លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានថ្លែងថាលោកពេញចិត្តនឹងបទ”ញីកែងជើង” ដោយសារបទចម្រៀងនេះជាស្នាដៃរបស់កូនខ្មែរ។
ក្នុងពិធីសម្ពោធរោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែងថាមូលហេតុដែលលោកពេញចិត្តនឹងបទចម្រៀងនោះ ដោយលោកថានេះ”ជាចង្វាក់មួយដែលកូនខ្មែរបានកសាងឡើង”។ មួយរយៈចុងក្រោយនេះ លោកហ៊ុន សែន បានលើកឡើងជាបន្តបន្ទាប់ពីបទញីកែងជើងនេះ។ នៅពេលលោកចូលរួមអង្គរសង្រ្កាន្តនៅខេត្តសៀមរាបពេលចូលឆ្នាំខ្មែរ លោកក៏បានរាំលេងនឹងចង្វាក់ញីកែងជើងនេះផងដែរ។
អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បទ”ញីកែងជើង”របស់អ្នកនាង ពេជ្រ សោភា និងលោកដេវីត ត្រូវគេកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការរាំកម្សាន្ត។ យុវវ័យភាគច្រើនបានសរសើរនៅលើទំព័រហ្វេសប៊ុករបស់នាងថានេះជាបទដែលនិពន្ធដោយសារខ្មែរ ហើយមានកម្រិតទាក់ទាញស្រទាប់មហាជនមិនធ្លាប់មានពីមុនមក ទាំងចង្វាក់ភ្លេង ក្បាច់រាំ និងអត្ថន័យចាប់តាំងពីបានចេញលក់។ ប៉ុន្តែនៅក្នុងចំណោមនោះក៏មានអ្នកចេញមុខរិះគន់ និងប្រកាសយ៉ាងក្ដែងៗថា នោះជាបទចម្លងពីថៃ និងខ្លះថាចម្លងពីបទផ្សេងពីថៃ ដែលគ្រាន់តែកាឡៃសាច់ភ្លេងហើយយកមកអួតថាជាបទនិពន្ធថ្មីផងដែរ។
យ៉ាងណាក៏ដោយ ម្ចាស់បទនាង ពេជ្រ សោភា ត្រូវគេឃើញចេញមុខការពារម្ដងហើយម្ដងហើយទៀត និងបានទទូចឲ្យអ្នករិះគន់ឲ្យផ្ញើតំណភ្ជាប់(Link) បទចម្រៀងបរទេសណាមួយដែលសង្ស័យថាមានចង្វាក់ ឬក្បាច់រាំដូចគ្នានឹងបទរបស់នាង៕