សមត្ថកិច្ច​បន្ត​ស៊ើប​អង្កេត​រកសំឡេង​សន្ទនារបស់​​អតីតតារាសម្តែងហួត សារ៉ាវឌី ​មុន​ពេល​ស្លាប់​

ម៉ូតូជនរងគ្រោះនិង​សាកសព(រូបថតដោយ​ក្រុមគ្រួសារជនរងគ្រោះ)

សមត្ថកិច្ចអះអាងថាខ្លួននឹងបន្តស៊ើបអង្កេតរកសំឡេងសន្ទនាតាមទូរស័ព្ទរវាងអតីតតារាសម្តែង អ្នកស្រី ហួត សារ៉ាវឌី ដែលត្រូវបានប្រទះឃើញស្លាប់ជាមួយប្តីនៅខេត្តព្រៃវែង ដោយក្រុមគ្រួសារសង្ស័យថាជាករណីរំលោភសម្លាប់។

នាយការិយាល័យស្តីទីស៊ើបការណ៍នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ចាន់ សុវណ្ណ ប្រាប់វីអូឌីពេលជួបផ្ទាល់នៅមូលដ្ឋានថាសមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះ តាមរយៈប្រមូលភស្តុតាងពីក្រុមគ្រួសារនិងអាជ្ញាធរថ្នាក់ក្រោម។ លោកបន្តថាលោកបានជូនដំណឹងទៅថ្នាក់លើនៅក្រសួងមហាផ្ទៃពីសំឡេងសន្ទនាតាមទូរស័ព្ទស្មាតដែលក្រុមគ្រួសារថាជនរងគ្រោះជាម្តាយបានសុំឲ្យជួយ មុនពេលស្លាប់។

ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចរកជនមិនស្គាល់មុខ ដោយសារសង្ស័យថាជាករណីរំលោភសម្លាប់ មិនមែនគ្រោះថ្នាក់ចរាចរណ៍ដូចការសន្និដ្ឋានរបស់សមត្ថកិច្ចនោះទេ។

អធិការស្រុកកំពង់ត្របែក លោក សួន សំអឿន បានបញ្ជាក់ថាការសន្និដ្ឋានថាគ្រោះថ្នាក់ចរាចរណ៍គ្រាន់តែជាការសន្និដ្ឋានដំបូងនោះទេ ដោយសារម៉ូតូរបស់ជនរងគ្រោះបុកបង្គោលហើយជនរងគ្រោះមានស្នាមរលាត់។ លោកបន្តថាលោកទទួលបានរបាយការណ៍ពីថ្នាក់ក្រោមថាបុរសជាប្តីបើកបរម៉ូតូមានជាតិស្រវឹង។

ក្រុមគ្រួសារបានអះអាងថាសមត្ថកិច្ចមិនបានធ្វើកោសល្យវិច្ច័យលើអំពើរំលោភ មុនពេលសាកសពត្រូវបានបូជានោះទេ។ ក្រុមគ្រួសារថាខ្លួនបានហៅសមត្ថកិច្ចមកធ្វើកោសល្យវិច័យនៅព្រឹកថ្ងៃទី១៥ខែមេសា ចំថ្ងៃចូលឆ្នាំ តែសមត្ថកិច្ចមិនបានមកនោះ។ ពួកគេបញ្ជាក់ថាដោយសារតាអាចារ្យចង់បូជាសាកសពនៅយប់ថ្ងៃទី១៥ កុំឲ្យឆ្លងឆ្នាំ ទើបការបូជាសាកសពត្រូវធ្វើភ្លាមៗនៅថ្ងៃដដែល។

កូនច្បងរបស់អ្នកស្រីហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ វ័យ២៥ឆ្នាំ បានប្រាប់VODថានាងនិងគ្រួសារមិនអាចទទួលយកបាននោះទេ បន្ទាប់ពីប៉ូលិសឃុំប្រាសាទ ក្នុងខេត្តព្រៃវែងទីដែលម្ដាយនាងនិងស្វាមីក្រោយ(ដែលក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកអះអាងថាជាម៉ូតូឌុប) ត្រូវស្លាប់កាលពីយប់ថ្ងៃទី១៤ មេសា ថាជាករណីគ្រោះថ្នាក់ចរាចរណ៍។ នាងថាទាំងស្ថានភាពស្លាប់និងភស្ដុតាង គឺស្ថិតក្នុងសភាពឃាតកម្មទាំងអស់។ នាងនិយាយថា៖ “មុនពេលពួកខ្ញុំទៅដល់(ឡើងពីភ្នំពេញ) ពួកគាត់(ប៉ូលិសអាជ្ញាធរ)បានឲ្យមីងខ្ញុំផ្ដិតមេដាយទទួលស្គាល់ថាម្ដាយខ្ញុំស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយមីងខ្ញុំគាត់ភ័យ គាត់ស្លន់និងប្រញាប់យកសពមកធ្វើបុណ្យ ទើបគាត់ចេះតែផ្ដិត(មេដាយ)តាម ដល់ពេលយកមកអានទើបដឹងថាជាលិខិតនោះគឺឲ្យគ្រួសារទទួលថាម្ដាយខ្ញុំគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពួកខ្ញុំទទួលយកអត់បានទេព្រោះសព និងសភាពសព ខ្ញុំយល់ថាជាករណីឃាតកម្ម ស្ទាក់ និងរំលោភសម្លាប់ច្រើនជាង!”

នាងថាសាកសពម្ដាយរបស់ខ្លួនត្រូវគេវាយនឹងដំបងចំក្បាលនិងស្លៀកខោតែមួយចំហៀងជើងប៉ុណ្ណោះ ដែលមិនខុសពីគេចាប់សម្រាតហើយរំលោភសម្លាប់បំបិទ ដោយភ្លៅក៏មិនមានរបួសក្រៅពីស្នាមជាំនោះដែរ។ នាងថាមុនពេលម្ដាយស្លាប់ ម៉ោងប្រហែលជាង៧យប់ថ្ងៃទី១៤ មេសា អ្នកស្រីហួត សារ៉ាវឌី បានហៅទូរស័ព្ទមកកាន់អ្នកផ្ទះថាមានក្មេងស្ទាវៗ៤៥នាក់ចេញមកស្ទាក់ម៉ូតូនិងថាពួកនោះបានវាយឲ្យអ្នកបើកម៉ូតូឲ្យសន្លប់បាត់ហើយ ដោយនាងថាអ្នកស្រីសុំឲ្យកូនក្មួយទៅជួយ។ នាងថាម្តាយប្រាប់ត្រឹមចំណុចនេះក៏បាត់សំឡេង ហើយពេលកូនក្មួយហៅទូរស័ព្ទរក ក៏អត់លើករហូតទល់ភ្លឺ។

ជុង សារ៉ាច័ន្ទ និយាយថា៖ “ពេលដាច់សំឡេងគាត់ពួកយើងព្យាយាមខលមកគាត់ទាំងយប់ប៉ុន្តែអត់មានអ្នកលើកទេ រហូតដល់ព្រឹកឡើងក៏មានអ្នកដំណើរឃើញសាកសពពួកគាត់និងរើសទូរស័ព្ទគាត់ក៏ខលមកតាមលេខដែលយើងទាក់ទងទៅគាត់ហ្នឹង! ខ្ញុំគិតថាក្នុងពេលដែលគាត់អត់លើកហ្នឹង គឺក្នុងពេលអ្នកស្ទាក់នោះធ្វើបាបហើយ។ រឿងគាត់ស្លាប់ទោះមើលយ៉ាងម៉េចមិនអាចជាគ្រោះថ្នាក់ចរាចរណ៍ដែរ ម្យ៉ាងបើគាត់គ្រោះថ្នាក់ចរាចរណ៍មែនហេតុអ្វីខោគាត់រហែកត្រូវគេសម្រាត ហើយក្បាលគាត់មានរបួសដូចត្រូវគេវ៉ៃដំណំណាស់!”។

សារ៉ាច័ន្ទ បញ្ជាក់ថាម្ដាយរបស់ខ្លួនបានធ្វើដំណើរពីផ្ទះនៅគៀនស្វាយជាមួយស្វាមីក្រោយទៅស្រុកកំណើតស្ថិតនៅឃុំអន្សោង ក្នុងខេត្តព្រៃវែង ប៉ុន្តែមកដល់ត្រឹមឃុំប្រាសាទក្នុងខេត្តព្រៃវែង ក៏ហៅទូរស័ព្ទមកប្រាប់ថាមានគេស្ទាក់ផ្លូវ។ នាងសន្និដ្ឋានថាម្ដាយនិងស្វាមីក្រោយទំនងត្រូវបានស្លាប់ក្រោយហៅទូរស័ព្ទលែងលើកនៅវេលាម៉ោងជាង៧យប់ក្នុងថ្ងៃទី១៤ ខែមេសា។

នាងថាអ្នកស្រីហួត សារ៉ាវឌី មានវ័យ៤៤ឆ្នាំ ឯស្វាមីក្រោយឈ្មោះប៊ុន ថន ដែលស្លាប់ក្នុងហេតុការណ៍នោះដែរមានវ័យ៣៤ឆ្នាំ។  អ្នកស្រីមានតែកូនស្រី២នាក់ប៉ុណ្ណោះជាមួយស្វាមីមុន ក្រោយពេលស្វាមីដើមចែកឋាន ចំណែកការរួមរស់ជាមួយស្វាមីក្រោយអ្នកស្រីមិនមានកូនចៅនោះទេ។ សារ៉ាច័ន្ទ បន្ថែមថា ម្ដាយរបស់ខ្លួនបើទោះឈប់ទទួលសម្ដែងរឿងនិងឡើងឆាកទូរទស្សន៍ ទន្ទឹមនឹងតារារួមជំនាន់ដូចជាអម្ពរទេវី កែវ កល្យាណ និងសុខ ស្រីមុំ ឈប់សិល្បៈអស់ ប៉ុន្តែអ្នកស្រីមិនបានបោះបង់សិល្បៈនោះទេ គឺនៅតែច្រៀងតាមអកកេសនិងក្នុងរង្គសាលមកទល់នឹងមុនទទួលមរណភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ