សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៤រូប ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីពួកគេតវ៉ាទាមទារប្រឆាំងរដ្ឋាភិបាលយោធាករណីតុលាការឃុំខ្លួនអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់របស់គណបក្សភឿថៃ។
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wattana Muangsuk ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីសប្តាហ៍មុនបន្ទាប់ពីលោកបានរិះគន់សេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅលើប្រព័ន្ធផ្សព្វផ្សាយនានា។ នេះបើតាមសារព័ត៌មាន BBC។
ក្រោយការឃុំខ្លួនអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាតវ៉ាប្រឆាំងការចាប់ខ្លួននោះ ដោយពួកគេទាមទារឲ្យមានការដោះលែងជាបន្ទាន់ ដែលបច្ចុប្បន្នអតីតរដ្ឋមន្ត្រីនោះកំពុងជាប់ឃុំនៅខេត្តភាគខាងលិចនៃប្រទេសគឺនៅខេត្ត Kanchanaburi។
រដ្ឋាភិបាលយោធាថៃបានសន្យាថានឹងរៀបចំរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេសនេះក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញនោះបានព្រាងរួចរាល់កាលពីខែមុន។ តាមគម្រោងសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនឹងដាក់ធ្វើប្រជាមតិនៅថ្ងៃទី៧ខែសីហាខាងមុខនេះ៕