លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​”អាឆ្កួត”រឿងLikesតាមហ្វេសប៊ុក​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានហៅអ្នកនយោបាយម្នាក់ថា”អាឆ្កួត” ដែលលោកសំដៅទៅរកលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រឿងនិយាយពីការចុចចូលចិត្ត(Likes)លើហ្វេសប៊ុក។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែងសំដៅទៅលោក សម រង្ស៊ី ថាបានបន្តនិយាយពីការចុចLikesក្លែងក្លាយនិងបន្លំលើហ្វេសប៊ុករបស់លោកដែលមានអ្នកចុចLikesទៅដល់ជាង៣លាន៨សែននាក់។ លោក ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ថាលេងហ្វេសប៊ុកចាញ់រូបលោកនិងថាលោក សម រង្ស៊ី បានចោទប្រកាន់រូបលោកថាលួចLikesពីហ្វេសប៊ុករបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ “អានេះគឺជាការបង្កហេតុ តែប៉ុណ្ណឹង។ គេបង្កហេតុឥតឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថាមិនគួរឆ្លើយជាមួយនឹងអាឆ្កួតហ្នឹងទេ ហ្សែនវារបៀបម៉េចគឺវាអញ្ចឹង។ ពូជស្វាយ វាស្វាយ ពូជក្រូច វាក្រូច”

កាលពីថ្ងៃទី១៧ ខែមេសា អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរសារនៅលើហ្វេសប៊ុកលោក សម រង្ស៊ី ថារូបគេបានចុចLikeទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី តែបែរលោតទៅទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន វិញ។

លោក សម រង្ស៊ី បានឆ្លើយតបវិញថា៖ “គេបានជួលអ្នកបច្ចេកទេស ហើយបានប្រើមនុស្សឲ្យបង្កើតlikes ក្លែងក្លាយលើទំព័រFacebookរបស់គេ។ លើសពីនេះទៅទៀត គេបានលួចlikesពីទំព័រFacebookរបស់ខ្ញុំ តាមជំនាញចោរ ដូចក្មួយឯងបានឃើញផ្ទាល់ភ្នែក។ រឿងlikesក្លែងក្លាយនិងlikesលួចបន្លំលើទំព័រ Facebookនេះ វាដូចតែរឿងសន្លឹកឆ្នោតក្លែងក្លាយនិងសន្លឹកឆ្នោតលួចបន្លំអញ្ចឹងដែរ ពេលបោះឆ្នោតម្តងៗនៅស្រុកយើង”។

លោក សម រង្ស៊ី បានបញ្ជាក់ថា៖ “មនុស្សទុច្ចរិត វានៅតែទុច្ចរិតដដែល ហើយវានឹងបង្ហាញចរិកទុច្ចរិតជានិច្ច។ តែម្តងនេះ ខ្ញុំចាប់ចោរឲ្យទាល់តែបាន ពីព្រោះក្នុងការប្រើប្រាស់ប្រព័ន្ធFacebookនេះ មានអ្នកជំនាញអន្តរជាតិពូកែៗច្រើនណាស់ ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់”។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួនមានប្រសាសន៍ថាលោកមិនមានយោបល់លើការថ្លែងរបស់នាយករដ្ឋមន្រ្តីនោះទេ។

កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបដិសេធថាលោកមិនបានទិញLikesនៅលើហ្វេសប៊ុកនោះទេ។ ការលើកឡើងនេះ ក្រោយពេលលោកសម រង្ស៊ី បានអះអាងថាLikesលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ៨០ភាគរយគឺទិញពីបរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ