ក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់​លើ​មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ រឿងចាក់បញ្ចាំងភាពយន្ត

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិតមួយព្រមានចាត់វិធានការផ្លូវច្បាប់លើមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House)  ប្រសិនបើមជ្ឈមណ្ឌលនេះបន្តរំលោភកិច្ចព្រមព្រៀង។

ការព្រមាននេះធ្វើឡើងស្របពេលដែលក្រសួងបានលើកឡើងថាមជ្ឈមណ្ឌលគ្រោង បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធន ធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២ ដោយក្រសួងថាមិនបានជូនដំណឹងទៅក្រសួងវប្បធម៌។

ក្នុងលិខិតមួយចេញថ្ងៃទី១៨ ខែមេសា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថាក្រោយពីក្រសួងបានទទួលព័ត៌មានអំពីការចាក់បញ្ចាំងខ្សែភាព យន្ដរឿង “ខ្ញុំ ឈុត វុទ្ធី ”I am Chut Wutty ក្រសួងកត់សម្គាល់ឃើញថាមជ្ឈមណ្ឌលមេត្តាហោស៍នៅមិនទាន់អនុវត្ដឲ្យបានត្រឹមត្រូវតាមបទបញ្ញត្ដិ ដែលតម្រូវឲ្យខ្សែភាពយន្ដទាំងអស់ ចាំបាច់ត្រូវមានការអនុញ្ញាតពីក្រសួងវប្បធម៌ មុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ។

ក្រសួងបញ្ជាក់ថាមជ្ឈមណ្ឌលបានរំលោភទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងក្រសួងនិងមជ្ឈមណ្ឌលដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៥ ដែលចែងថា៖ “សមាគមវប្បធម៌កម្ពុជា -អាល្លឺម៉ង់ សូមធានាថារាល់គោលនយោបាយទូទៅនិងកម្មវិធីសកម្មភាពរួម ទាំងការចាក់បញ្ចាំងភាពយន្ដនានា នឹងអនុវត្ដទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សមាគមវប្បធម៌កម្ពុជា អាល្លឺម៉ង់ នឹងផ្ដល់បញ្ជីស្ដីពីកម្មវិធីការងាររួម ទាំងពត៌មានទាំងកម្មវិធីភាពយន្ដមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន តាមរយៈមន្រ្ដីទំនាក់ទំនង”

ក្រសួងបន្ដទៀតថាក្នុងករណីមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់នៅតែរំលោភលើបទបញ្ញត្ដិនិងច្បាប់ ក្រសួងវប្បធម៌នឹងចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា បានបញ្ជាក់ប្រាប់វីអូឌីថាក្រសួងបានព្រមានដូច្នេះក៏ដោយសារតែមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាលឺ្លម៉ង់ រំលោភទៅលើអនុក្រឹត្យស្តីពីការគ្រប់គ្រង ត្រួតពិនិត្យសិល្បៈភាពយន្តនិងវីដេអូនិងកិច្ចព្រមព្រៀងរវាងក្រសួងនិងមជ្ឈមណ្ឌល ដែលបានចុះកាលពីថ្ងៃទី២៨ខែ សីហា ឆ្នាំ២០១៥។ លោកបញ្ជាក់ថា៖ “ឈរលើផ្នែកច្បាប់អ្វីក៏អត់មាន រំលោភទៅលើខ្លឹមសារនៃអនុក្រឹត្យលេខ៦៣ផងហើយគាត់រំលោភទៅលើហត្ថលេខីភាពរបស់គាត់ដែលបានចុះអនុស្សារណៈកាលពីឆ្នាំ២០១៥ ដែលបានចុះជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលក្នុងនោះបានបញ្ជាក់ថាមេត្តាហោស៍ និងមិនអាចធ្វើអ្វីដោយសេរីដោយឯកចិត្តដូចមុនទៀតទេ។ … ដោយមានកំណែទម្រង់និងការជជែកគ្នាកុំឲ្យចេះតែរំលោភ ដោយយើងគិតថាបរទេស យើងគិតថាអង្គការក្រៅរដ្ឋាភិបាល ក៏យើងចេះតែយល់យោគៗទៅ ប៉ុន្តែដូចពាក្យខ្មែរយើងដែលថាយល់ញាតិ វាឃ្លាតច្បាប់ ហើយបើឃ្លាតច្បាប់គេអាចបន្ទោសយើងពីការធូររលុងចំពោះច្បាប់ គេចង់បានឲ្យប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋដល់ពេលយើងឲ្យគេគោរព នីតិរដ្ឋ នីតិវិធី គែបែរជាថារំលោភសិទ្ធិសេរីភាពរបស់គេទៅវិញ តើនេះជាភាពស្រមស្របដែរឬអត់”?

ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីកាលពីថ្ងៃចន្ទថាការដាក់ក្រសួងសម្រេចមិនឲ្យបញ្ចាំងភាពយន្តរឿងឈុត វុទ្ធី ដោយសារការថតរឿងនេះមិនបានសុំការអនុញ្ញាតពីក្រសួងនោះទេ។

លោក Nicolaus Mesterharm ប្រធានមជ្ឈមណ្ឌលមេត្តាហោស៍បដិសេធអត្ថាធិប្បាយលើលិខិតរបស់ក្រសួង ដោយលោកបញ្ជាក់ថាមជ្ឈមណ្ឌលរបស់លោកតែងតែជូនជាដំណឹងទៅក្រសួងអំពីការបញ្ចាំងភាពយន្តអ្វីមួយ។

គួរបញ្ជាក់ថាមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ជាកន្លែងពេញនិយមមួយសម្រាប់ចាក់បញ្ចាំងភាពយន្តផ្សេងៗដែលជាស្នាដៃរបស់កូនខ្មែរ។ មជ្ឈមណ្ឌលនេះក៏បានបើកទូលាយសម្រាប់សកម្មជនព្រៃឈើធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered