អតីតអ្នកថតរូបនៅគុកទួលស្លែងថាមិនដែលឃើញការសម្លាប់នៅគុកទួលស្លែងនោះទេ

លោក ញ៉ែម អេន ជាអ្នកថតរូបម្នាក់ក្នុងចំណោម៦នាក់ដែលបាន​ថតរូបអ្នកទោសនៅ​គុកទួលស្លែងក្នុងរបប​ខ្មែរ​ក្រហម(រូបថតពីECCC)

សាក្សីជាអតីតអ្នកថតរូបនៅគុកទួលស្លែង លោក ញ៉ែម អេន អាយុ៥៥ឆ្នាំ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់អង្គសវនការថាលោកមិនដែលឃើញការសម្លាប់មនុស្សនៅក្នុងគុកទួលស្លែងនោះទេ។

លោក ញ៉ែម អេន ជាអ្នកថតរូបម្នាក់ក្នុងចំណោម៦នាក់ដែលបានថតរូបអ្នកទោសនៅគុកទួលស្លែងក្នុងរបបខ្មែរក្រហម។ ឆ្លើយតបនឹងសំណួររបស់លោក វិចទ័រ កុបប៉េ ដែលជាសហមេធាវីការពារក្ដីអន្ដរជាតិ លោក នួន ជា សាក្សីជាអ្នកថតរូបមានប្រសសន៍ថាលោកមិនដែលឃើញការសម្លាប់នៅក្នុងគុកទួលស្លែងនោះទេ តែលោកថាបានឃើញការធ្វើទារុណកម្មនៅទីនោះ។

សាក្សីបានរៀបរាប់ទៀតថាលោកបានថតរូបថតសន្លឹកនៅគុកទួលស្លែងនៅចន្លោះនៅឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ តែមិនមែនវីដេអូឬខ្សែអាត់សំឡេងនៅអំឡុងពេលនោះទេ។ មេធាវីបានសួរសាក្សីថាតើរូបថតដែលបានថតនៅក្នុងគុកទួលស្លែងមានតែចន្លោះពី៥ពាន់ទៅ៦ពាន់រូបសន្លឹកឬយ៉ាងណា សាក្សីជាអ្នកថតរូបនោះបានបញ្ជាក់ថាមិនពិតនោះទេ ដោយថា”មានច្រើនណាស់”ដែលអត់បានថតរូបអ្នកទោសនៅទីនោះ។

សាក្សីលោក ញ៉ែម អេន បន្ថែមថាលោកត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិសម័យកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន បានឲ្យរូបលោកទៅសិក្សានៅប្រទេសចិន ដើម្បីរៀនពីការថតរូប។ លោកបន្ថែមថាលោកបានចាប់ផ្តើមស្គាល់លោកកាំង ហ្កេកអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែង នៅក្រោយឆ្នាំ១៩៧៦ ពេលលោកត្រឡប់ពីប្រទេសចិនវិញ។

សាក្សីរូបនោះឲ្យដឹងទៀតថានៅម៉ោង៤ទៅ៥ទៀបភ្លឺ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោកបានកប់ម៉ាស៊ីនថតចំនួន៣៣៥គ្រឿងនៅគុកទួលស្លែង នៅពេលដឹងថាប៉ុលពតបានចាញ់សង្រ្គាមជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១២ តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមប្រកាសសាលដីកាជាស្ថាពរឲ្យលោកកាំង ហ្កេកអ៊ាវ ហៅឌុច ជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើមនុស្សឃាតនិងការធ្វើទារុណកម្ម ដែលមានមនុស្សជាង១២០០០នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងគុកទួលស្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ