រដ្ឋាភិបាលថានឹងរៀបចំផ្ដល់លិខិតឆ្លងដែនទៅដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃនៅដើមខែសីហាឆ្នាំ២០១៦ ដើម្បីឲ្យពលករយកទៅបន្តនីតិវិធីស្របច្បាប់ធ្វើការងារនៅគ្រប់ទីកន្លែងក្នុងប្រទេសជិតខាងមួយនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី២០ ខែមេសា ស្ដីពីនីតិវិធីនៃការទទួលបានភាពស្របច្បាប់របស់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ គឺចាប់ពីថ្ងៃទី១ ខែសីហា គណៈកម្មការផ្ដល់ភាពស្របច្បាប់នឹងចាប់ផ្ដើមបើកផ្ដល់លិខិតឆ្លងដែនឬលិខិតធ្វើដំណើរនិងប័ណ្ណពលករកម្ពុជា ដើម្បីយកទៅបន្តនីតិវិធីស្របច្បាប់នៅតាមច្រកចេញចូលតែមួយឬមន្ទីរការងារថៃគ្រប់ទីកន្លែង។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាកន្លងមកមានតែពលករដែលកាន់ប័ណ្ណស៊ីជម្ពូដែលចេញដោយក្រុមហ៊ុនចុះបញ្ជីការងារនៅប្រទេសថៃ ទើបអាចសុំលិខិតស្របច្បាប់ធ្វើការងារបាន។ លោកបន្ថែមថាការផ្ដល់លិខិតឆ្លងដែននិងឯកសារពាក់ព័ន្ធនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរដែលធ្វើការគ្រប់ទីកន្លែងក្នុងប្រទេសថៃអាចទទួលបានលិខិតស្របច្បាប់ពីមន្ទីរការងារថៃទាំង៧៧កន្លែងទូទាំងប្រទេស។
លោកមានប្រសាសន៍ថា៖ “យើងអាចនឹងចាប់ផ្ដើមធ្វើការជាមួយនឹងមន្ទីរការងារថៃ បើកផ្ដល់លិខិតឆ្លងដែននិងឯកសារផ្សេងៗទៀតដើម្បីឲ្យបងប្អូនយកសំណុំឯកសារទាំងនេះទៅធ្វើភាពស្របច្បាប់នៅមន្ទីរការងារថៃតែម្ដង។ ពីព្រោះដើម្បីទទួលបានភាពស្របច្បាប់មានលក្ខណៈតម្រូវមួយចំនួន ទីមួយបងប្អូនត្រូវស្នើសុំដកពាក្យលិខិតឆ្លងដែនពីអាជ្ញាធរកម្ពុជាយើងពីច្រកចេញចូលតែមួយរបស់ថៃ អាហ្នឹងនាពេលកន្លងមក។ តែឥឡូវយើងបន្ថែមមួយទៀតមិនមែនត្រឹមតែច្រកចេញចូលតែមួយទេ គឺស្នើសុំឲ្យមន្ទីរការងារថៃហ្នឹងក៏មានសិទ្ធិទទួលយកសំណុំពាក្យពីបងប្អូនពលករយើង”។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ខាងមុខ ពលករដែលនឹងទទួលបានភាពស្របច្បាប់នោះ ត្រូវបង់កម្រៃសេវាផ្លូវការដែលមានការឯកភាពដោយភាគីថៃនិងកម្ពុជាដែលមានបិទផ្សាយនៅតាមច្រកចេញចូលតែមួយឬមន្ទីរការងារថៃចំនួន៧៧កន្លែង។
នាយកប្រតិបត្តិនៃអង្គការខារ៉ាមកម្ពុជាលោក យ៉ា ណាវ៉ុធ បានសាទរចំពោះការរៀបចំឲ្យមានការផ្ដល់លិខិតឆ្លងដែនដើម្បីឲ្យពលករទទួលបានភាពស្របច្បាប់ទៅធ្វើការនៅទីនោះ។ លោកបន្ថែមថាកន្លងមកពលករកម្ពុជាជួបការលំបាកច្រើនក្នុងការទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ព្រោះពួកគេត្រូវចំណាយប្រាក់ច្រើនតាមរយៈមេខ្សល់ឬក៏ក្រុមហ៊ុនជាដើម។
លោកបន្ថែមថា៖ “បញ្ហាទីមួយគឺគាត់ទៅតាមមេខ្សល់ឬក៏អ្នកនាំគាត់ទៅ ដើម្បីទទួលបានប័ណ្ណទាំងអស់ហ្នឹង អញ្ចឹងមេខ្សល់គាត់ត្រូវការយកកម្រៃ ហើយអាកម្រៃដែលធ្វើហ្នឹងវាខ្ពស់ជាងតម្លៃដែលបង់ស្របច្បាប់។ អ្នកខ្លះទៀតក៏អាចធ្លាក់ទៅក្នុងអំពើជួញដូរមនុស្សដែរ គេយកទៅធ្វើគេសន្យាថាគេរៀបចំស្របច្បាប់ ហើយវាអត់មានប័ណ្ណអនុញ្ញាតការងារ ហើយយើងទៅដល់ប្រទេសថៃទៅហើយ អាហ្នឹងដែលប្រឈមនឹងច្បាប់អន្តោរប្រវេសន៍ប្រទេសថៃ”។
លោកក៏ជំរុញឲ្យរដ្ឋាភិបាលធ្វើការត្រួតពិនិត្យនិងសហការគ្នាឲ្យបានត្រឹមត្រូវជាមួយអាជ្ញាធរថៃ ចំពោះការយកកម្រៃពីការផ្ដល់សេវាធ្វើលិខិតស្របច្បាប់នោះ។
បើតាមការឲ្យដឹងពីក្រសួងការងារ ការធ្វើជំរឿននៅខែមិថុនា ឆ្នាំ២០១៥ ពលករខ្មែរនៅក្នុងប្រទេសថៃមានចំនួន៤៥ម៉ឺននាក់ ដែលធ្វើការនៅក្នុងវិស័យកសិកម្ម ឧស្សាហ៍កម្ម និងនេសាទ៕