សមត្ថកិច្ចខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីរំលឹកពីការបាត់បង់ដីធ្លី

អាជ្ញាធរខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីសែនព្រេនរំលឹកពីការបាត់បង់ដីធ្លីនិងវប្បធម៌ប្រពៃណីដូនតារបស់ពួកគេដោយអាជ្ញាធរអះអាងថាបារម្ភខ្លាចពលរដ្ឋរៀបគម្រោងតវ៉ាប្រឆាំងរដ្ឋាភិបាល។

ការហាមឃាត់នេះស្របពេលនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន មានគម្រោងទៅសម្ភាធរោងចក្រផលិតស្ករអំពៅរបស់ក្រុមហ៊ុនចិននៅថ្ងៃទី១៩ខែមេសាស្អែកនេះ។

សមាជិកសហគមន៍ជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ អ្នកស្រី រឿង ខាន់ ប្រាប់VODថានៅព្រឹកថ្ងៃចន្ទអ្នកភូមិជិត២០០នាក់គ្រោងធ្វើពិធីបួងសួងរំលឹកពីការបាត់បង់ដីធ្លីនិងវប្បធម៌ប្រពៃណីដូនតារបស់ពួកគេ ប៉ុន្តែត្រូវកងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ហាមឃាត់ដោយអាជ្ញាធរថា ខ្លាចអ្នកភូមិមានគម្រោងតវ៉ាប្រឆាំងប្រមុខរដ្ឋាភិបាល។ អ្នកស្រីបន្ដថាសមត្ថកិច្ចទាំងនោះបានឡោមព័ទ្ធភូមិនិងបំបែក ហ្វូងពួកគាត់មិនឲ្យប្រមូលផ្ដុំគ្នាឡើយដែលអ្នកស្រីចាត់ទុកថាជាការំលោភលើសិទ្ធិពលរដ្ឋ។ ទោះជាយ៉ាងណាអ្នកស្រីបញ្ជាក់ថាពួកគាត់បានធ្វើពិធីនេះរហូតដល់ដល់ម៉ោង១២ថ្ងៃដដែលនេះ។ អ្នកស្រីបន្ថែមថា៖ គេថាខ្លាចប៉ះពាល់លើច្បាប់ខាងនយោបាយខាងគណបក្សប្រជាជនខ្លាចពួខ្ញុំធ្វើបាតុកម្មពីព្រោះទឹកដីប្រនមេរនេះវាកណ្ដាច់កណ្ដោចអស់ហើយខ្លាចពួកខ្ញុំធ្វើសម្មភាពនៅកន្លែងដែលគេធ្វើប្រជុំស្អែកចាស គេហាមឃាត់ពួកខ្ញុំមិនឲ្យធ្វើប្រជុំទេរោងក៏មិនឲ្យលើកមេក្រូក៏មិនឲ្យបើកហើយប្រជាពលរដ្ឋមកច្រើនក៏មិនឲ្យមកច្រើនទៀតគេរំសាយអស់

សមាជិកសហគមន៍មួយរូបទៀតអ្នកស្រី សឹង សាំ ឲ្យដឹងថាពិធីនេះពួកគាត់ធ្វើឡើងដោយគ្រាន់តែចង់រំលឹកពីការបាត់បង់ដីធ្លីនិងបួងសួងសុំទឹកភ្លៀងតាមទំលាប់ជនជាតិដើមភាគតិចគួយផងដែរ។ អ្នកស្រីថាពួកគេក៏បានជូនដំណឹងដល់អាជ្ញាធរសុ្រកនិងខេត្ដរួចហើយដែរ។ អ្នកស្រីបន្ដថា៖ គ្មានដំណោះស្រាយទេ ឥឡូវនេះកាន់តែខ្លាំងឡើងៗសូម្បីដីស្រែបងប្អូន១០ស្រែក៏នៅតែឈូសបំផ្លាញក្នុងផងដែរ

VODមិនអាចទាក់ទងអភិបាលស្រុកត្បែងមានជ័យលោក អ៊ុង វុទ្ធី ដើម្បីសាកសួរពីករណីនេះបានទេ ដោយទូរស័ព្ទច្រើនដងគ្មានអ្នកទទួល។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ចាត់ទុកករណីនេះថាជាបិទសិទ្ធិសេរីភាពនិងគំរាមកំហែងលើការបញ្ចេញមតិនិងជំនឿសាសនារបស់ពលរដ្ឋ ដែលលោកថាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ លោកបន្ថែមថាការអូសបន្លាយជម្លោះដីធ្លីដោយគ្មានដំណោះស្រាយនេះដោយលោកថាអាជ្ញាធរចាត់ទុកពលរដ្ឋទាំងនោះជាសមាជិកបក្សប្រឆាំង។

បើតាមពលរដ្ឋឲ្យដឹងថាជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០១២ជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរ៉ូយហ្វេង។ ពួកគាត់អះអាងថាមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេដោយអាជ្ញាធរគ្រាន់តែសន្យាដោះស្រាយតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ