នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបង្ហាញភស្តុតាងនិងសាក្សី ដោយលោកសំដៅទៅរកពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនដែលលោកថាចោទរូបលោកថាជាជនផ្តាច់ការ រំលោភដីធ្លីនិងសម្លាប់មនុស្ស។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ស្របពេលដែលពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានចេញមុខតវ៉ាប្រឆាំងរូបលោកជាបន្តបន្ទាប់ នៅពេលលោកទៅបំពេញទស្សនកិច្ចនៅរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
ក្នុងបទសម្ភាសន៍ជាមួយVOAកាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរថាហេតុអ្វីបានជាភ្ជាប់រូបលោកទៅនឹងឪពុករបស់លោក។ លោកបន្តថាគុណសម្បត្តិនិងគុណវិបត្តិមានដូចគ្នាចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា តែលោកថារដ្ឋាភិបាលមានស្នាដៃធំៗជាច្រើន។ លោកមានប្រសាសន៍ថា៖ “ប្រឆាំងជាមួយខ្ញុំ ដោយសារខ្ញុំជាកូនរបស់ឪពុករបស់ខ្ញុំ ខ្ញុំគ្រាន់តែចោទសួរទៅវិញ ខ្ញុំអត់បកស្រាយពីរឿងនយោបាយអីទេ។ ក្នុងនាមជាគុណធម៌នយោបាយ បើយើងធ្វើជាមួយនឹងអ្នកណាម្នាក់ តើយើងចាំបាច់ទៅរាលដាលដល់កូនចៅគេធ្វើអី អានេះដែលខ្ញុំចង់ឆ្ងល់ហើយខ្ញុំឆ្ងល់”។
លោកអំពាវនាវឲ្យបង្ហាញភស្តុតាងដែលមានការចោទរូបលោកលើបញ្ហាមួយចំនួន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ខ្លាច ឲ្យបងប្អូនយកមក បងប្អូនមានសិទ្ធិថាចោទខ្ញុំ ថាឥឡូវហ៊ុន ម៉ាណែត រំលោភដីធ្លីរបស់គេ។ ហ៊ុន ម៉ាណែត ជាជនកុម្មុយនីស្ត ខ្ញុំសូមឲ្យបងប្អូនមានលើកចុះ ប៉ុន្តែសុំរកភស្តុតាងហើយរកសាក្សីទៅ ថាតើនៅកម្ពុជាហ៊ុន ម៉ាណែត បានទៅរំលោភដីប៉ុន្មាន តើហ៊ុន ម៉ាណែតហ្នឹង ទៅសម្លាប់មនុស្សណាខ្លះ ដូចដែលគេចោទ”?
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកបានចេញមុខដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនិងបំពេញការងារមនុស្សធម៌ផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។
កន្លងទៅ មេដឹកនាំគណបក្សប្រឆាំងបានហៅការដឹកនាំរបស់លោក ហ៊ុន សែន បែបកុម្មុយនីស្តនិងរិះគន់ថាមិនមានការគោរពសិទ្ធិមនុស្សនិងដើរតាមលទ្ធិប្រជាធិបតេយ្យ។ បញ្ហារំលោភសិទ្ធិមនុស្ស ការបណ្តេញចេញ បញ្ហាដីធ្លី ឃាតកម្មលើសកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអំពើពុករលួយ ត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅលើទំព័រកាសែតទាំងក្នុងស្រុកនិងអន្តរជាតិមួយចំនួន៕ ដោយ ញ៉ែត ស្រីអូននិងហ៊ុន សិរីវឌ្ឍន៍