ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់

(ប្រភពពីហ្វេសប៊ុក)

ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួកគេអះអាងថាអាជ្ញាធរយកដីពលរដ្ឋដែលពួកគេកំពុងអាស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។

ប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិជាង២០គ្រួសារបានលើកគ្នាតវ៉ានៅចំណុចដីមានជម្លោះស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដើម្បីទាមទារឲ្យអាជ្ញាធរប្រគល់ដីជូនពលរដ្ឋវិញនិងបញ្ឈប់ការឈូសឆាយជាបន្ទាន់។

ប្រជាពលរដ្ឋម្នាក់ដែលអះអាងថាធ្វើកសិកម្មលើដីនោះតាំងពីឆ្នាំ១៩៩១ អ្នកស្រី ម៉ៅ រិនឌី ប្រាប់វីអូឌីតាមទូរស័ព្ទថាអាជ្ញាធរភូមិឃុំ ថាដីរបស់ពលរដ្ឋទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋ ហើយអាជ្ញាធរបែរជាសហការគ្នាយកដីទាំងនោះទៅលក់ទៅវិញ។ អ្នកស្រីបន្ថែមថាអាជ្ញាធរកំពុងតែឲ្យក្រុមហ៊ុនចិនដាក់គ្រឿងចក្រឈូសឆាយនិងកាយយកដីរបស់ពលរដ្ឋទៀតផង។

អ្នកស្រីលើកឡើងថា៖ ខ្ញុំកំពុងតែដាំឈូករាល់ឆ្នាំមិនដែលខានសោះធ្វើមករហូត ខ្ញុំធ្វើដល់សព្វថ្ងៃរហូតដល់គេកាយឈូក និងផ្ទះរបស់ខ្ញុំនៅក្នុងដីដំណាំហ្នឹងទៀត។ ប្រធានភូមិដឹងលឺថាដីហ្នឹងជាដីរបស់ខ្ញុំដែរ ព្រោះបានយកលុយពីម្ដាយខ្ញុំអស់៣ជី តាំងពីជំនាន់ចាយកាក់ ប៉ុន្តែអាងតែបងប្អូនថាមិនបាច់ធ្វើប្លង់ក៏បានដែរ។ មេឃុំចាស់ល្អណាស់ ដល់តែមកមេឃុំថ្មីហ្នឹងមកឃុបឃិតគ្នាយកដីរបស់ខ្ញុំលក់អស់អាលីង

ពលរដ្ឋម្នាក់ទៀតលោក ចាប សុឃីម បានឲ្យដឹងថាអាជ្ញាធរឃុំបានរៀបចំឯកសារប្រមូលស្នាមមេដៃប្រជាពលរដ្ឋក្រោមរូបភាពជាការបញ្ជាក់ម្ចាស់កម្មសិទ្ធិដីធ្លី ហើយបែរជាយកមេដៃទាំងនោះទៅក្លែងថាពលរដ្ឋយល់ព្រមលក់ដីនោះទៅវិញ។ លោកបន្ថែមថាការតវ៉ានេះគឺដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់ដីមកឲ្យពលរដ្ឋវិញឬក៏ផ្ដល់ជាប្រាក់សំណង់ពីការលក់នោះមកវិញ។

ប្រជាពលរដ្ឋអះអាងថាពួកគេបានកាន់កាប់ដីជាប់មាត់បឹងតាមផ្លូវជាតិ៦អា ក្នុងមួយគ្រួសារមានទំហំក្បាលដីចាប់ពី១០ម៉ែត្រឡើងទៅនិងបណ្ដោយជាង១០០ម៉ែត្រក្រោយឆ្នាំ១៩៧៩មកម្លេះ។

មេឃុំឬស្សីជ្រោយលោក អ៊ំ ឈុនស្រេង បានបដិសេធថាអាជ្ញាធរមិនមានការយកដីរបស់ប្រជាពលរដ្ឋទៅលក់នោះទេ ចំណែកឯការឈូសឆាយកាយយកដីនោះគ្រាន់តែជាការស្ដារបឹងនិងធ្វើផ្លូវឡើងវិញប៉ុណ្ណោះ។ លោកបន្ថែមថាពលរដ្ឋខ្លះបានលក់ដីរបស់ខ្លួនហើយបែរជាមកទាមទារដីនោះវិញទៀត។

លោកមានប្រសាសន៍ថា៖ខ្ញុំឲ្យគាត់ទៅបំភ្លឺតែបែជាគាត់ទៅបំភ្លឺបែជាទៅទាមទារដីហ្នឹងលក់ម្ដងទៀត ដល់យើងយកឯកសារមកដីហ្នឹងគាត់លក់ឲ្យគេអស់ហើយមានឯកសាររបស់គេត្រឹមត្រូវ។ ជីតា ឪពុកលក់មកឥឡូវកូនមកតវ៉ា វាមិនដែលមានអញ្ចឹង ឪពុកម្ដាយលក់អស់ហើយ។ ខ្ញុំឡើងមកថ្មីចែសនេះសុទ្ធតែរឿងចាស់ ហើយមកចោទខ្ញុំម៉េចយើងនិយាយគ្នាឲ្យហើយ ហ៊ានតែមកចោទខ្ញុំថាសញ្ញេលក់ដីលក់អីអត់មានភស្ដុតាងទទួលខុសត្រូវខ្លួនឯង

លោកមេឃុំបន្ថែមថាលោកនឹងហៅប្រជាពលរដ្ឋដែលតវ៉ានោះឲ្យចូលរួមក្នុងការដោះស្រាយឲ្យបានច្បាស់លាស់នៅថ្ងៃស្អែក។

នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ មានប្រសាសន៍ថាជម្លោះដីធ្លីនោះ លោកបានចុះធ្វើការសង្កេតមើលដែរ តែលោកថាមិនទាន់ដឹងច្បាស់លាស់ពីប្រវត្តិច្បាស់លាស់នៅឡើយ។ តែលោកបន្ថែមថាលោកនឹងបន្តពិនិត្យនិងតាមដានដំណោះស្រាយរបស់អាជ្ញាធរលើករណីនេះបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ