របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជា​ប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់

អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជាប្រសើរជាងប្រទេសទាំងអស់ជាសមាជិកអាស៊ាន តែសេរីភាពនេះស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។

នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។

អង្គការអ្នករាយការណ៍គ្មានព្រំដែនចាត់កម្រិតនៃស្ថានភាពសារព័ត៌មានជា៥កម្រិតគឺស្ថានភាពល្អ ស្ថានភាពដែលអាចទទួលយកបាន កម្រិតមានបញ្ហាគួរឲ្យកត់សម្គាល់ ស្ថានភាពអាក្រក់ និងស្ថានភាពអាក្រក់ខ្លាំង ។ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសឥណ្ឌូនេស៊ី(ទទួលចំណាត់ថ្នាក់១៣០) ថៃ(១៣៦) មីយ៉ាន់ម៉ា(១៤៣) ហ្វីលីពីន(១៣៨) ម៉ាឡេស៊ី(១៤៦) សិង្ហបុរី(១៥៤)និងព្រុយនេ(១៥៥)ឡាវ(១៧៣)និងវៀតណាម(១៧៥)។ កាលពីឆ្នាំមុន កម្ពុជាឈរនៅលំដាប់ល្អជាងប្រទេសហ្វីលីពីន មីយ៉ានម៉ា ម៉ាឡេស៊ី សិង្ហបុរី ឡាវនិងវៀតណាមតែប៉ុណ្ណោះ។ ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ រួមមានប្រទេសហ្វាំងឡង់ ហូឡង់និងន័រវ៉េ។

បើតាមរបាយការណ៍នោះ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ របាយការណ៍បន្តថាការបរិហាកេរ្តិ៍និងការធ្វើឲ្យប៉ះពាល់រូបភាពប្រទេសជាញឹកញយត្រូវបានចោទប្រកាន់។ របាយការណ៍ឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែរៀបចំច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែត។

អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា បានបដិ សេធមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយលោកថាមិនទាន់បានឃើញរបាយការណ៍។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថាសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមិនល្អពេកនិងមិនអន់ពេកនោះទេ បើធៀបនឹង១៨០ប្រទេស។ លោកបន្តថាដើម្បីឲ្យសេរីភាពសារព័ត៌មានល្អប្រសើរជាងនេះ លុះត្រាតែអ្នកសាព័ត៌មាននិងរដ្ឋាភិបាលអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពចាស់ទុំ។ លោកមានប្រសាសន៍ថា៖ ”ទំាងសារព័ត៌មាន ទំាងរដ្ឋាភិបាល ទំាងអស់ឲ្យចាស់ទុំ មានន័យថាឲ្យយល់គ្នាទៅវិញទៅមក ហើយការសរសេររបស់យើងឲ្យគោរពតាមវិជ្ជាជីវៈមិនមានបញ្ហាទេ។ កន្លងមកមានសារព័ត៌មានរបស់យើងមួយចំនួនតូចគឺថាធ្វើឲ្យវាមិនបានគោរពតាមវិជ្ជាជីវៈនៃក្រមសីលធម៌បានល្អ អញ្ចឹងហើយបានធ្វើឲ្យមានការប្រទំាងប្រទើសនៅក្នុងការផ្សាយរបស់ខ្លួនវាធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ឬមួយក៏គាត់យកទៅមិនបានគ្រប់ជ្រុងជ្រោយ។ ដោយឡែកខាងអាជ្ញាធរ ពេលខ្លះគាត់អត់ទាន់បានយល់ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន គាត់យល់ថាអ្នកសារព័ត៌មានគឺសរសេរខុស សរសេរអី គាត់មានការប្តឹង ប៉ុន្តែគាត់មិនបានយោងទៅលើច្បាប់សារព័ត៌មានថាត្រូវឲ្យកែតម្រូវសិន មុននឹងគាត់ប្រតិកម្មប្តឹង”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៦ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាពិតនិងកម្ពុជាលើបណ្តាញសារព័ត៌មានខុសគ្នា ដោយលោកបានរិះគន់សារព័ត៌មាននិងអ្នកនយោបាយមួយចំនួនថាសរសេរនិងនិយាយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា។  លោកមានប្រសាសន៍ថា៖ “ប៉ុន្តែនេះដោយសារវាជាកម្ពុជាពិត ទើបខ្ញុំនិយាយលេងសើច។ បើសិនជាកម្ពុជាលើទំព័រលើសារព័ត៌មាន គឺយើងគ្មានឱកាសនឹងលេងសើចទេ ព្រោះវាជាឋាននរកលោកិយរបស់អ្នកនយោបាយខ្លះដែលដើរសំអុយកេរ្តិ៍ឈ្មោះកម្ពុជា ស្របនឹងសារព័ត៌មានដែលមិនសុចរិតភាព តែហ្នឹងជាសិទ្ធិបញ្ចេញមតិរបស់គេទេ”ដោយ ស៊ុន ណារិន និងណាត សុភាព

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩