថាក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលមានទំនាក់ទំនងស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ទទួលបានដីសម្បទានសេដ្ឋកិច្ចជិត៧ម៉ឺនហិកតា តាមរយៈការបំបែកជាក្រុមហ៊ុនតូចៗចំនួន១៥ ពីរដ្ឋាភិបាលហើយបាននិងកំពុងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាមឬចិន។ របាយការណ៍អះអាងថាក្រុមហ៊ុន  ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើនិងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួងឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀងស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុនមន្ត្រីរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០។

របាយការណ៍របស់លោក អ៊ូច ឡេង ក៏បានបញ្ជាក់ថាឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬ ចិន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុករបាយការណ៍នេះថាមិនមានមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់។ លោកថាបើសាម៉ីខ្លួននៃរបាយការណ៍ មានភស្តុតាងគ្រប់គ្រាន់ គប្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីការពារផលប្រយោជន៍សាធារណៈនិងចាត់វិធានការតាមច្បាប់តែម្តង។ ក្រសួងកសិកម្មក៏បានបដិសេធរបាយការណ៍នេះ។

គួរបញ្ជាក់ថាថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ។ ការសម្រេចដាក់នេះបន្ទាប់ពីរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។

គួរបញ្ជាក់ថាពានរង្វាន់វីរជនបរិស្ថាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៩ ដោយអ្នកដឹកនាំសហគមន៍និងអ្នកស្នេហាមនុស្សជាតិនិយមលោកRichard N. Goldmanនិងភរិយារបស់គាត់លោកស្រីRhoda H. Goldman។ អ្នកឈ្នះពានរង្វាន់នេះត្រូវបានជ្រើសរើសដោយចៅក្រមអន្តរជាតិក្នុងចំណោមអ្នកដែលត្រូវស្នើឡើងដោយសម្ងាត់ដោយបណ្តាញអង្គការពិភពលោកនិងបុគ្គលផ្នែកការងារបរិស្ថាន។ អ្នកឈ្នះពានរង្វាន់នឹងត្រូវធ្វើដំណើរកម្សាន្តរយៈពេល១០ថ្ងៃនៅក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូនិងវ៉ាស៊ីនតោនឌីស៊ី ដើម្បីទៅចូលរួមក្នុងពិធីប្រគល់ពានរង្វាន់និងការធ្វើបទបង្ហាញសន្និសីទសារព័ត៌មាន ការផ្តល់ព័ត៌មានខ្លីៗនិងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នយោបាយ គោលនយោបាយសាធារណៈនិងបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered