ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់សមាជិកខ្លួន២រូបជំនួសសមាជិកដែលបានទទួលមរណភាពនិងលាឈប់សុំចូលនិវត្តន៍។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១២ មេសា ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់សមាជិកព្រឹទ្ធិសភាថ្មី២រូប គឺសមាជិកព្រឹទ្ធិសភាមកពីមណ្ឌលភូមិភាគទី៥(ខេត្តតាកែវ កំពត និងកែប) លោកស្រី ជិន សុងីម មកជំនួសលោក ប៉េង ប៉ាត់ ដែលបានទទួលមរណភាព។ ចំណែកលោក យឹម ឃុនឃឿន ដែលជាសមាជិកព្រឹទ្ធសភាមកពីមណ្ឌលទី៦(ខេត្តព្រៃវែង ស្វាយរៀង) ជំនួសសមាជិកគណបក្សសម រង្ស៊ី លោក គង់ គាំ ដែលបានសុំចូលនិវត្តន៍។
គួរបញ្ជាក់ថាលោក ប៉េង ប៉ាត់ ជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណភាពនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងអាយុ៦៦ឆ្នាំ។
ចំណែកឯលោកគង់ គាំ ដែលជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សសម រង្សី កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៥ លោកបានប្រកាសចូលនិវត្តន៍។
អគ្គលេខាធិការនៃព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ មានប្រសាសន៍ថាសមាជិកព្រឹទ្ធសភាថ្មីពីររូបនោះជាការដាក់បញ្ចូលរបស់គណបក្សទាំងពីរ។ លោកមានប្រសាសន៍ថា៖ “តាមនីតិវិធីតាមច្បាប់គឺគណបក្សសាម៉ីគេស្នើសមាភាពថ្មីមក យើងបានធ្វើបែបបទហ្នឹងដើម្បីទទួលស្គាល់។ ក្នុងបញ្ជីបោះឆ្នោតពីមុនគាត់មានឈ្មោះហើយក្នុងលំដាប់លេខរៀង មិនមែនតែទៀងតែតាមលេខរៀងហ្នឹងទេ។ ឧបមាអ្នកបន្ទាប់គេមិនធ្វើអញ្ចឹងអ្នកបន្តាប់ទៀតគេធ្វើជំនួសទៅអាហ្នឹងក៏មានដែរវាមិនមែនតែតាមលេខរៀងទេ ជាគោលការណ៍តាមលេខរៀង!”៕