ប្រធានសហភាពចលនាកម្មករលោក ប៉ាវ ស៊ីណា នឹងចូលបំភ្លឺនៅតុលាការថ្ងៃស្អែក

មេដឹកនាំសហជីព លោក​ ប៉ាវ ស៊ីណា

ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ឲ្យដឹងថាលោកនឹងចូលបំភ្លឺនៅតុលាការនៅព្រឺកថ្ងៃស្អែកតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងរឿងក្លែងលិខិតនិងផ្ដល់ព័ត៌មានមិនពិត។

បើតាមសេចក្ដីជូនដំណឹងរបស់សហភាពចលនាកម្មករចុះថ្ងៃទី២០ ខែមេសា នេះបានឲ្យដឹងថាលោក ប៉ាវ ស៊ីណា នឹងចូលខ្លួនទៅកាន់តុលាការនៅម៉ោង៩ព្រឹកថ្ងៃទី២១ខែមេសា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែមីនា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក ខាំ សុផារី កោះអញ្ជើញលោក ប៉ាវ ស៊ីណា ឲ្យចូលបំភ្លឺនៅតុលាការនៅម៉ោង៤និង៣០នាទី ដើម្បីសាកសួរពីសំណុំរឿងក្លែងលិខិតនិងផ្តល់ព័ត៌មានមិនពិតតាមបណ្តឹងរបស់ឈ្មោះ គង់ សុភ័ក្រ្ត។ លោក ប៉ាវ ស៊ីណា បានដាក់ពាក្យស្នើសុំសាលាដំបូងរាជធានីភ្នំពេញពន្យារពេលចូលបំភ្លឺ ដោយលោកអះអាងថាមិនមានពេលត្រៀមខ្លួនគ្រប់គ្រាន់។

លោក ប៉ាវ ស៊ីណា ធ្លាប់បានអះអាងប្រាប់វីអូឌីថា លោកមិនបានដឹងថាលោកបានប្រព្រឹត្តករណីដែលត្រូវបានចោទប្រកាន់នៅពេលណានោះទេ ហើយលោកក៏មិនដែលស្គាល់បុគ្គលដើមបណ្តឹងឈ្មោះ គង់ សុភ័ក្រ្ក នោះដែរ។

បើតាមលោក ប៉ាវ ស៊ីណា សព្វថ្ងៃលោកកំពុងជាប់បណ្តឹងចំនួន២ ដោយលោកថាមួយជាប់ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅផ្លូវវេងស្រេងកាលដើមឆ្នាំ២០១៤ និងបណ្តឹងមួយទៀតទាក់ទងនឹងបទញុះញង់ឲ្យមានអំពើហិង្សានៅមុខរោងចក្រ Agile Sweater ក្នុងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០១៦៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩