ក្រុមអ្នកបរិស្ថានប្រកាសបន្តឈប់ផឹកស្រាបៀរ​អង្គរដោយថា​មានពាក់ព័ន្ធការសង់ទំនប់អគ្គិសនី​

សន្និសិទសារព័ត៌មានស្ដីពីការឆ្លើយតបរបស់ក្រុមហ៊ុន​ស្រាបៀរអង្គរដែលថា​មិនមានជាប់ពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនី

ក្រុមអ្នកបរិស្ថានប្រកាសថានឹងបន្តយុទ្ធនាការប្រឆាំងក្រុមហ៊ុនស្រាបៀរអង្គរ ដោយពួកគេអះអាងថាក្រុមហ៊ុននោះមានជាប់ពាក់ព័ន្ធជាមួយនឹងការសាងសងទំនប់វារីអគ្គិសនី ដន សាហុង នៅប្រទេសឡាវ ដែលធ្វើប៉ះពាល់ដល់ធនធានធម្មជាតិនិង ពលរដ្ឋតាមដងទន្លេមេគង្គរាប់ម៉ឺននាក់។

នៅព្រឹកថ្ងៃទី១៩ខែមេសានេះក្រុមយុវជនការពារបរិស្ថាននិងអ្នករងផលប៉ះពាល់ពីការសាងសងទំនប់វារីអគ្គិសនីធ្វើសន្និសិទសារព័ត៌មានមួយក្នុងរាជធានីភ្នំពេញស្ដីពីការឆ្លើយតបរបស់ក្រុមហ៊ុនស្រាបៀរអង្គរដែលថាមិនមានជាប់ពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនី។

ប្រធានយុវជនការពារសង្គមនិងបរិស្ថានលោក ជុំ ហួត ដែលអះអាងថាបានចុះធ្វើការស្រាវជ្រាវផ្ទាល់ក្នុងតំបន់រងផលប៉ះពាល់ បានឲ្យដឹងថាពួកគេនឹងបន្តយុទ្ធនាការគ្រប់ទីកន្លែងដើម្បីជំរុញឲ្យពលរដ្ឋឈប់គាំទ្រនិងផឹកស្រាបៀរអង្គរ បើក្រុមហ៊ុនស្រាបៀរអង្គរមិនព្រមដកភាគហ៊ុនពីការសាងសងទំនប់វារីអគ្គិសនី ដន សាហុង។ លោកបន្ថែមថាការសាងសង់ទំនប់នោះធ្វើឲ្យប៉ះពាល់ច្រើនដល់ធនធានធម្មជាតិដូចជា ត្រី ផ្សោត មានការថយចុះ និងបាត់បង់ធនធានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

លោកបន្ថែមថា៖ នៅពេលដែលផ្អាកការសាងសង់ គាត់ទៅរកភាគហ៊ុនថ្មីវាយូរអញ្ចឹងយើងអាចមានកំលាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់ម្ដងទៀត ហ្នឹងហើយយុទ្ធនាការដែលយើងធ្វើ យើងធ្វើលើកទីមួយនៅខេត្តសៀមរាបថ្ងៃទី២០ស្អែក។ បន្ទាប់មកយើងធ្វើនៅរដ្ឋសភា ហើយបន្តទៅធ្វើនៅទីលានប្រជាធិបតេយ្យ។ បន្ទាប់មកទៀតយើងទៅធ្វើនៅប្រទេសក្នុងតំបន់ដូចជាទៅធ្វើយុទ្ធនាការនៅថៃហ្នឹង យើងបន្តរកភស្ដុតាងបន្ថែមទៀតពីលោក ហ្គោណាន គា ប្រធានក្រុមហ៊ុនស្រាបៀរអង្គរ ដែលគាត់ជាប់ភាគហ៊ុននឹងទំនប់វារីអគ្គិសនី ដន សាហុង ប្រទេសឡាវ

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាលោក ឡុង សូចែត បានថ្លែងថាក្នុងលិខិតឆ្លើយតបរបស់ក្រុមហ៊ុនស្រាបៀរអង្គរដែលថាមិនជាប់ពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីនោះហាក់មិនពិតប្រាកដនៅឡើយ ដោយលោកអះអាងថាក្រុមហ៊ុនស្រាបៀរអង្គរនិងក្រុមហ៊ុនមេហ្គាហ្វឺស ដែលដាក់ហ៊ុនជាមួយនឹងការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ជាម្ចាស់តែមួយ។ លោលបន្ថែមថាការឆ្លើយតបនោះគ្រាន់តែជាការគំរាមកំហែងនិងព្រមានឲ្យយុវជនបញ្ឈប់ការតវ៉ា។

វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនស្រាបៀរអង្គរបានទេ។ ទោះបីជាយ៉ាងណាក្នុងលិខិតរបស់ក្រុមហ៊ុនស្រាបៀរអង្គរមួយចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់យុវជន ឲ្យដឹងថាក្រុមហ៊ុនស្រាបៀរអង្គរនិងក្រុមហ៊ុនមេហ្គាហ្វឺសជាក្រុមហ៊ុនពីរផ្សេងគ្នា ដូច្នេះក្រុមហ៊ុនស្រាបៀរអង្គរមិនមានជាប់ពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនីនោះទេ។ ក្នុងលិខិតឆ្លើយតបនោះក្រុមហ៊ុនក៏ជំរុញឲ្យយុវជនទាំងនោះបញ្ឈប់ជាបន្ទាន់នូវការសកម្មភាព ញុះញង់ឲ្យពលរដ្ឋធ្វើពហិការឈប់ផឹកស្រាបៀរអង្គរ។

នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលលោក តឹក វណ្ណារ៉ា មានប្រសាសន៍ថាបើក្រុមហ៊ុនស្រាបៀរអង្គរអះអាងថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនីនោះ លុះត្រាតែក្រុមហ៊ុននោះធ្វើការបង្ហាញជាឯកសារជាក់លាក់មួយទៅកាន់សាធារណជននិងអង្គការសង្គមស៊ីវិល។ លោកបន្ថែមថាការបន្តឬក៏បញ្ឈប់ការតវ៉ារបស់ក្រុមយុវជនទាំងនោះគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងការការពារបរិស្ថាន។

លោកបន្ថែមថា៖ “យើងនឹងសរសេរលិខិតជាផ្លូវការទៅក្រុមហ៊ុនមេហ្គាហ្វឺសឲ្យមានការបញ្ជាក់ពីភាពមិនពាក់ព័ន្ធរវាងក្រុមហ៊ុនស្រាបៀរអង្គរនិងក្រុមហ៊ុនមេហ្គាហ្វឺសក្នុងករណីដែលយើងទទួលចំលើយថាមិនទាក់ទងគ្នាទេ យើងអត់មានយុទ្ធនាការអ្វីជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរទេ។ តែក្នុងករណីដែលគេឆ្លើយថាពាក់ព័ន្ធនោះក្រុមហ៊ុនស្រាបៀរអង្គរត្រូវតែទទួលខុសត្រូវចំពោះការសាងសងទំនប់វារីអគ្គិសនី ដន សាហុង”។

គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៥ក្រុមយុវជនដែលអះអាងថាបានសិក្សាស្រាវជ្រាវពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នោះបានធ្វើការតវ៉ាជាបន្តបន្ទាប់ជាពិសេសនៅខាងមុខក្រុមហ៊ុនស្រាបៀរអង្គរ ដើម្បីទាមទាឲ្យក្រុមហ៊ុនដកភាគហ៊ុនពីការសាងសង់ទំនប់វារីអគ្គិសនីដែលចម្រូងចម្រាស់នេះ ដោយពួកគេអះអាងថាបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត៦លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ