មាស សុខសោភា ទទូច​​ឲ្យ​​​ជួយ​គាំទ្រភាព​យន្តខ្មែរ

មាស សុខសោភា នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង»

នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង» កាលពីល្ងាចថ្ងៃទី២០ ខែមេសា នៅផ្សារស្ទឹងមានជ័យ តារាចម្រៀង មាស សុខសោភា បានបង្ហាញខ្លួននៅលើវេទិកា ក្រោមសំឡេងគាំទ្រយ៉ាងណែនតាន់តាប់ ព្រមជាមួយនឹងបទចម្រៀងនិពន្ធថ្មីដែលផលិតកម្ម Red Picture និពន្ធឲ្យ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនាងបានទទូចឲ្យអ្នកគាំទ្រភាពយន្តបរទេសជួយងាកមកគាំទ្រភាពយន្តខ្មែរឲ្យបានច្រើនជំនួសវិញ ដើម្បីកុំឲ្យភាពយន្តខ្មែរ និងផលិតករខ្មែរពើបប្រទះនឹងដង្ហើមចង្រិតនៅពេលណាមួយ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាងបានថ្លែងប្រាប់ថា ភាពយន្តនៅកម្ពុជាដ្បិតថានៅតែមានកម្រិត តែបើមិនមានពលរដ្ឋខ្លួនឯងគាំទ្រឲ្យបានច្រើនជាងមុន គឺមិនអាចស្ទុះឡើងដូចបណ្ដាប្រទេសផ្សេងៗនោះឡើយ។ នាងនិយាយថា៖ “ខ្ញុំនៅតែយល់ឃើញថាពលរដ្ឋខ្មែរនៅតិចនៅឡើយចូលចិត្តភាពយន្តខ្លួនឯង។ ខ្ញុំទទួលស្គាល់ថាអ្នកផលិតភាពយន្តខ្លះគាត់ធ្វើរឿងអត់ល្អ ទើបធ្វើឲ្យអ្នកផលិតភាពយន្តល្អៗក៏នៅតែពិបាកទទួលបានការគាំទ្រ ប៉ុន្តែសរុបជារួមបើយើងម្នាក់ៗនៅតែគិតអ៊ីចឹង ហើយមិនជួយលើកទឹកចិត្តផលិតករ ដើម្បីឲ្យផលិតករគាត់បានចំណេញដើម្បីពង្រីកគុណភាព គឺវានៅតែប៉ុណ្ណឹង”

តារាចម្រៀងល្បីឈ្មោះរូបនេះបន្តថា ភាពយន្តរបស់ខ្មែរមិនអាចប្រដូចនឹងភាពយន្តបរទេសបានទេ ដោយសារតែរឿងរបស់បរទេសចំណាយទុនខ្ពស់ ហើយអ្នកទស្សនារបស់គេក៏ច្រើនដែលធ្វើឲ្យមើលឃើញពីផលចំណេញ។ នាងបន្ថែមថា៖ “ការពិតមានរឿងខ្មែរខ្លះគឺគាត់ផលិតល្អមែនទែន ហើយចំណាយទុនក៏ខ្ពស់ដែរ ប៉ុន្តែរឿងទាំងហ្នឹងនៅតែអត់សូវជោគជ័យទេ ដោយសារតែយើងខ្លួនឯងហាក់អត់មានទំនុកចិត្តចំពោះខ្លួនឯង ហើយចូលចិត្តតែគាំទ្ររឿងបរទេស។ ដូច្នេះខ្ញុំថាមានការបរិច្ចាគ និងគាំទ្រទាំងអស់គ្នាប៉ុណ្ណោះ ព្រោះបើផលិតករគាត់ចំណេញគាត់មានដើមទុន គាត់ពិតជាធ្វើរឿងកាន់តែល្អហើយ”

មាស សុខសោភា បានឲ្យដឹងដែរថា ហេតុផលដែលនាំឲ្យនាងបង្ហាញខ្លួននៅក្នុងវេទិកាសម្ពោធរឿង «ទង់ព្រលឹង» ដែលមានការចូលរួមយ៉ាងច្រើនកុះករដោយតួអង្គល្បីឈ្មោះនោះ គឺដោយសារតែនាងត្រូវបានផលិតកម្មRed Picture ជ្រើសឲ្យច្រៀងបទ «ទង់ព្រលឹង» និងជាបទដែលនាងយល់ថាជាស្នាដៃរបស់កូនខ្មែរ ហើយមានអត្ថន័យ និងបទភ្លេងល្អ។

លោក ឌៀប សុវណ្ណារ៉ា ផលិតកររឿង «ទង់ព្រលឹង»
លោក ឌៀប សុវណ្ណារ៉ា ផលិតកររឿង «ទង់ព្រលឹង»

លោក ឌៀប សុវណ្ណារ៉ា ផលិតកររឿង «ទង់ព្រលឹង» បានអះអាងថា ផលិតករខ្មែរបើទោះជាចង់សម្រិតសម្រាំងស្នាដៃរបស់ខ្លួនប៉ុណ្ណាក៏ដោយ ក៏មិនហ៊ានបោះទុនឲ្យលើសពី១០ម៉ឺនដុល្លារនោះដែរ។ លោកថា វិស័យភាពយន្តខ្មែរ ដ្បិតថាមើលទៅល្អប្រសើរជាងប៉ុន្មានឆ្នាំមុន ប៉ុន្តែបើនិយាយពីអ្នកទស្សនារឿងខ្មែរ គឺមានតែដដែលប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ។ ជាក់ស្ដែងលោកថាខ្សែរឿងទី១គឺរឿង «ភូមិអត់មនុស្ស» ដែលលោកយល់ថាកើបលុយបានច្រើនបំផុត ក៏បានត្រឹមតែ៣០ម៉ឺនដុល្លារចែកគ្នាជាមួយម្ចាស់រោងពាក់កណ្ដាលម្នាក់។

លោក ឌៀប សុវណ្ណារ៉ា បន្តថា កម្រៃចំណូល១៥ម៉ឺនដុល្លារ បើទូទាត់ជាមួយថ្លៃដើមផលិត និងការចំណាយផ្សេងៗគឺចំណេញតិចបំផុត។ សម្រាប់ខ្សែរឿង «ទង់ព្រលឹង» ដែលលោកបញ្ជាក់ថាជារឿងដែលមានសាច់រឿងប្រទាក់ក្រឡានឹងរឿង «ភូមិអត់មនុស្ស» នេះ គឺគ្រាន់តែចំណាយផលិតដល់៨ម៉ឺនដុល្លារទៅហើយ ដោយមិនទាន់រាប់បញ្ចូលការបំពាក់នូវសម្ភារដូចជាកាមេរ៉ា និងឧបករណ៍ថតនោះផង។

ផលិតកររូបនោះបន្ថែមថា ខ្សែរឿងទី២ដែលសម្រេចដាក់បញ្ចាំងនេះរំពឹងត្រឹមតែបាន១៥ម៉ឺនដុល្លារពីការចែកគ្នាជាមួយម្ចាស់រោងប៉ុណ្ណោះ ទើបលោកថា ផលចំណូលដែលទទូលបានសម្រាប់មួយរឿងៗហាក់រុញឲ្យផលិតករមិនហ៊ានបោះទុនផលិតរឿងតាមអ្វីដែលខ្លួនចង់ធ្វើឲ្យល្អនោះទេ។ លោកទទូចឲ្យមានការគាំទ្រភាពយន្តផលិតក្នុងស្រុកឲ្យបានកាន់តែច្រើនជំនួសឲ្យការចូលចិត្តភាពយន្តបរទេស ប៉ុន្តែលោកក៏ធ្វើការរិះគន់ចំពោះផលិតករមួយចំនួនដែលបានផលិតរឿងមិនល្អ ទើបជាហេតុធ្វើឲ្យអ្នកគាំទ្រភាពយន្តភាគច្រើននៅតែមិនមានទំនុកចិត្តរបស់ផលិតករដែលមានស្នាដៃនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ