នាយកប្រតិបត្តិក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញលោក Christoph Mueller បានប្រកាសលាឈប់ពីតំណែងដោយសារតែជិតមួយឆ្នាំកន្លងទៅនេះ ការដឹកនាំរបស់លោកមិនមានលទ្ធភាពរៀបចំឲ្យក្រុមហ៊ុនបានប្រសើរឡើងបាន។
ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញជួបវិបត្តិហិរញ្ញវត្ថុតាំងពីមុនក្រុមហ៊ុននេះជួបហេតុការណ៍អាក្រក់ពីរនៅឆ្នាំ២០១៤ទៅទៀតគឺ បាត់យន្តហោះMH370 ពេលហោះហើរពីកូឡាំពួរទៅប៉េកាំងនៅដើមឆ្នាំ និងយន្តហោះMH17ត្រូវគេបាញ់ធ្លាក់នៅភាគខាងកើតអ៊ុយក្រែននៅចុងឆ្នាំ។
លោក Mueller ថ្លែងថាការលាលែងចែងចេញពីតំណែងរបស់លោកគឺជាការផ្លាស់ប្តូរតាមសមស្របពេលវេលាផ្ទាល់ខ្លួន។ លោកបានចូលកាន់តំណែងកាលពីខែឧសភា២០១៥ដើម្បីគ្រប់គ្រងទឹកប្រាក់ចំនួន១,៥៦ពាន់លានដុល្លារអាមេរិក ពេលនោះលោករៀបចំគម្រោងស្តាស្ថានភាពក្រុមហ៊ុនឡើងវិញដោយមានការកាត់បន្ថយបុគ្គលិកជាច្រើន។ នេះបើតាមសារព័ត៌មាន BBC។
ប្រធានក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញលោក Md Nor Yusof ថ្លែងថាលោកមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់លោក Christoph ជានាយកប្រតិបត្តិ ប៉ុន្តែលោកថា លោកយល់ចំពោះហេតុផលនិងគោរពលើការសម្រេចចិត្តរបស់លោក Mueller។
លោក Mueller នឹងបន្តបំពេញតួនាទីរបស់លោករហូតដល់ខែកញ្ញាឆ្នាំ២០១៦ ហើយលោកនឹងលាឈប់នឹងធ្វើជាក្រុមប្រឹក្សាភិបាលវិញ។
ក្រុមហ៊ុននេះបានចាប់ផ្តើមរួចហើយក្នុងការជ្រើសរើសនាយកប្រតិបត្តិថ្មីដែលកំពុងពិចារណាទាំងបេក្ខជនខាងក្នុងនិងខាងក្រៅ។
លោក Md Nor Yusof ថ្លែងថាលោក Mueller បានរៀបចំក្រុមគ្រប់គ្រងបានរឹងមាំនិងបានកសាងរបត់ទៅរកភាពជោគជ័យរួចហើយ៕