អាជ្ញាធរ​ថា​ ពលរដ្ឋក្រុងសិរីសោភ័ណទាំងមូល​ប្រ​ឈម​ខ្វះទឹកស្អាតប្រើ​ប្រាស់នៅប៉ុន្មានថ្ងៃខាងមុខ

អាជ្ញាធរខេត្តបន្ទាយមានជ័យឲ្យដឹងថា ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណជាង១សែននាក់នឹងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់នៅប៉ុន្មានថ្ងៃខាងមុខទៀត ប្រសិនបើគ្មានភ្លៀងធ្លាក់ទាន់ពេលវេលា ចំណែកពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តនេះក៏នឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ មានប្រសាសន៍ប្រាប់វីអូឌី(VOD)តាមទូរស័ព្ទថា ក្នុងក្រុងសិរីសោភ័ណមានប្រជាពលរដ្ឋរស់នៅប្រហែលជា១សែន៣ម៉ឺននាក់ ដោយប្រើប្រាស់ទឹកជាមធ្យមពី៥ទៅ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកឲ្យដឹងទៀតថា បើសិនជាមិនមានភ្លៀងធ្លាក់ទាន់ពេលវេលាទេ ក្នុងរយៈពេល៧ទៅ១០ថ្ងៃខាងមុខ ប្រជាពលរដ្ឋក្នុងក្រុងមួយនេះនឹងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់។

លោកបន្តថា ប្រភពទឹកសំខាន់សម្រាប់ក្រុងសិរីសោភ័ណគឺស្ទឹងសិរីសោភ័ណ តែលោកថាស្ទឹងនេះបានរីងហួតស្ទើរគ្មានទឹកទៅហើយ។

លោកបន្ថែមថា៖ “យើងប្រើអាទឹកស្ទឹងហ្នឹងឯង យើងខិតខំប្រឹងកាយប្រមូលអាទឹកហ្នឹងដើម្បីបូមឡើងទៅស្ថានីយ៍ទឹក ទឹកស្អាត គ្មានទឹកឯណាទេ”។

លោក សួន បវរ ឲ្យដឹងទៀតថា អាជ្ញាធរកំពុងពិនិត្យប្រភពទឹកពីខេត្តជិតខាងដូចជាបាត់ដំបង ដោយថាក្រែងអាចនាំប្រភពទឹកទៅកាន់ក្រុងសិរីសោភ័ណបាន។ ទោះយ៉ាងណា លោកថាបើសិនជាមិនមានប្រភពទឹកពីខាងក្រៅខេត្តទេ លោកថាអាជ្ញាធរនឹងជីកអណ្តូងសម្រាប់ពលរដ្ឋប្រើប្រាស់ជាសាធារណៈ។  លោកបន្តថា៖ “ហើយឥឡូវនេះយើងកំពុងទៅពិនិត្យមើលទឹកនៅបវេល (ស្ទឹងបវេលក្នុងខេត្តបាត់ដំបង) ក្រែងអាចបូមទម្លាក់បាន។ ខ្ញុំកំពុងធ្វើដំណើរទៅបវេល ទៅសុំគេ ប៉ុន្តែបើមើលតាមផ្លូវស្ទឹងបវេលក៏រីងអស់ដែរ”។

បើតាមលោក សួន បវរ ស្រុកមួយចំនួននៅក្នុងខេត្តនេះរួមមានអូជ្រៅ ថ្មពួក មង្គលបុរី និងស្រុកភ្នំស្រុក ក៏ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ផងដែរ។

វីអូឌី(VOD)មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា ទាក់ទងនឹងការអូសបន្លាយពីភាពរាំងស្ងួតនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ទោះជាយ៉ាងណា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម លោក ប៊ុន ហ៊ាន ប្រាប់វីអូឌីនៅដើមសប្តាហ៍នេះថា បាតុភូតធម្មជាតិបានធ្វើឲ្យអាកាសធាតុក្តៅហួតហែងខ្លាំងនិងមានភ្លៀងធ្លាក់តិចតួច ដោយថាធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលប្រឈមនឹងការខ្វះខាតទឹក។

លោកបន្ថែមថា៖ “ចំាបាច់ត្រូវតែជួយ ប្រសាសន៍របស់សម្តេចនាយកគាត់ឲ្យមើលទឹកហ្នឹង ជាក់ស្តែងមានមន្ទីរនៅជាមួយចៅហ្វាយខេត្តផ្ទាល់ គ្រាន់តែបូកដឹកជញ្ជូនទៅតាមហ្នឹង បានន័យថាមានមន្ទីរគេនៅតាមគ្រប់ខេត្តគេមើល”។

គួររំឭកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះក៏បានអំពាវនាវឲ្យប្រជាកសិករធ្វើស្រូវប្រាំងតែមួយលើកផងដែរ ដោយលោកថាដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ខណៈកម្ពុជាកំពុងជួបបញ្ហាគ្រោះរាំងស្ងួត។

គួរបញ្ជាក់ថា នៅប្រទេសមួយចំនួនដូចជាវៀតណាម ថៃ ភីលីពីន និងឥណ្ឌា ជាដើមនោះកំពុងប្រឈមបញ្ហាគ្រោះរាំងស្ងួតដូចកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ